ទៅកម្សាន្តរមណីយដ្ឋាន «ភ្នំប្រាំពីរ»នឹងបានទស្សនាល្អាងបុរាណអាថ៌កំបាំងដ៏យូរលង់

ខេត្តបាត់ដំបង៖ រមណីយដ្ឋាន «ភ្នំប្រាំពីរ»គឺជាទីកម្សាន្តបែបធម្មជាតិដែលសម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ ហើយពិសេសបានផ្តល់នូវការកម្សាន្តសប្បាយរីករាយ ការសិក្សាស្វែងយល់ ក៏ដូចជាទីកន្លែងសម្រាប់បន់ស្រន់របស់ពលរដ្ឋដែលជឿទៅលើអប្បិយជំនឿស្ទើរគ្រប់ជំនាន់មកហើយ។

រមណីយដ្ឋាន «ភ្នំប្រាំពីរ» ស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិនិងជាទីកន្លែងកម្សាន្តដ៏សំខាន់មួយទៀតក្នុងទឹកដីខេត្តបាត់ដំបង។

លោក មុំ ផល្លា មន្រ្តីឧទ្យានុរក្សដែលប្រចាំការតំបន់បេកតិកភណ្ឌភ្នំប្រាំពីរបានរៀបរាប់ប្រាប់ថា៖រមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ទីកន្លែងនេះក្រៅពីមានទីកន្លែងកម្សាន្តបែបធម្មជាតិដ៏ស្រស់ត្រកាលច្រើនកន្លែងហើយ នៅមានល្អាងភ្នំដ៏អាថកំបាំង និងបង្កប់ទៅដោយជំនឿច្រើនកន្លែងណាស់។

លោកបានឱ្យដឹងបន្ថែមថា៖ពលរដ្ឋទាំងនៅក្នុងខេត្តបាត់ដំបង និងក៏ដូចជាខេត្តដទៃទៀត ដែលមានជំនឿតែងស្កាត់មកពីទីជិតឆ្ងាយ ក្រៅពីមកកម្សាន្តទីកន្លែងនេះហើយ មិនភ្លេចចូលបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើន របស់ពួកគេជានិច្ច។

ទាក់ទិនក្នុងរឿងនេះដែរ លោក ចាន់ ម៉ៅ ក៏ជាមន្រ្តីឧទ្យានុរក្សដែលប្រចាំការតំបន់បេកតិកភណ្ឌភ្នំប្រាំពីរបានឱ្យដឹងថា៖នៅរមណីយដ្ឋានភ្នំប្រាំពីរនេះ មានល្អាងធំៗចំនួន៣គឺល្អាត១០០ ហើយក្នុងល្អាងនេះទៀតសោតមានល្អាងតូចៗជាច្រើនរួមមាន ដោះក្រមុំ កូនក្រមុំ គ្រែប្រអប់ ចង្រ្កាន ស្លាបនាងកង្រី គក់ទ្រូង ជួង ក្រណាត់ស ក្រពើដាច់ខ្លួន ផ្កាឈូក ដំរី និងល្អាងព្រហ្មមុខបួន។ល។ ទី២ល្អាងខ្យល់មានថ្លុកទឹកដក់ធ្លាក់តក់ៗពីលើរហូត (ស័ក្តសិទ្ធ) មិនចេះរីងស្ងួត។ ទី ៣ល្អាងឥសី ក្នុងនេះមានថ្មធម្មជាតិមួយដែលមានរូបរាងដូចរូបតាឥសី តែត្រូវគេលួចយកទៅបាត់។ ក្រៅពីល្អាងមានរូបព្រះពុទ្ធបដិមាករមួយដ៏ធំដែលទើបសាង់សង់ នៅចង្កេះភ្នំ ដើម្បីគោរពបូជា។

ជាមួយគ្នានេះលោក ឈាន លឹមឈន់ ប្រជាពលរដ្ឋបានបង្ហាញជំនឿថា ល្អាងភ្នំប្រាំពីរគឺមិនត្រឹមតែជាទីកម្សាន្តពេញនិយមទេគឺកន្លែងដ៏សក្តិសិទ្ធយួរយាឆ្នាំមកហើយ។ពលរដ្ឋពីទីជិតឆ្ងាយតែងមានជំនឿមកបន់ស្រន់ និងខ្លះមកទស្សន៍ទាយជោគជតារាសីទីនេះជាញឹកញាប់។

គួរបញ្ជាក់ថា បើយោងតាមអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌភ្នំប្រាំពីរ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំប្រាំពីរ» ស្ថិតលើផ្ទៃដី ៣៥៣ហិកតា និង៩អា (៣៥៣,៩ហិចតា)។

ក្នុងអនុក្រឹត្យនេះបាន បញ្ជាក់ថា ការបង្កើតរមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតតំបន់បេតិកភណ្ឌធម្មជាតិ មានគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់។ក្រៅពីនេះ ការសម្រេចបង្កើតរមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់បេតិកភណ្ឌធម្មជាតិនេះ ក៏មានគោលបំណងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner