និស្សិតឧក្រិដ្ឋកម្មវិទ្យាម្នាក់ ត្រូវបានចាប់ខ្លួនក្នុងរឿងក្តី សម្លាប់សិស្សសាកលវិទ្យាល័យ Idaho ៤នាក់
អាមេរិក៖ជនសង្ស័យម្នាក់ដែលត្រូវបានគេស្គាល់ថាជា និស្សិត បញ្ចប់ថ្នាក់សិក្សាផ្នែកឧក្រិដ្ឋកម្មវិទ្យានៅសកលវិទ្យាល័យ Washington State នៃសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន កាល ពីថ្ងៃសុក្រ ពាក់ព័ន្ធការចោទប្រកាន់ពីបទមនុស្សឃាត ក្នុងករណីសម្លាប់និស្សិតសាកលវិទ្យាល័យ Idaho ចំនួនបួន នាក់ កាលពីខែ វិច្ឆិកា។
យោងតាមលោក James Fry ប្រធានប៉ូលីសទីក្រុងមូស្កូ រដ្ឋអៃដាហូ បានឱ្យដឹងថា ជនល្មើស Bryan Christopher Kohberger អាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងបទល្មើស មនុស្សឃាតកម្រិតទី១ ក្រោយករណីសម្លាប់និស្សិតថ្នាក់ បរិញ្ញាបត្រចំនួនបួននាក់នៅក្នុងផ្ទះក្រៅសាលារបស់ពួកគេ។
ជនសង្ស័យត្រូវបានគេស្គាល់ថាជានិស្សិតបញ្ចប់ការសិក្សាម្នាក់ដែលមានអាផាតមិនជិតសាកលវិទ្យាល័យ Washington State(WSU) ក្នុងទីក្រុងPullman រដ្ឋ Washington និងមានចម្ងាយប្រហែល ១៦គីឡូម៉ែតពីសាកលវិទ្យាល័យ Idaho ដែលជនរងគ្រោះកំពុងសិក្សា។
Kohberger ត្រូវបានចាប់ខ្លួននៅក្រុងតូចមួយនៃតំបន់ ទេសចរណ៍ភ្នំ Pocono ក្នុងរដ្ឋ Pennsylvania ដែល មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Philadelphia ។
ជនសង្ស័យKohberger រូបនេះ ក៏ត្រូវបានចុះបញ្ជីនៅលើទំព័រ WSU ថាជាឧក្រិដ្ឋជនដែលប៉ូលិសកំពុងតាមរកផងដែរ។
ឧក្រិដ្ឋកម្មនេះបានកើតឡើងតាំងពីយប់ថ្ងៃទី ១៣ វិច្ឆិកា នៅពេលដែលនិស្សិតស្រីបីនាក់និងបុរសម្នាក់ រកឃើញថា ត្រូវបានចាក់សម្លាប់នៅលើគ្រែក្នុងផ្ទះជួលមួយកន្លែងក្បែរបរិវេណសាលា ខណៈជនរងគ្រោះទាំងនោះ បានចំណាយពេល មួយយប់ នៅទីនោះដើម្បីលំហែរកាយថ្ងៃឈប់សម្រាក។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ Xana Kernodle, Ethan Chapin, Kaylee Goncalves and Madison Mogen ដែលមានអាយុចន្លោះពី ២០ ទៅ ២១ ឆ្នាំ។
សាកសពរបស់ជនរងគ្រោះទាំងបួននាក់នេះត្រូវបានគេឃើញមានរបួសជាច្រើនកន្លែងដែលក្នុងនោះ Kaylee Goncalves ត្រូវបាគេប្រទះឃើញមានស្នាមរបួសច្រើនជាងគេ។
ការធ្វើកោសល្យវិច័យ បានរកឃើញថា អ្នកទាំង៤នាក់ ប្រហែលជាដេកលក់នៅពេលគេវាយប្រហារ ប៉ុន្តែ គ្មានភស្តុតាងនៃការរំលោភផ្លូវភេទនោះទេ។
យោងតាមលោក Fry បានឱ្យដឹងថា នាយកដ្ឋានរបស់គាត់ បានធ្វើការសម្ភាសមនុស្សជាង ៣០០នាក់ ដែលជាផ្នែក មួយនៃការស៊ើបអង្កេត បន្ទាប់ពីទទួលបានព័ត៌មាន ជំនួយជាង១៩០០០ ពីសាធារណជនទូទៅ។ លោក Fry និងដៃគូស៊ើបអង្កេតThompson បានអំពាវនាវឱ្យនរណាម្នាក់ ដែលបានដឹងព័ត៌មានទាក់ទងនិងឃាតករចេញមុខមក ដើម្បីពួកគេធ្វើការសាកសួរនៅពីក្រោយមូលហេតុអ្វីបានជាជនល្មើសKohberger សម្លាប់និស្សិត៤នាក់នេះ។
លោកThompson បានបន្ថែមទៀតថា ការពិតនៅមិន ទាន់បានលាតត្រដាងនោះទេ ហើយនិងបានរក្សា ទុកដោយ តុលាការ រហូតដល់គេបញ្ជូនជនជាប់ចោទមកកាន់រដ្ឋ Idaho វិញដើម្បីកាត់ទោសទៅលើរឿងក្តីនេះ៕
ដោយ៖ ឡេង អារីតា
