ករណីឆ្លងជំងឺផ្ដាសាយបក្សីបានបំបែកកំណត់ត្រាថ្មីនៅប្រទេសជប៉ុន
តូក្យូ៖ ប្រទេសជប៉ុនបានឃើញករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីក្នុងរដូវកាលនេះ ដែលជាកំណត់ត្រាទី៥៣ នៅកសិដ្ឋានចិញ្ចឹមបសុបក្សីក្នុងទីក្រុងអាសាហ៊ី ក្នុងខេត្តឈីបបា ជិតទីក្រុងតូក្យូ។
អភិបាលខេត្តឈីបបា លោក គូម៉ាហ្កៃ តូស៊ីហ៊ីតុ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការផ្ទុះឡើងករណីឆ្លងជំងឺផ្តាសាយបក្សីបន្ថែមទៀតត្រូវតែចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ឧស្សាហកម្មបសុបក្សី និងបសុសត្វក្នុងស្រុក។
ចំណែកអាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានកំណត់អត្តសញ្ញាណវីរុសផ្តាសាយបក្សីដែលឆ្លងខ្លាំង បន្ទាប់ពីមានរបាយការណ៍ពីករណីងាប់សត្វមាន់ចំនួន ៣០ក្បាលនៅក្នុងកសិដ្ឋានកាលពីពេលថ្មីៗនេះ។
ទន្ទឹមគ្នា អាជ្ញាធរនឹងសម្លាប់សត្វមាន់ប្រហែល ១០,០០០ក្បាលនៅកសិដ្ឋាន ហើយបានហាមឃាត់ការដឹកជញ្ជូនសត្វមាន់ និងពងមាន់ក្នុងរង្វង់ចម្ងាយ ៣គីឡូម៉ែត្រ។ បន្ថែមលើនេះ អាជ្ញាធរក៏បានដាក់កម្រិតលើការដឹកជញ្ជូនក្នុងរង្វង់ចម្ងាយ ១០គីឡូម៉ែត្រផងដែរ។ បើតាមក្រសួងកសិកម្មជប៉ុន ចំនួនករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីក្នុងរដូវកាលនេះ គឺកើនឡើងលើសពីកំណត់ត្រាមុនក្នុងរដូវរងាឆ្នាំ ២០២០-២០២១៕







ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា