សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថាប័នតុលាការ កុំយកកុមារីរងគ្រោះពីការរំលោភបំពានអាយុក្រោម ៥ឆ្នាំ ឡើងតុលាការ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធផ្នែកច្បាប់ធ្វើការរួមគ្នា ដាក់ចេញនូវវិធានការជាក់លាក់ណាមួយ ដោយធ្វើយ៉ាងណាកុំឱ្យក្មេងស្រីអាយុ ក្រោម៥ឆ្នាំ ដែលរងគ្រោះពីការរំលោភបំពានលើរូបរាងកាយ ឡើងតុលាការតទល់ជាមួយជនល្មើស ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តកុមារ។
ការណែនាំភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពី ជានាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP ) លោកស្រី ម៉ម សុម៉ាលី ដែលធ្វើកិច្ចការជួយសង្គ្រោះជនរងគ្រោះដោយសារការំលោភផ្លូវភេទ និងការជួញដូរធ្វើអាជីវកម្មផ្លូវភេទ បានលើកជាសំណើរជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យជួយអន្តរាគម៍រឿងនេះ។ លោកស្រីបានលើកមូលហេតុថា នៅពេលក្មេងស្រីរងគ្រោះអាយុ ត្រឹម ៥ឆ្នាំ ឡើងតុលាការ រឹតតែធ្វើឱ្យពួកគេតក់ស្លុត និងភ័យខ្លាច។
នៅក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) កាលពីព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានសម្តែងការគាំទ្រ និងទទួលយកសំណើរនេះ និងបានណែនាំ ឱ្យស្ថាប័នពាក់ព័ន្ធផ្នែកច្បាប់ធ្វើការលើរឿងនេះ។ សម្ដេចថ្លែងថា៖« ឯកឧត្តមកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្វើការជាមួយគ្នាខាងផ្នែកយុត្តិធម៌ ដើម្បីសុំឱ្យតុលាការ ឱ្យយើងផ្តល់ឱ្យមេធាវីសម្រាប់តតាំងក្តី»។
សម្ដេចតេជោយល់ថា ការយកក្មេងស្រីរងគ្រោះអាយុ ៥ឆ្នាំ ឡើងតុលាការ ស្មើនឹងបំបាត់ស្មារតីបន្ថែម និងធ្វើឱ្យការភ័យខ្លាចកាន់តែធ្ងន់ទៅ។ សម្ដេចបញ្ជាក់ថា៖« តុលាការតម្រូវឱ្យយកក្មេងៗ ឡើងទៅកាន់តុលាការគឺជាកន្លែងដែលគ្នាភ័យខ្លាចថែមទៀត។គ្នាមិនទាន់បាត់ភ័យខ្លាចផង ប៉ុន្តែតុលាការតម្រូវ។ អីចឹងតុលាការគួរតែយល់អំពីបញ្ហានេះ ។ ខ្ញុំគិតថាតុលាការនឹងយល់ ហើយបើសិនជាតុលាការមានកូន មានចៅរបស់ខ្លួន ជួបរឿងនេះ ពួកគាត់ច្បាស់ជានឹងយល់។
សម្ដេចបានលើកឡើងថា សូម្បីតែមនុស្សធំគេមិនចាំបាច់ឡើងតុលាការខ្លួនគេទេ គេបញ្ជូនត្រឹមមេធាវីការពារក្តី គឺគ្រប់គ្រាន់ហើយ។ សម្ដេចតេជោថា៖«ជួនកាលក្មេងទៅតទល់ ភាពភ័យខ្លាចមិនទាន់បាត់ទៅផង ហើយយកគ្នាទៅ ពេលត្រឡប់មកវិញបង្កើតបញ្ហាដ៏លំបាកដល់អារម្មណ៍។ ចឹងសូមអំពាវនាវចំពោះតុលាការគ្រប់ជាន់ថ្នាក់ មេត្តាយោគយល់អធ្យាស្រ័យជាមួយនឹងផលវិបាកទាំងឡាយ ។ សង្ឃឹមថាតុលាការក៏ជាមនុស្ស ដែលអាចនឹងផ្តល់នូវការយោគយល់សម្រាប់រឿងហេតុបែបនេះ»។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់អាទិភាពអាហារូបករណ៍ដល់សិស្សស្រីនៅអង្គការអាហ្វេស៊ីបកម្ពុជា ឱ្យបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ និងបន្ថែមការផ្តល់ប្រាក់ឧបត្ថម្ភដល់អង្គការសម្រាប់ទ្រទ្រង់ការចំណាយ។
នាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP ) លោកស្រី ម៉ម សុម៉ាលី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់ក្មេងស្រីរងគ្រោះ តាមរយៈការផ្តល់ម្ហូបអាហារ អគារស្នាក់នៅ និងថវិកាជាប្រចាំសម្រាប់ទ្រទ្រង់អង្គការនេះ។
លោកស្រីថ្លែងថា៖«គ្រប់សមិទ្ធផលរបស់អង្គការអាហ្វេស៊ីប គឺបានមកពីការរួមចំណែករបសរាជរដ្ឋាភិបាល»។ លោកស្រីឱ្យដឹងថា អង្គការអាហ្វេស៊ីបកម្ពុជា បានជួយដល់កូនៗជាង ៧ពាន់នាក់មកហើយ បច្ចុប្បន្ន កូនៗចំនួន ១៤៨ នាក់ស្ថិតនៅក្រោមបន្ទុកក្រោមការមើលថែព្យាបាលផ្លូវចិត្ត សុខភាពរាងកាយ ការផ្តល់ជំនួយផ្នែកច្បាប់ និងផ្តល់ការឧបត្ថម្ភអាហារូបករណ៍។
លោកស្រីបន្ថែមថា បេសកកម្មរយៈពេល ២៦ ឆ្នាំ របស់អង្គការអាហ្វេស៊ីប គឺជួយដល់ជនរងគ្រោះ រងគ្រោះដោយសារការំលោភផ្លូវភេទ ការជួញដូរធ្វើអាជីវកម្មផ្លូវភេទ ដើម្បីឱ្យពួកគាត់មានមណ្ឌលសុវត្ថិភាពសម្រាប់ស្នាក់នៅ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត គាំទ្រទៅនឹងការផ្តល់អនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ដោយបន្ថែមថា តុលាការមិនមានភាពចាំបាច់ក្នុងការកោះហៅក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំឡើងតុលាការទេ។
លោកថា៖«នៅតុលាការស្រុកយើងអត់ទាន់មានតុលាការវិជ្ជាជីវៈខាងកុមារ ឬស្រ្តីទាក់ទងនឹងការរំលោភទេ ហើយនៅស្រុកគេ គេមានវិធានការ មិនដែលឱ្យកុមារប្រឈមមុខជាមួយនឹងអ្នកប្រព្រឹត្តបទល្មើសទេ ព្រោះនៅពេលដែលឃើញមុខជនល្មើសគឺធ្វើឱ្យអារម្មណ៍ផ្លូវចិត្តរបស់កុមារកាន់តែធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារធ្ងន់ ធ្ងរ។ ការមិនប្រឈមមុខទៅតុលាការជាមួយជនប្រព្រឹត្តបទល្មើសជារឿងត្រឹមត្រូវ»។
បន្ថែមពីនេះ លោកស្នើទៅតុលាការ ផ្តន្ទាទោសស្ថានទម្ងន់ទោសចំពោះជនល្មើសដែលប្រព្រឹត្តបទល្មើសរំលោភបំពានផ្លូវភេទកុមារ ដោយសង្កត់ធ្ងន់ថា គឺជារឿងឃោរឃៅ និង អសីលធម៌ដែលគ្មាននរណាទទួលយកបានទេ។
សូមជម្រាបថា ចាប់ពីខែមករា ឆ្នាំ ២០២៣ តទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឧបត្ថម្ភការហូបចុកគឺផ្ដល់ជា អង្ករចំនួន១,២តោន រួមនឹងថវិកា ២0 លានរៀលជារៀងរាល់ខែ(ដែលឆ្នាំកន្លងទៅគឺ ១0 លានរៀលក្នុងមួយខែ) ឧបត្ថម្ភសម្រាប់ចៅៗជាប្រចាំខែចំនួន ១0 ម៉ឺនរៀលជារៀងរាល់ខែ និងឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដល់អង្គការដើម្បីជាទៅថវិកាបម្រុងសម្រាប់ការខ្វះខាតក៏ដូចជាហេតុការណ៍អាសន្នផ្សេងៗ នៅក្នុងអង្គការ៕
ដោយ:ឡាយ សាមាន