ស្ថាប័នពាក់ព័ន្ធ រួមគ្នាអនុវត្តគម្រោងលើកកម្ពស់សន្តិសុខ ស្បៀងអាហារូបត្ថម្ភដល់គ្រួសារកសិករក្រីក្រ
ភ្នំពេញ៖ស្ថាប័នរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលរួមគ្នា អនុវត្តគម្រោង “លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្ម ស្បៀងជាលក្ខណៈគ្រួសារ” ដែលនឹងអនុវត្តន៍ក្នុងខេត្តចំនួនបី ដើម្បីពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជា។
ការអនុវត្តគម្រោងនេះស្របពេលដែលភាពតានតឹងផ្នែកសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី បានកំពុងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខស្បៀង និង អាហារូបត្ថម្ភរបស់កម្ពុជា បន្ថែមពីលើបញ្ហាជំងឺកូវីដ១៩ បាន រំខានដល់ពាណិជ្ជកម្ម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធាន សម្រាប់ផលិតកម្មកសិកម្ម និងទីផ្សារថាមពលពិភពលោក។
ដោយមើលឃើញពីបញ្ហានេះ ស្ថាប័នពាក់ពន្ធបានរៀបចំ សិក្ខាសាលាណែនាំលើកកម្ពស់សន្តិសុខស្បៀង អាហាររូបត្ថម្ភ កាលពីថ្ងៃទី៣០ ខែធ្នូនេះ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល និងដាក់ចេញវិធានការប្រក ប ដោយប្រសិទ្ធភាព។
ឯកឧត្តម ម៉ក់ សឿន អគ្គនាយរងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គម្រោងដែលបាននឹងកំពុងប្រកាសបើកដំណើរនាឱកាសនេះ នឹងធ្វើការក្នុងភាពជាដៃគូ ជាមួយក្រសួងកសិកម្ម ក្នុងខេត្ត កំពង់ធំ តាកែវ និងខេត្តកំពត ពិតជាបានចូលរួមលើកកម្ពស់ និងកែលម្អសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពគ្រួសារ កសិករ ក្រីក្រនៅជនបទ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារពិតប្រាកដមែន នៅថ្ងៃខាងមុខនេះ។ លោកថ្លែងថា៖«ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា គម្រោងដែល មានការសហការ និងចូលរួមពីភាគីពាក់ព័ន្ធ និងធ្វើការងារ ក្នុងភាពជាដៃគូ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រោះវា បង្ហាញ ពីភាពជាម្ចាស់ការ ការទទួលខុសត្រូវ តម្លាភាពរបស់ ភាគី ពាក់ព័ន្ធ និងសម្រេចបានគោលដៅរួម លើគំនិតផ្តួចផ្តើម នានា។
ទាក់ទិននឹងគម្រោងនេះដែរ លោក សួស សុខា អ្នកគ្រប់គ្រង គម្រោងគ្រប់គ្រង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្ម ស្បៀងជាលក្ខណៈគ្រួសារ” បានឱ្យដឹងថា គម្រោងនេះផ្តោត សំខាន់លើការផ្តល់បច្ចេកទេសពាក់ព័ន្ធនឹងការធ្វើកសិកម្មឆ្លាតវៃ និងការផ្លាស់ប្តូរឥរិយាបថអាហារូបត្ថម្ភ ព្រមជាមួយការផ្តល់ ធនធានកសិកម្មកមួយចំនួនដូចជាពូជបន្លែនិងស្រូវ ជីធម្មជាតិ សួនបន្លែសំណាញ់ ម៉ាស៊ីនដាំស្រូវ ផ្ទាំងប៉ាណូផ្សព្វផ្សាយ ព័ត៌មានកសិកម្ម និងផ្ទាំង solar panel ជាដើម។
លោកបន្តថា គម្រោងនេះមានផែនការជ្រើស សហគមន៍ កសិកម្មចំនួន១០០ និងអ្នកផលិតបន្លែ និងស្រូវចំនួន៤ ០០០ គ្រួសារ នៅក្នុងខេត្តតាកែវ កំពត និងកំពង់ធំ ដែលនឹងផ្តល់ ប្រយោជន៍ដល់អ្នកបរិភោគចំនួនប្រហែលបួន ទៅ ប្រាំលាន នាក់។
អ្នកគ្រប់គ្រងគម្រោងរូបនេះបានបញ្ជាក់ដូច្នេះដែរថា៖«គម្រោងនេះ នឹងចាប់មានរយៈពេលឆ្នាំកន្លះ ផ្តោតលើបន្លែ និងផលិត កម្មស្រូវ ដែលក្នុងនោះសម្រាប់ខេត្តកំពង់ធំ គ្រោងនឹងផលិត បន្លែឱ្យបាន១៦០,០០០គីឡូ ,ខេត្តតាកែវចំនួន ១៦០,០០០ គីឡូ និងតាកែវ ចំនួន៨០,០០០គីឡូ ចំណែកទន្និផលស្រូវ សរុបខេត្តទាំង៣ត្រូវបាន៦,០០០,០០០ គីឡូ»។
លោក ហ៊ូ ក្រើន នាយអង្គការ Helen Keller បានឱ្យដឹងថា ទាំងអស់គ្នាបានដឹងរួចហើយថា បញ្ហាសង្គ្រាមរ វាង ប្រទេស អ៊ុយក្រែន និងរុស្សីរួមជាមួយនឹងបញ្ហាជំងឺកូវីដ១៩ បាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេស ការកើនឡើងលើតម្លៃធនធានកសិកម្ម និងតម្លៃស្បៀងអាហារ ដែលបាននិងកំពុងញាំញីដោយផ្ទាល់និងប្រយោលដល់អ្នកផលិត និងអ្នកបរិភោគជាពិសេសកសិករក្រីក្រ។
ពាក់ព័ន្ធនឹងការអនុវត្តកសិកម្មវៃឆ្លាតក្នុងខេត្តចំនួនបី ដើម្បី ពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជានេះដែរ លោកបន្តថា ដោយ មានកិច្ចសហការជាមួយក្រសួងកសិកម្ម គម្រោងនេះនឹង គាំទ្រអ្នកផលិតតាមរយៈសហគមន៍កសិកម្មដែលមានស្រាប់ ដើម្បីពង្រឹងសមត្ថភាពពួកគេក្នុងការផលិតអាហារចម្រុះមុខ មានសារជាតិចិញ្ចឹមល្អ និងប្រកបដោយសុវត្ថិភាពសម្រាប់ បរិភោគ និងលក់ដូរលើទីផ្សារក្នុងតម្លៃសមស្រប។
លោកបញ្ជាក់ដូច្នេះថា៖«ស្បៀងអាហារដែលនឹងផលិតតាមរយះគម្រោងនេះ នឹងត្រូវបានលក់បញ្ចុះតម្លៃដល់គ្រួសារ កសិករដែលមានប័ណ្ណ ក្រ១ និង ក្រ២ ព្រមទាំងគ្រួសារ ដែលមានស្ត្រីមានផ្ទៃពោះ និងគ្រួសារមានកូនអាយុក្រោម ២ ឆ្នាំ»។
គួរបញ្ជាក់ថា គម្រោងនេះគឺមានការគាំទ្រពី BM2 តាមរយៈ GIZ-MUSEFO និងការសហការជាមួយក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ (CARD) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល អង្គការ IRRI និង UNI4COOP និងអង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជា៕
ដោយ៖បូរ ពេជ្រហ្សាលីន