អត្តពលិកគុនល្បុក្កតោ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២២នេះ

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបិទបញ្ចប់ដោយជោគជ័យ ខណៈកីឡាគុនល្បុក្កតោ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយច្រើនជាងគេសរុប១១គ្រឿង មេដាយមាស ៥គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ៤គ្រឿង។ ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុករួមនៃក្រសួងអប់រំ យុវជន និងកីឡា។

លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា ការប្រកួត ជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ ការប្រកួតដ៏ធំប្រចាំឆ្នាំ និងទទួលបានជោគជ័យ ហើយជាក្តីសង្ឃឹមកាន់តែខ្ពស់ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេខាធិការ បន្តថា ការរៀបចំនេះត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យការប្រកួតឆ្នាំនេះដំណើរការដោយរលូន និងជោគជ័យ។

លោក អ៊ូ តារា បានសង្កត់ធ្ងន់ថា សម្រាប់ការរៀបចំទីលានសប្រកួតបានធ្វើត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីសម្រួចទៅដល់ការរៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក៏ត្រូវបាន យកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំសហព័ន្ធ។ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឱ្យបានគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ កីឡាគុនល្បុក្កតោ ដែលស្ថិតនៅក្នុងចំណោមប្រភេទកីឡាយុទ្ធគុនចម្រុះ ក៏ដូចជាគោលដៅ នៃការអភិរក្ស និងអភិវឌ្ឍក្បាច់គុនព្រឹលឹងជាតិខ្មែរមួយនេះ ឆ្ពោះទៅសម្រេចគោលដៅរួមគ្នា ក្នុងការជំរុញឲ្យគុនល្បុក្កតោកាន់ភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យស័ក្ដិសមជាអ្នកបន្តវេនដ៏វៃឆ្លាតរបស់បុព្វបុរសខ្មែរយើង។
គួរបញ្ជាក់ថា សម្រាប់លទ្ធផល ៖ ក្រុមកីឡាគុនល្បុក្កតោ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយច្រើនជាងគេសរុប១១គ្រឿង មាស៥ ប្រាក់២ និងសំរិទ្ធ៤គ្រឿង ខណៈលេខ២ក្រុមកីឡាគុនល្បុក្កតោ សុវណ្ណអង្គរនាគរាជ ខេត្តសៀមរាប ឈ្នះមេដាយមាស៤ និងប្រាក់ ២គ្រឿង លេខ៣ក្រុមកីឡាគុនល្បុក្កតោខេត្តតាកែវ ដណ្តើមមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ២គ្រឿង និងលេខ៤ក្រុមកីឡាគុនល្បុក្កតោខេត្តតាកែវ ឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ១គ្រឿង ។ ចំណែកក្លឹបកីឡាគុនល្បុក្កតោផ្សេងទៀតគ៏ឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ មានក្លឹបមកពី ១០ រាជធានី-ខេត្ត និង ក្រសួង១ និងមានប្រតិភូគ្រូបង្វឹក ៤៣ រូប កីឡាករ ១០២ កីឡាការិនី៦៨ រូប គណៈកម្មការរៀបចំការប្រកួត ៤៨ រូប និងក្រុមការងារស្ម័គ្រចិត្ត ២០ រូប សរុប ២៨១រូប៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner