រុស្ស៊ីវាយប្រហារដោយមីស៊ីលជាង ១០០ គ្រាប់ លើអ៊ុយក្រែនជាថ្មី ខណៈកិច្ចចារចាសន្តិភាពហាក់គ្មានសង្ឈឹម

កៀវ៖ សំឡេងស៊ឺរ៉ែនបន្លឺឡើងតាមបណ្ដាទីក្រុងនានា ទូទាំងប្រទេស អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ក្រោយរុស្ស៊ីបើកការវាយ ប្រហារ ដោយមីស៊ីលជាង ១០០ គ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៩ ខែធ្នូ នេះ។ នេះបើតាមការអះអាងរបស់ទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន។

ការវាយប្រហារចុងក្រោយនេះ បង្កជាការព្រួយបារម្ភកាន់តែខ្លាំង ឡើងពីភាពតានតឹងសង្រ្គាម ដែលអូសបន្លាយអស់រយៈពេលជាង ១០ ខែមកហើយ ស្របពេលដែលកិច្ចចរចាសន្តិភាពហាក់គ្មាន សង្ឃឹម នឹងកោះត្រើយនៅឡើយ។

ទីប្រឹក្សាការិយាល័យប្រធានាធិបតី និងជាអភិបាលតំបន់ Mykolaiv របស់អ៊ុយក្រែន លោក Oleksiy Arestovych បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ «ការវាយឆ្មក់តាមអាកាស ដ៏ធំបានកើតឡើង។ មីស៊ីលជាង ១០០ គ្រាប់ ត្រូវបានបាញ់ ប្រហារ ឡើងជាច្រើនលើក»។

បើតាមអ្នកឆ្លើយឆ្លងសារព័ត៌មានរ៉យទ័រ ក៏ដូចជាការរាយការណ៍ ផ្សេងៗ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការផ្ទុះដោយសារ គ្រាប់ មីស៊ីលជាច្រើន ត្រូវបានគេឮនៅក្រុងដូចជាកៀវ Zhytomyr និងអូដេសា។ ជាមួយគ្នានេះ ការដាច់ភ្លើងក៏ត្រូវបានរាយការណ៍ ពីតំបន់អូដេសា និងតំបន់នីប៉ឺ (Dnipropetrovsk) ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយនេះ ធ្វើឡើង បន្ទាប់ពីក្រុងក្រឹមឡាំងបដិសេធផែនការសន្តិភាពរបស់អ៊ុយក្រែន។ វាក៏កើតឡើងផងដែរ បន្ទាប់ពីលោកខាងលិចច្រានចោលការ លើក ឡើងពីចេតនាចរចារសន្តិភាពរបស់លោកមេដឹកនាំ វ្ល៉ាឌីមៀ ពូទីន ដោយថារុស្ស៊ីធ្វើការឃោសនាខុសពីការពិត ស្របពេលដែលប្រទេស នេះនៅតែបន្តការវាយប្រហាររបស់ខ្លួន។

រាប់ចាប់តាំងពីការឈ្លានពានទូទាំងប្រទេសរបស់រុស្ស៊ីចាប់ផ្ដើមនៅខែកុម្ភៈមក រុស្ស៊ីតែងតែទទូចថា សកម្មភាពយោធារបស់ខ្លួនកំណត់ តែលើគោល ដៅយោធាប៉ុន្តែ។ប៉ុន្តែម្ដងហើយម្ដងទៀត រួមទាំង ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះ បានបំផ្លាញទីក្រុង ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន រាប់តាំងពីថាមពល រហូត ដល់សុខាភិបាល។

កាលពីថ្ងៃពុធ រុស្ស៊ីបានបាញ់ផ្លោងលើមន្ទីរពេទ្យមួយកន្លែងក្នុង ទីក្រុងឃឺរសុន ប៉ុន្តែមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។ នេះបើយោងតាមលោក Kyrylo Tymoshenko អនុប្រធាន បុគ្គលិករបស់លោកប្រធានាធិបតីអ៊ុយក្រែន វ្ល៉ូឌីមៀរ ហ្សេលេនស្គី។ ទីក្រុងភាគខាងត្បូងឃឺរសុន ដែលអ៊ុយក្រែនរំដោះពីរុស្ស៊ីកាលពី ជាង មួយខែមុន នៅតែរងការទម្លាក់គ្រាប់បែកឥតឈប់ឈរពីកងកម្លាំង រុស្ស៊ីពីភាគខាងកើតទន្លេនីប៉ឺរ។

ខណៈភាពតានតឹងនៃសង្រ្គាមនៅតែកើនឡើង នៅតែគ្មានការរំពឹង ទុកពីការចរចាដើម្បីបញ្ចប់សង្គ្រាម។ មួយរយៈពេលចុងក្រោយនេះ លោក ហ្សេលេនស្គី បានជំរុញយ៉ាងខ្លាំងក្លានូវផែនការសន្តិភាព ១០ ចំណុច ដែលទាមទារឱ្យរុស្ស៊ីគោរពបូ រណភាពទឹកដីរបស់អ៊ុយក្រែន ហើយដកកងទ័ពចេញទាំងអស់។

ប៉ុន្តែកាលពីខែពុធ ទីក្រុងម៉ូស្គូបានច្រានចោលផែនការនេះ ដោយ បញ្ជាក់ជាថ្មីថា ក្រុងកៀវត្រូវតែទទួលយកការកាត់ដីអ៊ុយក្រែន របស់រុស្ស៊ីលើតំបន់ចំនួនបួន រួមមានតំបន់លូហានស្ក៍ ដុនណិតស្ក៍ ឃឺរសុន និងហ្សាប៉ូរីចា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានថ្លែងថា វាមិនអាចមានផែនការសន្តិភាព «ដែលមិនគិតពីការពិតនាពេល បច្ចុប្បន្ននេះ ទាក់ទងនឹងទឹកដីរបស់រុស្ស៊ី ដែលរាប់បញ្ជូលការ កាត់តំបន់ចំនួនបួនចូលទៅក្នុងប្រទេសរុស្ស៊ីនោះទេ»។ ចំណែកឯរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov វិញ បាននិយាយថា គំនិតរបស់លោក ហ្សេលេនស្គី ក្នុងការជំរុញរុស្ស៊ី ឱ្យចេញ ពីភាគខាងកើតអ៊ុយក្រែន និងតំបន់គ្រីមៀ ដោយមានជំនួយ ពីលោកខាងលិច និងការឱ្យទីក្រុងមូស្គូសងការខូចខាត ដល់ទីក្រុង កៀវ គឺជាការយល់ខុស។

បន្ថែមពីនេះ សារព័ត៌មានរុស្ស៊ី តាស(TASS) បានដក ស្រង់សម្តី លោក Lavrov ដែលនិយាយទៀតថា រុស្ស៊ីនឹងបន្តកសាង កម្លាំង ប្រយុទ្ធ និងសមត្ថភាពបច្ចេកវិជ្ជារបស់ខ្លួននៅអ៊ុយក្រែន។ លោកអះអាងថា កងទ័ពរុស្ស៊ីដែលបានកេណ្ឌ បានឆ្លងកាត់ «ការហ្វឹកហ្វឺនយ៉ាងខ្លាំង» ហើយពួកគេភាគច្រើនមិនទាន់ ចូលប្រយុទ្ធនោះទេ។

អ៊ុយក្រែនកន្លងមកនៅតែមិនចុះញ៉មនឹងជំហររបស់ខ្លួន ដោយថា អ៊ុយក្រែននឹងបន្តប្រយុទ្ធទាល់តែរុស្ស៊ីដកទ័ពចេញ។ បន្ថែមពីនេះ លោក ហ្សេលេនស្គី កាលពីថ្ងៃពុធ បានប្រាប់សភាឱ្យរក្សាការរួបរួម និងបានសរសើរប្រជាជនអ៊ុយក្រែន ចំពោះការជួយលោកខាងលិចឱ្យ «ស្វែងរកខ្លួនឯងជាថ្មីម្តងទៀត»។

លោក ហ្សេលេនស្គី បានថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំ ដែលធ្វើឡើ ងដោយ បិទទ្វារថា៖ «ពណ៌ជាតិរបស់យើងសព្វថ្ងៃនេះ គឺជានិមិត្ត សញ្ញាអន្តរជាតិនៃភាពក្លាហាន និងភាពអត់ធ្មត់មិនចុះចាញ់ នៃពិភពលោកទាំងមូល»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Explosions rock Ukrainian cities as Russia launches ‘more than 100 missiles’ in waves
Russia rejects Zelenskyy’s ‘peace formula’: Lavrov

ads banner