អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា ត្រូវតែស្តារអូរឡើងវិញ ទើបអាចដោះស្រាយបញ្ហាជន់លិចដោយមិនអាចរង់ចាំបក់ផ្សែងតទៅទៀតទេ

អត្ថបទដោយ៖
Kien Sereyvuth

ឯ.ឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពប្រឡាយទឹកស្អុយក្នុងក្រុងដែលបាននឹងកំពុងកាយស្តាបើកផ្លូវទឹក អោយទូលាយដើម្បីបញ្ចៀសនិងកាត់បន្ថយនូវការជន់លិចភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមតំបន់ទំនាបនានានៅក្នុងក្រុងព្រះសីហនុ ។ ហើយទីតាំងសំខាន់ៗនៅតាមតំបន់ទំនាបដែលតែងតែប្រឈមការលិចលង់កន្លងទៅ កំពុងត្រូវបានរៀបចំឲ្យបានប្រសើរឡើងវិញជាបណ្ដើរៗ  ហើយ។ ការលិចលង់នេះ,ចាប់ពីពេលនេះទៅអាចលិចតែមួយរយៈខ្លីប៉ុណ្ណោះ វានឹងស្រក់ទៅវិញអស់ មិននៅលិចយូរថ្ងៃដូចពេលកន្លងទៅនោះទេ។
ដើម្បីដោះស្រាយនូវបញ្ហាជំនន់ទឹកភ្លៀងនៅកណ្តាលក្រុងព្រះសីហនុនេះ អភិបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការចំពោះមុខ គឺត្រូវតែរៀបចំធ្វើការស្ដារប្រព័ន្ធប្រឡាយទាំងអស់ ដែលជាផ្លូវទឹកសំ   ខាន់ៗហូរចាក់ទៅសមុទ្រអោយប្រសើរឡើងវិញ។ធ្វើយ៉ាងណាដោះស្រាយឲ្យបានបញ្ហាប្រព័ន្ធផ្លូវទឹកអោយបានធំទូលាយឡើងវិញ ដោយមិនត្រូវរង់ចាំបក់ផ្សែងតទៅទៀតទេ។
ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាឲ្យមន្ត្រីជំនាញទាញដាក់ម៉ាស៊ីនតូប៉ូដើម្បីវាស់ស្ទង់មើលរយៈកំពស់អូតាំងពីចំណុចខ្ពស់ ដល់ចំណុចទាប ដើម្បីរកអោយឃើញចំណុចដែលនាំអោយស្ទះចរន្ត៍ ទឹកហូរ និងបានណែនាំឲ្យក្រុមគ្រឿងចក្រកំពុងកាយនេះ គឺត្រូវធ្វើការកាយពីផ្នែកខាងក្រោមដេញមកផ្នែកខាងលើ ធ្វើយ៉ាងណាបើកផ្លូវទឹកដើម្បីកុំឲ្យចាល់នៅពេលដែលមានភ្លៀងធ្លាក់មកម្ដងៗ។
ចំណែកប្រជាពលរដ្ឋដែលគាត់បានសង់ផ្ទះស្នាក់នៅរំលោភទៅលើអូរ,ផ្លូវទឹកអភិបាលខេត្តបានបញ្ជាក់ថាកំពុងតែប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយ។
ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបាននិងកំពុងតែសង់លំនៅដ្ឋានរំលោភលើប្រព័ន្ធផ្លូវទឹកនេះមានប្រមាណជាង២០០គ្រួសារ ហើយចំពោះមុខនេះមានតែ១១គ្រួសារដែលបានស្ម័គ្រចិត្តសហការជាមួយអាជ្ញាធរ និងបានរើចេញប្ដូរទៅទីតាំង ដែលរដ្ឋបាលខេត្តបានរៀបចំជូនពួកគាត់។
សូមបញ្ជាក់ជូនថា នៅក្រុងព្រះសីហនុ ជាតំបន់ខ្ពង់រាបជាប់មាត់សមុទ្រ ប៉ុន្តែទន្ទឹមនោះក៏មានតំបន់ទំនាបមួយចំនួនផងដែរ គឺនៅកណ្ដាលក្រុងតែម្ដង ដែលតំបន់ទំនាបទាំងនោះតែងតែរងការជន់លិចជាបន្តបន្ទាប់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ដោយសារតែចរន្តទឹកហូរមិនអាចហូរឆ្ពោះទៅសមុទ្របានទាន់ពេលវេលាដោយសារមូលហេតុមានការរំលោភផ្លូវទឹក និងធ្វើឲ្យផ្លូវទឹកអូរធម្មជាតិទាំងអស់បានរួមតូច៕
ដោយ៖សាវ៉ុន

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner