កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើក របស់ កូរ៉េខាងជើង

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ បាន ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដើម្បីក្លែងធ្វើការបាញ់ទម្លាក់ យន្តហោះ គ្មានមនុស្សបើក ដែលការនេះជាជំហានមួយដើម្បី ពង្រឹង ការត្រៀមខ្លួនប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង។

សមយុទ្ធនេះបានធ្វើឡើងបីថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបង្ហោះដ្រូន ឬ យន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងទឹកដីរបស់ខ្លួន ជាលើក ដំបូង ក្នុងរយៈពេលប្រាំឆ្នាំមកនេះ។

កាលពីថ្ងៃចន្ទ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់កូរ៉េខាង ត្បូងបានបរាជ័យក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងទាំងប្រាំគ្រឿងដែលត្រូវបានប្រទះឃើញវត្តមាននៅភាគខាងត្បូងនៃព្រំដែន។ បន្ទាប់ពីមានវត្តមានអស់រយៈពេលប្រហែលបី ម៉ោង ដ្រូនខ្លះបានហោះត្រឡប់ទៅកាន់ដែនអាកាសកូរ៉េខាងជើងវិញ ហើយខ្លះទៀតបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដារបស់កូរ៉េខាងត្បូង។

ដ្រូនមួយគ្រឿងក្នុងចំណោមដ្រូនទាំងអស់ បានធ្វើដំណើរហោះចូល ជ្រៅរហូតដល់ភាគខាងជើងទីក្រុងសេអ៊ូល។ ហេតុការណ៍នោះបានបណ្តាលឱ្យពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសពលរដ្ឋដែលរស់នៅក្នុង ទីក្រុងសេអ៊ូល មានការភ័យខ្លាចផ្នែកសន្តិសុខយ៉ាងខ្លាំង។ទន្ទឹមនេះ យោធាកូរ៉េខាងត្បូងបានធ្វើការសុំទោសជាសាធារណៈកាលពីថ្ងៃអង្គារ ដែលនេះជាព្រឹត្តិការណ៍ដ៏កម្របានកើតឡើង។

កូរ៉េខាងត្បូង បានធ្វើសមយុទ្ធ និងហ្វឹកហ្វឺនទានហានកាលពីថ្ងៃ ព្រហស្បតិ៍ បានផ្ដោតទៅលើការបាញ់កាំភ្លើងប្រឆាំងនឹង វត្ថុ នៅ លើអាកាស ដោយមានដ្រូនជាច្រើនគ្រឿងដើរតួជាយន្តហោះគ្មាន មនុស្សបើករបស់សត្រូវ និងយន្តហោះចម្បាំងសរុបចំនួន ២០ គ្រឿង រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ និងគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិផ្សេងៗ ទៀត ជាច្រើន។

យោងតាមអាជ្ញាធរយោធាបានឱ្យដឹងថា បើទោះបីជាមិនមានការ បាញ់ ប្រហារពិតប្រាកដក៏ដោយប៉ុន្តែវាជាសមយុទ្ធប្រឆាំងយន្តហោះ គ្មានមនុស្សបើកដ៏សំខាន់លើកដំបូងរបស់កូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៧ មក។

អគ្គសេនាធិការចម្រុះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា មានសេណារីយ៉ូជាច្រើនដែលត្រូវបានបង្កើតឡើង អំឡុង ពេលធ្វើសមយុទ្ធនៅជិតទីក្រុងសេអ៊ូលមួយនេះ។ ក្នុងនោះរួមមាន ការលួចចូលតាមច្រកព្រំដែនដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវតូចៗ បន្ទាប់មក យោធាកូរ៉េខាងត្បូងធ្វើការចល័ត និងបាន អនុវត្តពីរបៀបដែលពួកគេអាចស្ទាក់ចាប់សញ្ញា តាមដានរកឱ្យ ឃើញ ដ្រូនទាំងអស់នោះ និងបាញ់ទម្លាក់ពួកគេ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ល (Yoon Suk-yeol) បានរម្លឹកឡើងវិញនូវការជំរុញឱ្យ មាន ការកសាងប្រព័ន្ធការពារដែនអាកាសឱ្យកាន់តែរឹងមាំ និងរឹតបន្តឹងកាន់ តែខ្លាំងទៅលើទង្វើរបស់កូរ៉េខាងជើង។

