គណប្រតិភូយុវជនគណបក្សប្រជាជន អញ្ជើញសួរសុខទុក្ខ ចាស់ព្រឹទ្ធាចារ្យ ជាឥស្សរជនគណបក្ស ដែលបានតស៊ូរួមចំណែក កសាងជាតិ និងសន្តិភាព នៅកម្ពុជា

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាក្រសួងការពារជាតិ ដែលចូលនិវត្តន៍ ដល់គេហដ្ឋាន នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន មានក្តីរំភើបយ៉ាងខ្លាំង និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ប្រធានគណបក្ស និងឯកឧត្តមលោកជំទាវដែលជាថ្នាក់ដឹកនាំគណបក្ស។

ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន ក៏បានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ បានចូលបម្រើការងារនៅក្រសួងការពារប្រទេស ផ្នែកកងទ័ពអាកាស ហើយទទួលបានដំណែងជាអនុប្រធានមន្ទីរកងទ័ពអាកាស ជាស្នងការរង ជាស្នងការការពារអាកាសចរណ៍ ជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន (បច្ចុប្បន្នជាទីប្រឹក្សាក្រសួងការពារជាតិ)។

ឯកឧត្តម ក៏បានលើកឡើងផងដែរថា យុវជនជំនាន់មុនបានយកជីវិតធ្វើជាដើមទុនដើម្បីបុព្វហេតុប្រជាជន និងប្រទេសជាតិ ដើម្បីសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះស្មើមុខមាត់ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយុវជនជំនាន់ក្រោយក្រៅពីបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន ត្រូវប្រកាន់ខ្ជាប់នូវចំណុច២សំខាន់៖

១.ត្រូវខិតខំបន្តការរៀនសូត្រ យកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។
២.ពង្រឹងឆន្ទៈស្នេហាជាតិ សាមគ្គីជាតិរបស់យុវជនជំនាន់ក្រោយឱ្យបានកាន់តែខ្លាំងក្លា។

ក្នុងឱកាសនោះដែរ គណប្រតិភូយុវជនគណបក្សប្រជាជន បានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន និងជូនពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner