ការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងនិងការផ្ទុះនៅភូមិមួយក្នុងតំបន់កាស្មៀរ សម្លាប់ជនស៊ីវិលប្រាំនាក់
កាស្មៀរ៖ប៉ូលិសតំបន់បានឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានបាញ់ ប្រហារទៅលើផ្ទះប្រជាជនស៊ីវិលជាបន្តបន្ទាប់គ្នានៅក្នុងភូមិដាច់ស្រយាលមួយក្នុងតំបន់កាស្មៀរ ដែលឥណ្ឌាគ្រប់គ្រង បណ្តាលឱ្យជន ស៊ីវិលយ៉ាងតិចបួននាក់ស្លាប់ និងប្រាំបួននាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី០២ខែមករា។
ប៉ូលិសអះអាងថា ក្រុមខ្មាន់កាំភ្លើងគឺជាពួកសកម្មប្រយុទ្ធ ដែល ប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ ហើយការបាញ់ប្រហារនោះបានកើតឡើងនាពេលយប់ថ្ងៃអាទិត្យនៅភូមិ Dhangri ក្នុងស្រុកភាគខាងត្បូង Rajouri ជិតនឹងខ្សែ បន្ទាត់ កាន់កាប់ (Line of Control) ដែលប្រដាប់ដោយកងកម្លាំង យោធា ខ្ពស់ ហើយបែងចែកតំបន់ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។
បន្ថែមជាមួយគ្នានោះ ប៉ូលិសបានឱ្យដឹងផងដែរថា ការផ្ទុះមួយ ទៀតបានកើតឡើងនៅព្រឹកថ្ងៃចន្ទនៅផ្ទះមួយ ក្នុងចំណោម ផ្ទះ ចំនួនបី ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារមិនរើសមុខកាលពីយប់ ហើយការផ្ទុះនោះបានធ្វើឱ្យក្មេងម្នាក់ស្លាប់ និងប្រាំនាក់រងរបួស។ គិតត្រឹមថ្ងៃចន្ទ គេមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះនៅឡើយទេ។
ក្រោយការបាញ់ប្រហារ អាជ្ញាធរបានប្រញាប់ប្រញាល់ទៅតំបន់នោះ ហើយបើកការស្វែងរកអ្នកវាយប្រហារ ខណៈក្រុមមន្រ្តីឥណ្ឌា អះអាង ថា ប៉ូលិសកំពុងស៊ើបអង្កេតឧបទ្ទេវហេតុទាំងពីរនៅក្នុងភូមិ Dhangri ។
អភិបាលគ្រប់គ្រងតំបន់ លោក Manoj Sinha បានហៅ ហេតុការណ៍នេះថាជាការវាយប្រហារភេរវកម្មដ៏«កម្សាក»។ លោកមានប្រសាសន៍ថា៖ «ខ្ញុំធានាចំពោះប្រជាជនថា អ្នកនៅពី ក្រោយការវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើមនេះ នឹងត្រូវតែទទួលទោស»។
ទោះយ៉ាងណាក៏ដោយ ការវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ បាន បង្កឱ្យ មានការតវ៉ា និងកូដកម្មនៅក្នុងក្រុង Rajouri ដោយប្រជាជន បានបន្ទោសរដ្ឋបាលតំបន់ ចំពោះការធ្វេសប្រហែសផ្នែកសន្តិសុខ។
គួររំឭកថា តំបន់កាស្មៀរគឺជាតំបន់ក្ដៅរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបានទាមទារយកទឹកដីទាំងស្រុងផ្ដាច់មុខរៀងៗខ្លួន។ ពួកឧទ្ទាមនៅក្នុងផ្នែកដែលគ្រប់គ្រងដោយឥណ្ឌានៃតំបន់កាស្មៀរ បានប្រយុទ្ធនឹងការគ្រប់គ្រងរបស់ឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៨៩ មក។ ប្រជាជនមូស្លីមនៅកាស្មៀរភាគច្រើន គាំទ្រដល់គោលដៅរបស់ ពួក ឧទ្ទាមក្នុងការបង្រួបបង្រួមទឹកដី មិនថាវាត្រូវតែស្ថិតនៅក្រោម ការ គ្រប់គ្រងរបស់ប៉ាគីស្ថាន ឬជាប្រទេសឯករាជ្យថ្មីមួយផ្សេង ទៀត យ៉ាងណាក៏ដោយ។
ចំណែកឯឥណ្ឌាវិញ បានទទូចថា សកម្មប្រយុទ្ធនៅកាស្មៀរគឺ ជាក្រុមភេរវករគាំទ្រដោយប៉ាគីស្ថាន ខណៈប៉ាគីស្ថានបានបដិសេធ ការចោទប្រកាន់។ ជម្លោះដ៏រ៉ាំរ៉ៃនៃតំបន់នេះ បានសម្លាប់ជនស៊ីវិល កងកម្លាំងឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលទាំងសង ខាងរាប់ម៉ឺន នាក់៕
ដោយ៖ហួន ឌីណា