កម្ពុជា-រុស្សី ឯកភាពពន្លឿនកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ
ភ្នំពេញ៖ កម្ពុជា និងរុស្សី បានឯកភាពក្នុងការពន្លឿននៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានគិតចាប់តាំងពីឆ្នាំ១៩៩១ មក។ ក្នុងនោះមានឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៧៤ច្បាប់ ដែលបានចុះហត្ថលេខា និងកំពុងអនុវត្ត ប៉ុន្តែនៅសល់ឯកសារ មួយ ចំនួនស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។
ការសន្យារវាងភាគីទាំងពីរនេះ ធ្វើឡើងនាឱកាសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម Anatoly BOROVIKចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។
នាឱកាសនោះឯកឧត្តម Anatoly BOROVIK បានអបអរសាទរ ដល់កម្ពុជា ដែលបានធ្វើជាប្រធានប្តូរវេនទទួលរៀបចំព្រឹត្តិការណ៍ ប្រជុំកំពូលអាស៊ានប្រកបដោយភាពជោគជ័យ ដែលមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្តាប្រទេសអាស៊ាន និងអឺរ៉ុប ជាច្រើនរូបផងដែរ។ លោកបន្តថា ពាក់ព័ន្ធកិច្ចការរៀបចំនេះប្រទេស រុស្សី សូមធ្វើការវាយតម្លៃខ្ពស់ចំពោះការររៀបចំប្រកប ដោយ ជោគជ័យ នេះ ជាពិសេសក្រសួងមហាផ្ទៃ ដែលបានផ្តល់កិច្ចការ ការពារសន្តិសុខ ជូនដល់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសរុស្សី។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឯកឧត្តម BOROVIK បានលើកឡើងថា ភ្នាក់ងារអនុវត្តច្បាប់រុស្សីបានធ្វើការ ងារយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តរបស់កម្ពុជា ដែលក្នុង នោះ មានកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជានៅប្រទេសរុស្សី ក្នុងវិស័យសន្តិសុខផ្សេងៗ ដែលរួម មាន ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេវរកម្ម ការ ប្រឆាំង សកម្មភាពជ្រុលនិយម និងការប្រឆាំងការលាងលុយកខ្វក់ (គ្រីតូ) ផងដែរ។ លោកបានឱ្យដឹងថា នៅឆ្នាំថ្មីខាងមុខនេះ ប្រទេស រុស្សី មានគម្រោងនឹងរៀបចំនូវវគ្គបណ្តុះបណ្តាលថ្មី ព្រមទាំងនឹង ត្រៀមទទួលមន្ត្រីនគររបស់ភាគីកម្ពុជាឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
ជាថ្មីម្តងទៀតឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលកម្ពុជាតែងតែគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ប្រទេសរុស្សី ដែលក្នុងនោះរួមមាន សន្ធិសញ្ញាប្រឆាំងនៃការប្រើប្រាស់បច្ចេក វិទ្យាក្នុងគោលបំណងឧក្រិដ្ឋកម្ម។
ក្នុងន័យនេះឯកអគ្គរដ្ឋទូតបានស្នើដល់កម្ពុជាបន្ថែមកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមាន គិតចាប់តាំងពីឆ្នាំ១៩៩១មក ដែលមានឯកសារនៃកិច្ចសហ ប្រតិបត្តិ ការ ចំនួន៧៤ច្បាប់ដែលបានចុះហត្ថលេខា និងកំពុងអនុវត្ត និងមាន នៅសល់ឯកសារនៃកិច្ចសហប្រតិបត្តិមួយចំនួនទៀត ដែលស្ថិតក្នុង ដំណាក់កាលសិក្សា មិនទាន់បានចុះហត្ថលេខានៅឡើយ។
ផ្អែក តាមការងារដែលនៅសេសសល់នេះលោកឯកអគ្គរដ្ឋទូត ស្នើដល់សម្ដេចក្រឡាហោម ស ខេង ដើម្បីជួយពិនិត្យ និង ពន្លឿនលើកិច្ចការងារទាំងនេះឱ្យបានឆាប់រហ័ស។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរ គុណដល់ប្រទេសរុស្សី ដែលបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា សម្រាប់ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជានាពេលកន្លងទៅថ្មីៗនេះ ហើយក៏អរគុណចំពោះប្រទេសរុស្សីដែល បានជួយ បណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិកម្ពុជា។
ដោយឡែក ចំពោះឯកសារនៃកិច្ចសហប្រតិបត្តិការដែល នៅសេស សល់សម្ដេចក្រឡាហោម បានសន្យានៅចំពោះមុខឯកអគ្គរដ្ឋទូតថា នឹងជំរុញមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណាជំរុញការងារនេះឱ្យមានវឌ្ឍនភាពបានលឿន។
ពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់តាមរយៈរូបិយប័ណ្ណនិម្មិត(គ្រីតូ) វិញ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការប្រើប្រាស់ រូបិយប័ណ្ណនិម្មិតគ្រីតូ ដូចដែលភាគីរុស្សីកំពុងព្រួយបារម្ភ គឺជាបញ្ហា ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រោះជនល្មើសប្រើ វិធី នេះ ដើម្បីលាយលុយកខ្វក់ និងប្រព្រឹត្តបទល្មើសឆ្លងដែន៕
ដោយ៖ឡាយ សាមាន