ព្រះចៅអធិរាជជប៉ុនបង្ហាញព្រះភ័ក្ត្រ ជាសាធារណៈលើកដំបូង ចាប់តាំងពីឆ្នាំ២០២០
តូក្យូ៖ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសីរបស់ព្រះអង្គ Masako នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ បានធ្វើការស្វាគមន៍ឆ្នាំថ្មីជាសាធារណៈ ជាការបង្ហាញព្រះភ័ក្ត្រលើកដំបូង ចាប់តាំងពីឆ្នាំ ២០២០ ដោយបានបន្តប្រពៃណីប្រចាំឆ្នាំ ជាមួយនឹងការប្រុងប្រយ័ត្ន ខណៈដែលប្រទេសជាតិ និងព្រះរាជវង្សានុវង្សបានវិលទៅរកភាពប្រក្រតីវិញ ជាបណ្តើរៗ។
ព្រះអង្គ Naruhito និង ព្រះមហេសី បានបង្ហាញព្រះភ័ក្ត្រ នៅយ៉រ ដែលគ្របដោយកញ្ចក់ នៃវាំង ដើម្បីបង្ហាញពីការជូនពររបស់ទ្រង់ សម្រាប់សុភមង្គលសម្រាប់ទាំងអស់គ្នា។ ព្រះអង្គ Naruhito និង ព្រះមហេសី ក៏ត្រូវបានយាងចូលរួមដោយបុត្រី របស់ពួកទ្រង់ ព្រះនាង Aiko ព្រមទាំងព្រះបិតា និងព្រះមាតា ក្នុងចំណោមសាច់ញាតិផ្សេងទៀត។
ព្រះអង្គ Naruhito មានព្រះបន្ទូលថា៖ «ខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំអាចប្រារព្ធពិធីចូលឆ្នាំថ្មី ជាមួយអ្នកទាំងអស់គ្នា ក្រោយពី រយៈពេលបីឆ្នាំមក»……នៅពេលយើងឈរនៅដើមឆ្នាំនេះ ខ្ញុំសូមជូនពរឱ្យប្រជាជននៃប្រទេសរបស់យើង និងពិភពលោកទាំងមូលមានសុភមង្គល”។
មានមនុស្សប្រហែល ១៥០០ នាក់ត្រូវបានជ្រើសរើសអនុញ្ញាតឱ្យចូល ទៅក្នុងវិមានដ៏ធំ នៅក្នុងរាជធានីរបស់ប្រទេសជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩៕ ប្រភព៖ CNA, ប្រែសម្រួលដោយ៖ សារ៉ាត

