ក្រុមហ៊ុន Tesla លក់រថយន្តបានរហូតដល់ ១.៣លានគ្រឿងនៅក្នុងឆ្នាំ ២០២២
តិចសាសន៍៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សអាមេរិក តេស្លា (Tesla) បានបញ្ជាក់ថា កំណត់ត្រាលក់រថយន្តរបស់ខ្លួនមានចំនួនរហូតដល់ ១.៣លានគ្រឿងកាលពីឆ្នាំមុន ប៉ុន្តែចំនួននេះបានទាបជាងការសន្យារបស់លោកនាយកប្រតិបត្តិ អេលុន ម៉ាស (Elon Musk) ក្នុងការបង្កើនការលក់របស់ក្រុមហ៊ុនដល់ ៥០ភាគរយស្ទើរតែរៀងរាល់ឆ្នាំ។
ក្រុមហ៊ុន តេស្លា បានរាយការណ៍នៅថ្ងៃចន្ទសប្តាហ៍នេះថា រថយន្តចំនួន ៤០៥,២៧៨គ្រឿងត្រូវបានចែកចាយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។ ការចែកចាយរបស់ខ្លួននៅក្នុងត្រីមាសបានកើនឡើងពីចំនួន ៣៤៣,៨៣០គ្រឿងដែលបានលក់នៅក្នុងត្រីមាសទី៣ឆ្នាំមុន ប៉ុន្តែខកខានការរំពឹងទុករបស់ទីផ្សារដែលមានប្រហែលពី ៤២០,០០០គ្រឿង ទៅ ៤២៥,០០០គ្រឿង។
ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ ក៏បានរាយការណ៍ផងដែរនូវការផលិតរថយន្តសរុបចំនួន ៤៣៩,៧០១គ្រឿងនៅក្នុងត្រីមាសទី៤ឆ្នាំមុន ដែលនាំឱ្យការចែកចាយសរុបប្រចាំឆ្នាំរបស់ខ្លួនកើនឡើងដល់ ១.៣១លានគ្រឿង និងផលិតកម្មសរុបក្នុងឆ្នាំ ២០២២ កើនដល់ ១.៣៧លានគ្រឿង។
សូមជម្រាបថា ផលិតកម្មរថយន្តនៅរោងចក្រថ្មីចំនួនពីររបស់ខ្លួន គឺ អូស្ទីន (Austin) និង ប៊ឺលីន (Berlin) បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រុមហ៊ុន តេស្លា បានបញ្ជាក់ថា ខ្លួនក៏បានបង្កើនការផលិតនៅរោងចក្ររបស់ខ្លួននៅទីក្រុងហ្វ្រេមម៉ុន និងសៀងហៃ ផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

