លោក សួន សេរីរដ្ឋា បញ្ជាក់អំពីគុណតម្លៃ និងគុណសម្បត្តិថ្ងៃ៧ មករា ១៩៧៩

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលគ្រប់គ្នាអ្នកដែលបានរស់រានមានជីវិត រួចផុតអំពីការកាប់សម្លាប់ នៃរបបខ្មែរក្រហម ប៉ុល ពត គឺត្រូវដឹងគុណចំពោះអ្នកបានរំដោះអាយុជីវិតរបស់ខ្លួនឱ្យរួចផុតពីរបបកាប់សម្លាប់ របបខ្មែរក្រហម ដែលធ្វើទណ្ឌកម្មប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃដែលអ្នកមានបុណ្យពិតប្រាកដបានយកការលះបង់គ្រប់បែបយ៉ាងមករំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម គឺថាឱ្យរួចផុតពីរបបកាប់សម្លាប់។ អ្នកមានបុណ្យពិតប្រាកដមករំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅថ្ងៃទី៧ មករាខាងមុខនេះ គឺជាខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ( ៧ មករា ១៩៧៩-៧ មករា ២០២៣) គឺជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថ្ងៃ ៧ មករា ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ “។

លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣ ខែមករានេះថា ថ្ងៃទី៧ មករា ១៩៧៩ គឺជាថ្ងៃដែលគ្រប់គ្នាអ្នកដែលបានរស់រានមានជីវិតរួចផុតអំពីការកាប់សម្លាប់ នៃរបបខ្មែរក្រហម ប៉ុល ពត គឺត្រូវដឹងគុណចំពោះអ្នកបានរំដោះអាយុជីវិតរបស់ខ្លួនឱ្យរួចផុតពីរបបកាប់សម្លាប់ របបខ្មែរក្រហម ដែលធ្វើទណ្ឌកម្មប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដោយការបង្ខំឱ្យធ្វើការទាំងយប់ទាំងថ្ងៃ ទាំងស្រ្តី និងកុមារ ទាំងគ្មានថ្ងៃសម្រាកឈប់បុណ្យទាន គ្មានកម្មសិទ្ធិដីធ្លី គ្មានសុខាភិបាល គ្មានថ្នាំពេទ្យសម្រាប់ព្យាបាល និងហូបចុកមិនបានគ្រប់គ្រាន់។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរដែលបានរស់នៅក្នុងរបបប៉ុល ពត ខ្មែរក្រហម គឺសុទ្ធតែបានដឹងច្បាស់អំពីទារុណកម្មនៃរបបគុកឥតជញ្ជាំង ដូច្នេះនៅក្នុងរបបនោះយើងប្រាកដជាបានដឹងបានឮទាំអស់គ្នាហើយថាវាវេទនាកម្រិតណា។ អ្នកដែលរងទុក្ខវេទនាទាំងអស់នោះជឿជាក់ថា ទាំងអស់គ្នាសុទ្ធតែបន់ស្រន់ បន់ផ្សងអង្វររង់ចាំអ្នកមានមានបុណ្យមករំដោះខ្លួនឱ្យរួចផុតអំពីទណ្ឌកម្ម ទារុណកម្មនៃរបបខ្មែរក្រហមដែរ។ ថ្ងៃ ៧ មករា ១៩៧៩ នេះហើយ គឺជាថ្ងៃដែលអ្នកមានបុណ្យពិតប្រាកដបានយកការលះបង់គ្រប់បែបយ៉ាង តស៊ូពលីកម្ម សូម្បីតែគ្រួសារប្រពន្ធកូនក៏សុខចិត្តឃ្លាតចាកឆ្ងាយ ដើម្បីមករំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់មានអាយុជីវិតនៅក្នុងរបបខ្មែរក្រហម គឺថាឱ្យរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម។ ដូច្នេះយើងជាអ្នកគោរពព្រះពុទ្ធសាសនា និងជាប្រជាពលរដ្ឋដែលមានវប្បធម៌កត្តញ្ញូ មានវប្បធម៌ទទួលស្គាល់បុណ្យបាប គឺយើងទទួលស្គាល់អំពីគុណតម្លៃនៃថ្ងៃ ៧ មករា ដែលអ្នកមានបុណ្យពិតប្រាកដមករំដោះអាយុជីវិតរបស់យើងឱ្យរួចផុតពីរបបខ្មែរក្រហមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះ លោកគឺជាសមមិត្តមេបញ្ជាការ គឺជាមេបញ្ជាការដែលបានដឹកនាំកងកម្លាំងរំដោះប្រជាពលរដ្ឋខ្មែរឱ្យរួចផុតពីរបបខ្មែរក្រហម ប៉ុល ពត និងការកាប់សម្លាប់ បង្អត់បាយ នៃរបបវាលពិឃាតទារុណកម្មនៃគុកឥតជញ្ជាំង។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបញ្ជាក់ថា “៧ មករា ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយដែលអ្នកបានរស់ បានឆ្លងកាត់ គឺត្រូវតែរម្លឹកគុណ ហើយត្រូវតែអប់រំកូនចៅជំនាន់ក្រោយឱ្យស្គាល់គុណ កុំឱ្យយកគុណសងជាទោស ប៉ុន្តែត្រូវចាំគុណ និងដឹងគុណចំពោះអ្នកដែលបានរំដោះអាយុជីវិតរបស់យើង។ អ្នកមានបុណ្យពិតប្រាកដ អ្នកដែលលះបង់ពិតប្រាកដដែលរំដោះអាយុជីវិតខ្មែរនោះ គឺនៅរស់រានមានជីវិត គឺសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នគឺជានាយករដ្ឋមន្ត្រី នៃកម្ពុជា។ មិនត្រឹមតែរំដោះអាយុជីវិតរបស់យើងទេ ៧មករានោះ គឺបានផ្តល់នូវអ្វីៗសព្វគ្រប់បែបយ៉ាងដូចដែលយើងមានសព្វថ្ងៃនេះ។ យើងមានថ្ងៃនេះ គឺដោយសារមាន ៧ មករា ១៩៧៩”។

លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ថា គុណតម្លៃ ៧ មករា ១៩៧៩ គឺបានផ្តល់នូវគុណតម្លៃដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ដូចជា ការចរចារវាងខ្មែរ និងខ្មែរ រហូតនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ក៏ជាផ្នែកមួយនៃគុណតម្លៃ៧មករាដែរ។ បើសិនជាគ្មាន ៧មករា គ្មានការរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរកាលពីពេលនោះទេ ក៏មិនអាចមានថ្ងៃ ២៣ តុលា ១៩៩១ ដែលខ្មែរគ្រប់ភាគីអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីដោះស្រាយវិបត្តិទំនាស់ផ្ទៃក្នុងរបស់កម្ពុជា និងរៀបចំឱ្យមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជាទី២ បង្កើតឡើងនៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលយើងកំពុងតែអនុវត្តសព្វថ្ងៃនេះទេ។ បើគ្មាន ៧មករា គឺថាអ្វីៗដែលក្រោយ៧មករា គឺគ្មានទាំងអស់។ ដោយសារយើងមាន ៧មករា ១៩៧៩ ទើបបានយើងមានកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ទើបយើងមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ ទើបយើងអាចស្តារឡើងវិញនៅរបបរាជានិយមទី២ ក្រោយការបោះឆ្នោត១៩៩៣ បង្កើតបានជាសភាធម្មនុញ្ញ សភាជាតិរហូតមកដល់សព្វថ្ងៃ។ ក្រោយពេលមានការបោះឆ្នោតឆ្នាំ១៩៩៣ បានជាមាន ២៩ ធ្នូ ១៩៩៨ ដែលជាខួបនៃទិវាឈ្នះឈ្នះ ដែលរាជរដ្ឋាភិបាលបានដាក់នៅគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា បញ្ចប់ក្បាលម៉ាស៊ីនដឹកនាំនយោបាយ និងយោធារបស់ខ្មែរក្រហម ហើយបង្កើតទៅជាព្រះរាជាណាចក្រកម្ពុជាទី២ ដែលមានអង្គព្រះមហាក្សត្រតែមួយអង្គ មានរដ្ឋធម្មនុញ្ញតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ មានរាជរដ្ឋាភិបាលតែមួយ មានការគ្រប់គ្រងរដ្ឋបាលដែនដីតែមួយតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។

លោកបានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការផ្តើមចេញនៅការរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរនៅថ្ងៃទី៧ មករា ១៩៧៩ កម្ពុជានៅក្រោមការលះបង់ដឹកនាំពលលីកម្មគ្រប់សព្វបែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន គឺផ្តោតលើការយកចិត្តទុកដាក់ទៅលើការរំដោះសិទ្ធិរស់រានមាននជីវិតរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋានរបស់សិទ្ធិមនុស្ស នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺសិទ្ធិរស់រានមានជីវិតនេះហើយ គឺជាសិទ្ធិមូលដ្ឋានដំបូងរបស់សិទ្ធិមនុស្ស។ អ្វីដែលសម្តេចតេជោ បានពលីកម្មស្ទើរតែពេញមួយជីវិតដើម្បីប្រជាពលរដ្ឋខ្មែរ ដើម្បីមាតុភូមិខ្មែរ គឺការរំដោះនៅសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋនេះហើយ។ សិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា គឺចាប់ផ្តើមចេញអំពីគុណតម្លៃនៃថ្ងៃ ៧ មករា ១៩៧៩ ដែលសមមិត្តមេបញ្ជាការ ហ៊ុន សែន ដែលបានដឹកនាំកងកម្លាំងកងទ័ពប្រជាជនបដិវត្តន៍សង្គ្រោះជាតិកម្ពុជាមករំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។ បើទោះបីជាមានក្រុមអគតិមួយចំនួនព្យាយាមលាបពណ៌ ព្យាយាមបំភ្លៃប្រវត្តិសាស្ត្រការពិត និងព្យាយាមបិទបាំងនៅគុណតម្លៃថ្ងៃ ៧ មករា បែបណាក៏ដោយ ក៏ប៉ុន្តែគុណតម្លៃជាប្រវត្តិសាស្ត្រនេះ វាអត់បាត់បង់ទៅណាទេ ហើយវាអត់មានអ្នកណាម្នាក់អាចមកកែច្នៃបានទេ ពីព្រោះវាគឺជាការលះបង់ពិតៗ វាគឺជាការបូជាសាច់ស្រស់ ឈាមស្រស់ វាគឺជាការលះបង់នៅមនោសញ្ចេតនាគ្រួសារប្តីប្រពន្ធគ្រប់សព្វបែបយ៉ាងទាំងអស់ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលះបង់យ៉ាងពិតប្រាកដដោយគ្មានអ្នកណាម្នាក់ប្រឌិត និងបំភ្លៃការពិតបានទេ គុណតម្លៃនេះ គឺធំធេងណាស់។

លោក សេរីរដ្ឋា បានបន្តទៀតថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ទេ របបខ្មែរក្រហម ប៉ុល ពត នៅតែបន្តគ្រប់គ្រងកម្ពុជា ប្រហែលជា ២០ ៣០ ឆ្នាំ ឬ ៤០ឆ្នាំ ក្រោយមកនេះ អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លាប់អស់ហើយ។ ប្រហែលជាប្រទេសកម្ពុជាទាំងមូលក្លាយទៅជាមាតុភូមិទទេ ដែលគ្មានមនុស្សរស់នៅ ហើយយដែលគរដោយសាកសព និងឆ្នឹងខ្មោច។ ដូច្នេះដោយ ៧ មករា ១៩៧៩ នេះហើយបានឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជារស់ឡើងវិញ ធ្វើឱ្យអ្វីៗទាំងអស់ រួមទាំងស្ថាប័ន សាសនា អប់រំ និងសេដ្ឋកិច្ច កម្មសិទ្ធិឯកជនទាំងឡាយត្រូវបានរស់ឡើងវិញ កើតឡើងវិញ អាយុជីវិតប្រជាពលរដ្ឋកើនឡើងវិញដល់ប្រមាណជាង ១៦លាននាក់ ដែលបានកើតនិងកំពុងរស់នៅសាជាថ្មី មានសេរីភាព មានសុវត្ថិភាព មានសន្តិភាព មានការងារធ្វើ មានការអប់រំ មានសេរីភាពសាសនា មានអ្វីៗសព្វបែបយ៉ាងថ្ងៃនេះ គឺសុទ្ធតែកើតចេញអំពីគុណតម្លៃ និងគុណសម្បត្តិថ្ងៃ ៧ មករា ១៩៧៩ ទាំងអស់។ បើទោះបីជាមានអ្នកនយោបាយ គណបក្សយោបាយ និងបក្សនយោបាយមួយចំនួនព្យាយាមបំភ្លៃការពិត ព្យាយាមនិយាយដើម្បីបិទបាំងនៅគុណតម្លៃជាប្តវត្តិសាស្ត្រជាស្នាដៃ ពលីកម្ម ដឹកនាំ លះបង់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ដើម្បីអាយុជីវិតប្រជាពលរដ្ឋនិងមាតុភូមិខ្មែរក៏ពិតមែន។ ក៏ប៉ុន្តែការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់គុណតម្លៃនេះ វាមិនមានលទ្ធផលទេ ពីព្រោះការពិតវាមានតែមួយ សច្ចភាពនៃប្រវត្តិសាស្ត្រ គុណតម្លៃ និងមរតកនយោបាយជាប្រវត្តិសាស្ត្រដែលសម្តេចតេជោបានបន្សល់ទុកសម្រាប់កូនខ្មែរ គឺមាតាំងពីដើមទីមករហូត មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នៅតែគិតគូរខ្វល់ខ្វាយស្តាយស្រណោះអាឡោះអាល័យសិទ្ធិរស់រានមានជីវិត និងថែទាំអាយុជីវិតប្រជាពលរដ្ឋខ្មែរ គឺមិនឱ្យអ្នកណាម្នាក់មកព្យាយាមធ្វើឲ្យកម្ពុជាវិលទៅរកអតីតកាលវិញដ៏សែនវេទនាទេ។ សរុបជារួម ៧ មករា ១៩៧៩ គឺជាកំណើត និងគ្រប់អ្វីៗទាំងអស់ កំណើតមនុស្ស កំណើតសិទ្ធិរស់រានមានជីវិត កំណើតការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កំណើតសន្តិភាព កំណើតនៃការកំណើនប្រជាជនកម្ពុជានៅក្នុងប្រទេសកម្ពុជា កំណើតនៃការអភិវឌ្ឍន៍ កំណើតនៃគ្រប់សព្វបែបយ៉ាងលើគ្រប់វិស័យ គឺកើតចេញពី ៧ មករា ១៩៧៩។ កំណើតនៃគណបក្សនយោបាយ កំណើតនៃរបបប្រជាធិបតេយ្យ សេរី ពហុបក្ស កំណើតនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ កំណើតនៃការចរចាសន្តិភាព កំណើតនៃនយោបាយឈ្នះឈ្នះ កំណើតគ្របវិស័យទាំងអស់ គឺកើតចេញពីគុណតម្លៃ និងគុណសម្បត្តិ ៧ មករា ១៩៧៩ ដែលសម្តេចតេជោបានបន្សល់ទុក ដឹកនាំការតស៊ូ ដើម្បីរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរឱ្យរួចផុតពីរបបខ្មែរក្រហមនាពេលនោះ៕
ដោយ៖ពលជ័យ

ads banner