មន្ត្រីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងបញ្ចប់ការសាងសង់ ដោយគ្រោងដាក់ឱ្យដំណើរការ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងបញ្ចប់ការសាងសង់ ហើយគ្រោងនឹងដាក់ឱ្យដំណើរការ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។

នេះជាការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងឯកឧត្តម សុខ សំអាង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងមន្ដ្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀត នៃក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារសរុបចំនួន ១១អគារ ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេសមន្ទីរពេទ្យជាតិ តេជោសន្ដិភាពដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រីទូទាំងប្រទេស ជាពិសេសអ្នកជំងឺមកពី១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងខេត្ដកំពង់ស្ពឺ ដែលជាព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ។ លើសពីនោះ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិ តេជោសន្ដិភាពដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ពិសេសជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា។

មន្ទីរពេទ្យជាតិនេះ ជាការផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយនៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងមានគម្រោងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នេះផងដែរ ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner