ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថានៅពេលនេះ ឬថ្នាក់ដឹកនាំនៅជំនាន់ក្រោយៗទៀតនោះទេ
ភ្នំពេញ៖ ប្រជាការពារត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថាថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀតនោះទេ ដោយសារតែប្រជាការពារទាំង១៤ខណ្ឌបានលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងដើរលេងកំសាន្តដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។
នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយជូនកងកម្លាំងប្រជាការពាររបស់រាជធានីភ្នំពេញចំនួនជាង ៧០០នាក់នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ធ្នូឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ឡើយ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែង ខណៈរាជធានីភ្នំពេញកំពុងប្រឈមមុខនិងការរីករាលជាលជម្ងឺកូវីដ-១៩ កិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំធំៗមួយចំនួនទៀត នាពេលកន្លងមកនេះ បងៗនិងពូៗ ជាប្រជាការពារ បានលះបង់អស់កម្លាំងកាតចិត្ត ដើម្បីការពារ សុខមាលភាពជូនប្រជាពលរដ្ឋនិងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រតិភូ ។
ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងថា អំណោយដែលផ្តល់ជូនប្រជាការពារទាំងជាង ៧០០នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ៗទទួលបាន អង្ក មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយនិងថវិកាមួយចំនួន ផងដែរ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ




