ក្រុមហ៊ុនផលិតគ្រឿងអលង្ការម៉ាកល្បីមួយ សម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនម៉ាកល្បីៗ នៅលើពិភពលោក

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក ។

សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៣ រសៀល នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ ដែលបានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។

ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយបានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន បានសិក្សាអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner