សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ ពន្ធដារ និងពន្ធគយ ប្រមូលចំណូលលើសផែនការជាង ២៥ភាគរយ
កំពត៖ នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២នេះ ការប្រមូលចំណូលពន្ធដារ និងគយ បានជាង ៦ពាន់លានដុល្លារ ពោល គឺលើសពីផែនការជាង ២៥ភាគរយ។
សម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៣ ៤៣៧លានដុល្លារ ស្មើនឹង ១២១,៩៣ភាគរយ។ ចំណែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបាន ២ ៦៧០លានដុល្លារ ស្មើនឹង ១០៤,១៥ភាគរយ ។
សម្តេច ថា៖ នេះមិនទាន់គិតពីចំណូលមិនមែនសារពើពន្ធដែលឆ្នាំនេះជឿថាវាកើន។ ពីព្រោះគ្រាន់តែភ្ញៀវទេសចរ ២លាននាក់ យើងនឹងមានប្រាក់ ៦០លានដុល្លារ។
សម្តេចតេជោបានបញ្ជាក់ទៀតថា ចំណូលពន្ធដារ និងពន្ធគយ ដែលរាជរដ្ឋាភិបាល សម្រេចបាន គឺសម្រាប់ផ្តល់ឱកាសឱ្យរដ្ឋាភិបាលអាចវិនិយោគលើផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងទៅលើថវិកាបដិភាគនៃគម្រោងដែលបរទេសជួយមកកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តគាំទ្រផ្នែកប្រមូលពន្ធដារ និងពន្ធគយប្រកបដោយប្រសិទ្ធភាព ។
សូមជម្រាបថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២ ២៩៤លានដុល្លារ ដែលស្មើនឹង ៩៧,១ភាគរយ នៃផែនការ ខណៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២ ២៤៣លានដុល្លារលើសផែនការ ២៤,០២ភាគរយ ៕ ដោយ វណ្ណលុក


