នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំការងារសំខាន់ៗមួយចំនួន ជូនស្នងការថ្មីខេត្តកំពង់ចាម សំដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិង ប្រសិទ្ធភាពការងារ
(កំពង់ចាម)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំនូវការងារសំខាន់ៗមួយចំនួន ដល់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង សំដៅរក្សាសាមគ្គី និងពង្រឹងប្រសិទ្ធភាពការងារ។
ពិធីប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមីពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា និងឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចូលរួមអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ដែលទើបត្រូវបានប្រកាសចូលកាន់តំណែង និងក៏សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ឯម កុសល អតីតស្នងការ ដែលក្នុងរយៈពេលកាន់តំណែង៦ឆ្នាំមកនេះ អនុវត្តតួនាទីភារកិច្ច ក្នុងការដឹកនាំកងកម្លាំងនគរបាលខេត្ដកំពង់ចាម ធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងអំពីស្នាដៃដែលសម្រេចបានរបស់កងកម្លាំងនគរបាលជាតិ ក្នុងការធានាបានយ៉ាងល្អ សន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ និងទប់ស្កាត់ បង្ការ ព្រមទាំងបង្ក្រាបបទល្មើសបានជាបន្ដបន្ទាប់ ដែលធ្វើឲ្យបទល្មើសថយចុះ៩ភាគរយ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវផ្ដល់លេខទូរស័ព្ទទំនាក់ទំនងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងនៅក្នុងករណីមានបញ្ហាកើតឡើង ឬពួកគាត់មានត្រូវការជំនួយណាមួយពីសមត្ថកិច្ច ៕ ដោយ-រ៉ាវុធ


