ការវាយប្រហាររបស់អ៊ុយក្រែន សម្លាប់កងទ័ពរុស្ស៊ីជាង ៦០ នាក់នៅតំបន់ដុនណិតស្ក៍

ម៉ូស្គូ៖រុស្ស៊ីបានទទួលស្គាល់ថា ទាហានរបស់ខ្លួនរាប់សិបត្រូវបាន សម្លាប់ក្នុងការវាយប្រហារដ៏ខ្លាំងក្លាពីអ៊ុយក្រែន បង្កឱ្យមានការខឹង សម្បារពីអ្នកជាតិនិយមរុស្ស៊ីរួមទាំងសមាជិកសភា ដែលទាមទារឱ្យន មានការដាក់ទោសទណ្ឌចំពោះមេបញ្ជាការចំពោះការដាក់ទាហានឱ្យនៅផ្ទះក្បែរកន្លែងស្តុកគ្រឿងផ្ទុះ។

ក្នុងការទទួលស្គាល់ដ៏កម្រនេះ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ទាហានរុស្ស៊ីចំនួន ៦៣ នាក់ បានស្លាប់ក្នុងថ្ងៃចូលឆ្នាំសកល (១ មករា) នៅក្នុងការផ្ទុះដ៏ខ្លាំងក្លាដែលបានបំផ្លាញបន្ទាយទាហាន បណ្តោះអាសន្នមួយនៅក្នុងក្រុង Makiivka ដែលនៅជាប់ទីក្រុង ដុនណិតស្ក៍ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដុនណិតស្ក៍ ដែល កងកម្លាំងរុស្ស៊ីកំពុងកាន់កាប់។

ក្រសួងបានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី២ ខែមករា ថា ការផ្ទុះបានកើតឡើងបន្ទាប់ពីអ៊ុយក្រែនបើកការ វាយប្រហារដោយរ៉ុក្កែតចំនួន ៦ គ្រាប់ ចេញពីប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។

ក្រសួងគូសបញ្ជាក់ថា រ៉ុក្កែតចំនួនពីរត្រូវបានបាញ់ទម្លាក់ ប៉ុន្តែបួន គ្រាប់ទៀត បានធ្លាក់ចំបន្ទាយទាហាន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ចេញផ្សាយបន្ទាប់ ពីនាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះអាងកាលពីល្ងាចថ្ងៃអាទិត្យថា ទាហានរុស្ស៊ីចំនួនន ៤០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និង ៣០០ នាក់ ផ្សេងទៀតបានរងរបួស។ ប៉ុន្តែ មន្រ្តីគាំទ្ររុស្ស៊ីច្រានចោលតួលេខនេះ ថាជាការបំផ្លើស។
ទោះយ៉ាងណាក៏ដោយ ការវាយប្រហារសាហាវរបស់អ៊ុយក្រែននេះ បង្កការខឹងសម្បារយ៉ាងខ្លាំងពីអ្នកជាតិនិយមរុស្ស៊ី ដែលទម្លាក់កំហុស លើមេបញ្ជាការកងទ័ព។ អ្នកសរសេរប្លុកអំពីយោធារុស្ស៊ីផ្សេងៗគ្នាបាននិយាយថា នេះគឺជា លទ្ធផលនៃការរក្សាទុកគ្រាប់ផ្ទុះក្នុងអគារដូចគ្នាទៅនឹងបន្ទាយយោធា ទោះបីជាមេបញ្ជាការនោះដឹងហើយថាវាស្ថិតនៅក្នុងតំបន់ដែលអាចរងការវាយប្រហារដោយរ៉ុក្កែតពីអ៊ុយក្រែនក៏ដោយ។

ចំណែកឯសមាជិកសភា និងជាអតីតប្រធានព្រឹទ្ធសភារុស្ស៊ី លោក Sergei Mironov វិញ បានទាមទារការទទួលខុសត្រូវ ព្រហ្មទណ្ឌ ចំពោះមន្ត្រីដែលបានអនុញ្ញាតឱ្យមានការប្រមូលផ្តុំយោធានៅក្នុងអគារដែលមិនមានការការពារ និងចំពោះអាជ្ញាធរជាន់ខ្ពស់ទាំងអស់ ដែល មិនផ្តល់ការការពារផ្នែកសន្តិសុខឱ្យបានសមរម្យ។

សូមគូសបញ្ជាក់ផងដែរថា អ៊ុយក្រែនមិនសូវជាចេញមុខប្រកាស ទទួលខុសត្រូវជាសាធារណៈចំពោះការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ដែលកងទ័ពរុស្ស៊ីគ្រប់គ្រងនោះទេ ហើយប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី ក៏មិនបានលើកឡើងយ៉ាង ណាដែរចំពោះការវាយប្រហារកាលពីថ្ងៃអាទិត្យ ក្នុងសុន្ទរកថា របស់លោកកាលពីថ្ងៃចន្ទ។

ចំណែក អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាន ហៅការវាយប្រហារនៅក្រុង Makiivka ថាជា «ការវាយប្រហារ លើកម្លាំងមនុស្ស និងឧបករណ៍យោធារបស់រុស្ស៊ី» ។

ដោយឡែក កាលពីថ្ងៃចន្ទផងដែរ លោក ហ្សេលេនស្គី បានអះអាងថា អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) គ្រប់ ទាំង ៨០ គ្រាប់ ដែលរុស្ស៊ីប្រើដើម្បីធ្វើការវាយប្រហាររដ្ឋធានីកៀវ និងក្រុងដទៃៗទៀត នៅថ្ងៃទី ០១ និង០២ ខែមករា។

មន្ត្រីអ៊ុយក្រែនលើកឡើងថា ការបាញ់ទម្លាក់បែបនេះ បង្ហាញពីភាព ជោគជ័យរបស់ខ្លួន ដែលធ្វើឱ្យយុទ្ធសាស្រ្តរបស់រុស្ស៊ីក្នុងការកម្ទេច ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដោយប្រើមីស៊ីល ឬដ្រូន កាន់តែបរាជ័យឡើងៗ៕
ដោយ៖ហួន ឌីណា

ads banner