អ្នកទេសចរអាចទៅទស្សនាសត្វផ្សោតសមុទ្រ នៅពាមក្រសោប ខេត្តកោះកុង ចាប់ពីខែ វិច្ឆិកា ដល់ ខែមេសា
ខេត្តកោះកុង៖ ចាប់ពី ខែ វិច្ឆិកា រហូតដល់ ខែ មេសា គឺជារដូវទឹកសមុទ្រឡើងធំធ្វើឱ្យសត្វផ្សោតដែលកំពុងរស់នៅតំបន់ ពាមក្រសោប ក្នុងទឹកដី ខេត្តកោះកុង មករកចំណីជាច្រើនក្បាល ហើយនាពេលនេះដែរគឺជាឱកាសល្អសម្រាប់ អ្នកទេសចរ មកកម្សាន្តសម្រាប់មើល សត្វផ្សោត សមុទ្របង្ហាញខ្លួនវត្តមានយ៉ាងសប្បាយរីករាយនៅទីនេះកន្លែងនេះផងដែរ។

គួរបញ្ជាក់ថាសត្វផ្សោតសមុទ្រជាច្រើនក្បាលបានរស់នៅនៅយ៉ា ងសុខុដុម នៅលើសមុទ្រក្នុងទឹកដី ខេត្តកោះកុង ប្រទេសកម្ពុជា។ រៀងរាល់រដូវ ខែវិច្ឆិកា ដល់ខែ មេសា សត្វផ្សោតជាច្រើនក្បាលតែងចេញមកប្រមាញ់រកចំណីយ៉ាងសប្បាយរីករាយ ហើយនាឱកាសនោះអ្នកទេសចរ ក៏អាចមកកម្សាន្តដើម្បីទស្សនាសត្វដ៏កម្រនេះ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្រ្តខេត្តកោះកុងហើយ។
ទាក់ទិនទៅនឹងសត្វផ្សោតនេះ លោក វង្ស តារា អនុប្រធាន តំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង បានអំពាវនាវឱ្យ អ្នកទេសចរ ចូលកម្សាន្តនៅសហគមន៍របស់លោកដើម្បីទស្សនាសត្វផ្សោតសមុទ្រ ពីព្រោះថារៀងរាល់ដល់ ខែវិច្ឆិកា ដល់ខែកុម្ភៈនិង ដល់ ខែ មេសា គឺជារដូវបង្ហាញខ្លួនរបស់សត្វផ្សោតជាច្រើនក្បាលនៅសហគមន៍មួយកន្លែងនេះ។

អនុប្រធានសហគមន៍រូបនេះបានរៀបរាប់ប្រាប់ថា៖ រៀងរាល់ដល់រដូវនេះគឺសត្វផ្សោតតែងបង្ហាញវត្តមានរកចំណី និងប្រលែងប្រដេញគ្នាស្ទើររៀងរាល់យប់ថ្ងៃ ដែលជាទស្សនីយភាពមួយគួរជាទីគយគន់ពេកណាស់។បើភ្ញៀវទេសចរ ប្រាថ្នាចង់ឃើញសត្វដ៏កម្រនេះដោយផ្ទាល់ភ្នែកអាចទស្សនានៅសហគមន៍ចាប់ពីពេលនេះបានហើយ។
លោកបានបន្ថែមថា៖”ដែនជម្រកសត្វព្រៃពាមក្រសោម ព្រមទាំងតំបន់ក្បែរៗជុំវិញឆ្នេរសមុទ្រខេត្តកោះកុង គឺសម្បូរព្រៃកោងកាង ធនធានសមុទ្រ និងមានឆ្នេរសមុទ្រ។ សត្វផ្សោតច្រើនរស់នៅរកស៊ីចំណីកូនត្រី និងរុក្ខជាតិតាមព្រំប្រទល់សមុទ្រប្រទេសកម្ពុជាជាប់នឹងប្រទេសថៃ។

ទាក់ទិនក្នុងរឿងនេះដែរ លោក រ៉េត សុខនីម អនុប្រធានមន្ទីរ ខេត្ត កោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២៣នេះថា៖សត្វផ្សោតដែលមានវត្តនៅក្នុង និង ជុំវិញដែនជម្រកសត្វព្រៃពាមក្រសោបនេះ មានចំនួន៣ប្រភេទគឺ សត្វផ្សោតទន្លេឬហៅថាផ្សោតក្បាលត្រងោល សត្វផ្សោតឥតព្រុយខ្នង និងសត្វផ្សោតឃ្លៀច ។
លោកបានបញ្ជាក់បន្ថែមថា តាមរយៈការសិក្សាស្រាវជ្រាវកាលពីអំឡុងឆ្នាំ ២០១៨គេឃើញវត្តមានសត្វផ្សោតចំនួនប្រមាណជាង ៥០០ក្បាល។
លោក រ៉េត សុខនីម បានបញ្ជាក់បន្ថែមថាចំពោះទីជម្រកសត្វផ្សោតទាំងនេះនៅតំបន់ឆ្នេរ និងសមុទ្រ ក្នុងខេត្តកោះកុងប្រទេសកម្ពុជា និងមួយចំនួនទៀត នៅខេត្ត ត្រាតប្រទេសថៃ។ សម្រាប់នៅខេត្តកោះកុងសត្វផ្សោតទាំងនេះវាច្រើនរស់នៅក្នុងលំហដែនទឹកនៅជាប់ពីខាងក្រៅ នៃពាមផ្លូវទឹកដែលស្ថិតនៅក្នុង និងជុំវិញ ដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង ពោលគឺមាននៅឃុំកោះកាពិ ឃុំបាក់ខ្លង ឃុំពាមក្រសោប និងសង្កាត់ដងទង់។

លោកបានបញ្ជាក់បន្ថែមថា៖ចាប់ពីចុងខែវិច្ឆិការរហូតដល់ ចុងខែមេសាគឺសត្វផ្សោតតែងចេញមក ដោយសារកត្តាសំខាន់ៗមានដូចជា ៖ទី១ ពាក់ព័ន្ធនឹងជីវសាស្រ្តទឹក ទី២ ចំណីអាហារ ,ទី៣ ពាក់ព័ន្ធនឹងលំហូរទឹកនាជ និងទឹកជោរ ដែលតំបន់នេះមានទឹក លំហូរ ចុះលំហូរឡើងធ្វើឱ្យសម្បូរចំណី និង ទី៤ ទាក់ទិនការមិនបំពុលទឹក ព្រោះ ផ្សោត កាលណាបើមានការបំពុលទឹកគឺវានឹងអវត្តមានហើយ ។ អញ្ចឹងមានន័យថាទីកន្លែងយើងនេះពុំមានបំពុលទឹកទេពោលគឺមិនដូចនៅកន្លែងផ្សេងឬប្រទេសផ្សេងទៀតនោះឡើយ ៕ ដោយ៖ ម៉ាដេប៉ូ
