កម្ពុជា ប្រកាសស្វាគមន៍ទេសចរចិនដោយឥតលក្ខខណ្ឌ ផ្នែកសុខាភិបាល និងត្រៀមបដិសណ្ឋារកិច្ចជាស្រេច
ភ្នំពេញ៖ ប្រទេសកម្ពុជា បានប្រកាសស្វាគមន៍ទេសចរចិន មកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល និងទេសចរអន្តរជាតិផ្សេងទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ និងបានដករបាំងសុខាភិបាលតាំងពីឆ្នាំ ២០២២មកម៉្លេះ។ ការប្រកាសស្វាគមន៍ទេសចរចិននាពេលនេះ ធ្វើឡើងស្រប ពេល ដែលរដ្ឋាភិបាលប្រទេសចិន នឹងបើកប្រទេសឡើង វិញនៅថ្ងៃទី ៨ ខែមករាខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី ៥ ខែមករា បានឱ្យដឹងថា ប្រទេសចិនជាប្រទេសធំ មាន ប្រជា ជន ច្រើនជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួមដែលបង្ហាញឱ្យឃើញកាន់តែ ច្បាស់ថាទីផ្សារទេសចរណ៍ចិនជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។
សេចក្តីប្រកាសបញ្ជាក់ថា៖«កម្ពុជាមានសេចក្តីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជាក៏បានត្រៀមរួចជាស្រេចក្នុងការ ទទួលទេសចរចិន ក៏ដូចជាទេសចរអន្តរជាតិផ្សេងទៀតដែរ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាល តាំង ពីក្នុង ឆ្នាំ២០២២កន្លងមក នៅពេលដែលកម្ពុជាប្រកាស បើកប្រទេសឡើងវិញ»។
មុនវិបត្តិជំងឺកូវីដ១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅ ប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០ភាគរយនៃ ទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយ ទេស ចរណ៍ ប្រមាណ២៥៨ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃ ចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥ភាគរយនៃទេសចរពិភពលោក ដែលក្នុង នោះថៃទទួលបាន១១លាននាក់, សិង្ហបុរីទទួល បាន៣.៤លាន នាក់ និងម៉ាឡេស៊ីទទួលបាន៣.១លាននាក់។
ដោយឡែក ទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង ២.៣លាននាក់ ស្មើនឹង៣៥.៧ភាគរយនៃទេសចរអន្តរជាតិ សរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ ១៨០០ លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០ភាគរយនៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។
ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ឆ្នាំ ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិន មាន កា រផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់ គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូលដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន។
សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ដែលរដ្ឋាភិបាលចិន បាន ការ អនុញ្ញាត ឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ បានផ្តល់នូវ កាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួល ទេសចរ ចិនឡើងវិញ។
ក្រសួងទេសចរណ៍ បញ្ជាក់ថា កម្ពុជាជាគោលដៅ ទេសចរណ៍ ដ៏កក់ក្តៅបំផុត ដោយសារកម្ពុជាជាប្រទេសដែលបាន ទទួល នូវការវាយតម្លៃពីអង្គការសុខភាពពិភពលោក ជាប្រទេសឈាន មុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំ សហគមន៍ យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើក សកម្មភាព សេដ្ឋកិច្ច-សង្គមមុនគេក្នុងតំបន់ ដោយបាន ប្រកាន់ ខ្ជាប់នូវ គោលការណ៍ «រៀនរស់ជាមួយជំងឺកូវីដ១៩ តាមគន្លង ប្រក្រតី ភាពថ្មី»។
ស្របពេលជាមួយគ្នា ដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួប អនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព Every Day Is A Wonder»។
ក្រសួងទេសចរណ៍បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និង សកម្មភាព ផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន រួម ជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ ទេសចរ ចិន។ ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិ ជំងឺកូវីដ១៩៕
ដោយ៖ឡាយ សាមាន