សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម កែ គឹមយ៉ាន កំពុងមានវត្តមានដឹកនាំបញ្ជាការជួយពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអញ្ជើញដល់កន្លែង កើតហេតុការណ៍ នៃគ្រោះអគ្គិភ័យ ឆាបឆេះកាស៊ីណូ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីដឹកនាំបញ្ជាការជួយពន្លត់អគ្គិភ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់គណកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ១០នាក់ និងរងរបួសជាង ៥០នាក់ ហើយសមត្ថកិច្ចចម្រុះកម្ពុជា ថៃ កំពុងបន្តរុករកបន្ថែមទៀត។

សូមជម្រាបថា ចាប់តាំងពីម៉ោង១១អាធ្រាតយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ម៉ោង ១១:០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងចម្រុះ កម្ពុជា សហការជាមួយកម្លាំងអន្តរាគមន៍របស់ព្រះរាជាណាចក្រថៃ បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club និងជួយសង្រ្គោះមនុស្សជាប់គាំងក្នុងអគារ ដែលមានទីតាំង ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងអគារដែលអគ្គិភ័យឆាបឆេះ មានបុគ្គលិក បម្រើការ ងារជនជាតិខ្មែរ និងបរទេស មួយចំនួនត្រូវជម្លៀសចេញដោយសុវត្ថិភាព និងមាននៅជាប់គាំងក្នុងអគារមួយចំនួនផងដែរ។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ បានប្រើប្រាស់កម្លាំងកងសង្រ្គោះ៧១១ សហការជាមួយកម្លាំងរបស់ព្រះរាជាណាចក្រថៃ កំពុងដុតដៃដុតជើងធ្វើការសង្គ្រោះ មនុស្សដែលជាប់គាំងក្នុងអគារបានជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner