កម្ពុជាទទួលជំនួយជាង២៥ម៉ឺនដុល្លារពីប្រទេសន័រវេដើម្បីបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ កម្ពុជាទទួលជំនួយជាង២៥ម៉ឺនដុល្លារពីប្រទេសន័រវែសន ដើម្បីបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ។នេះបើតាមសេចក្ដី ប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសកម្មភាពបោសសម្អាតមីនកម្ពុជាស៊ីម៉ាក់ដែលចេញផ្សាយនៅថ្ងៃទី២៩ខែធ្នូ។
ស៊ីម៉ាក់បញ្ជាក់ថាកិច្ចកិច្ចព្រមព្រៀងទទួលជំនួយក្នុងទំហំទឹកប្រាក់២៥ ៣៦០៨ ដុល្លារពីប្រទេសន័រវែសនោះត្រូវធ្វើឡើងនៅស្នាក់ការ កណ្ដាលស៊ីម៉ាក់ ក្រោមធិបតីភាពរបស់អគ្គនាយកស៊ីម៉ាក់ឯកឧត្តម ហេងរតនានិង ប្រធានទីភ្នាក់ងារផ្តល់ជំនួយន័រវែសNowegian People’s Aidប្រចាំប្រទេសកម្ពុជាលោកRuneKristian Dele Anderson។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់៖«ជំនួយឥតសំណងនេះនឹងត្រូវយកទៅប្រើប្រាស់លើសកម្មភាពបោសសម្អាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទះនៅខេត្តបន្ទាយមានជ័យ»។
ស៊ីម៉ាក់ឱ្យដឹងបន្ថែមទៀតថា ស៊ីម៉ាក់បានប្រើប្រាស់ជំនួយក្រោម គម្រោងដែលគាំទ្រដោយក្រសួងការបរទេសន័រវេសដើម្បីសកម្មភាពបោសសម្អាតមីនចាប់ពីខែមករាឆ្នាំ២០២៣លើផ្ទៃប្រមាណ២ ៥២០ ០០០ម៉ែត្រការ៉េក្នុងខេត្តបន្ទាយមានជ័យ។
គ្រាប់មីនកប់ដី និង សំណល់ អាវុធជាតិផ្ទុះបន្សល់ពីសង្គ្រាម បានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនដល់ការអភិវឌ្ឍកម្ពុជា។មីនរាំងស្ទះលទ្ធភាពទទួលបានដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ សេវា សង្គមជាមូលដ្ឋាន ប្រព័ន្ធធារាសាស្ត្រ និងទឹកពិសាសុវត្ថិភាព។ក្រៅពីនេះ អ្នករស់រានមានជីវិតពីគ្រាប់មីន និងសំណល់អាវុធជាតិ ផ្ទុះបន្សល់ពីសង្គ្រាម ទទួលបានការគាំទ្រតិចតួច បើទោះបីរដ្ឋាភិបាល កំពុងតែព្យាយាមកែរលម្អសេវាសម្រាប់ជនរងគ្រោះក៏ដោយ។
ជាញឹកញយ ជនរងគ្រោះច្រើនតែជាអនក្ខរជន និងអ្នកគ្មានដីធ្លី ហើយស្ត្រីទំនងជាជួបប្រទះច្រើនពីផលប៉ះពាល់អវិជ្ជមាន ដូចជា សុខភាពខ្សោយ ការរងរបួស និងការបាត់បង់ជីវិត។
ស៊ីម៉ាក់ថ្លែងអំណរគុណចំពោះប្រទេសន័រវេសដែលបានផ្ដល់ជំនួយមកដល់គម្រោងបោសសម្អាតមីនលើកនេះ។
ស៊ីម៉ាក់អះអាងទៀតការផ្ដល់ជំនួយហិរញ្ញវត្ថុដល់ស៊ីម៉ាក់ ជាការគាំទ្រ សកម្មភាពយ៉ាងខ្លាំងក្លាដើម្បីកម្ចាត់ឃាតករលាក់ខ្លួន(គ្រាប់មីន)ជួយសង្គ្រោះពលរដ្ឋពីគ្រោះថ្នាក់ដោយសារមីន ។ម្យ៉ាងទៀត ជំនួយនេះនឹងជួយឱ្យពលរដ្ឋមានដីធ្លីសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតទៀតផង៕
ដោយ៖វណ្ណ ស័ក្ដិ