គួរដឹងដែរថា ការបង្ហោះយន្តហោះគ្មានមនុស្សបើករបស់កូរ៉េ ខាង ជើង បានធ្វើឡើងក្រោយការបាញ់តេស្ដសាកល្បងមីស៊ីលជាច្រើនគ្រាប់របស់ខ្លួននៅឆ្នាំនេះ។ អ្នកជំនាញខ្លះបានយល់ឃើញថា វាគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដាក់សម្ពាធដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឱ្យធ្វើសម្បទានមួយចំនួន ក្នុងនោះមានដូចជាការបន្ធូរបន្ថយទណ្ឌកម្ម មកលើកូរ៉េខាងជើងជាដើម។

លោកប្រធានាធិបតី យូន បានថ្លែងក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច ទៅកាន់ទីភ្នាក់ងារអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងត្បូងថា «មិនថាពួកគេ មានអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកអ្វីក៏ដោយ យើងត្រូវតែ ផ្ញើសារទៅវិញឱ្យបានជាក់ច្បាស់ទៅកាន់អ្នកទាំងនោះដែលតែងតែមានចរិតគឃ្លើន និងរករឿងមិនចេះចប់។ យើងមិនត្រូវភ័យខ្លាចចំពោះអាវុធនុយក្លេអ៊ែររបស់ពួកគេនោះទេ ហើយ យើងមិនត្រូវមានការស្ទាក់ស្ទើរឡើយ»។ លោកបានបន្តថា «ដើម្បីទទួលបានសន្តិភាព យើងត្រូវតែរៀបចំខ្លួនជាស្រេចក្នុងការធ្វើ សង្គ្រាមដែលយើងនឹងឈ្នះទាំងស្រុង»។

រហូតមកទល់ពេលនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនទាន់បានធ្វើអត្ថាធិប្បាយជុំវិញការប្រកាសរបស់កូរ៉េខាងត្បូងអំពីយន្តហោះដ្រូននៅឡើយទេ។ ប៉ុន្តែអ្នកសង្កេតការណ៍ខ្លះបានលើកឡើងថា កូរ៉េខាងជើងទំនងជាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកទាំងនោះ ដើម្បីតេស្តសាកល្បង ចង់ដឹងថាតើការត្រៀមខ្លួនរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកខ្លាំងដល់កម្រិតណាហើយ។

កូរ៉េខាងជើងក៏ទំនងជាបានវាយតម្លៃរួចមកហើយថា ដ្រូនអាចជា វិធីសាស្ត្រ ដែលចំណាយតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ក ក្តីបារម្ភផ្នែកសន្តិសុខដល់ប្រទេសជិតខាង និងធ្វើឱ្យបញ្ហាផ្ទៃក្នុង នៅក្នុងប្រទេសកូរ៉េខាងត្បូងបែកបាក់គ្នា។

ទោះជាយ៉ាងណា ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពាន ដែន អាកាសពីសំណាក់កូរ៉េខាងជើង កូរ៉េខាងត្បូងក៏បានបញ្ជូនយន្តហោះ ដ្រូនស៊ើបការណ៍របស់ខ្លួនចំនួនបីគ្រឿង ហោះឆ្លងកាត់ព្រំដែនចូល ទៅក្នុងដែនអាកាសកូរ៉េខាងជើងដើម្បីជាការសងសឹក។ ទោះយ៉ាងនោះក្ដី កូរ៉េខាងជើងមិនបានចេញប្រតិកម្មតបតអ្វីទាំងអស់ នេះបើយោងតាមក្រុមមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង៕
ដោយ៖ធា សុណា
ប្រភពព័ត៌មាន៖
South Korea stages drills simulating downing of North drones – CNA (channelnewsasia.com)

ads banner