អតីតប្រធានណាតូ ជំរុញប្រទេសនានា ឱ្យបង្ហាញ ផលវិបាក ទៅកាន់ចិន ប្រសិន ចិនហ៊ានឈ្លានពានកោះតៃវ៉ាន់
អឺរ៉ុប៖ អតីតអគ្គលេខាធិការអង្គការណាតូ (NATO) បានថ្លែង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសប្រជាធិបតេយ្យទាំងអស់ គួរតែ បញ្ជាក់ឱ្យច្បាស់ពីផលវិបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលប្រទេសចិន នឹង ត្រូវប្រឈមមុខ ប្រសិនបើចិនហ៊ានធ្វើចលនាឈ្លានពាន កោះ តៃវ៉ាន់ ដែលជាកោះស្វ័យភាពពេញលេញមួយ។
ប្រទេសចិនតែងតែអះអាងថាកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន បើទោះបីជាមានការជំទាស់ពីសំណាក់មេដឹកនាំកោះប្រជាធិបតេយ្យមួយនេះក៏ដោយ ហើយចិនបាននឹងកំពុងបង្កើនសម្ពាធ កាន់តែខ្លាំងទៅលើដែនកោះមួយនេះ ដើម្បីចង់បង្ហាញពីការ ទាមទារចង់បាន និងអធិបតេយ្យភាពរបស់ខ្លួន។ ជាក់ស្ដែង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ គេសង្កេតឃើញថាបេសកកម្ម របស់ កងទ័ពអាកាសចិនបានចេញប្រតិបត្តិការនៅ តំបន់កៀក ក្បែរកោះតៃវ៉ាន់ស្ទើរជារៀងរាល់ថ្ងៃ។
ជាអតីតនាយករដ្ឋមន្ត្រីដាណឺម៉ាកនិងជាអតីតអគ្គលេខាធិការអង្គការណាតូផង លោក Anders Fogh Rasmussen បាន ទាញយកហេតុផលនៃភាពស្របគ្នាមួយរវាងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការឈ្លានពានរបស់ចិនទៅ លើ កោះតៃវ៉ាន់ ដោយបានបញ្ជាក់ប្រាប់ថា ប្រទេសប្រជាធិបតេយ្យ ត្រូវតែ ធ្វើការរួមគ្នាដើម្បីធានាឱ្យបាននូវជ័យជម្នះ របស់ អ៊ុយក្រែន និងដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់ ចិនទៅលើកោះតៃវ៉ាន់។
លោក Rasmussen ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុង សន្និសីទសារព័ត៌មាននាទីក្រុងតៃប៉ិថា «ការប៉ុនប៉ងធ្វើ សកម្មភាពបង្កអសន្តិសុខណាមួយពីសំណាក់ប្រទេសចិនដើម្បីផ្លាស់ប្តូរស្ថិរភាពក្នុងតំបន់កោះតៃវ៉ាន់តាមរយៈកម្លាំងយោធា នោះបណ្ដាប្រទេសប្រជាធិបតេយ្យនឹងធ្វើការឆ្លើយតបដូចគ្នាទៅនឹងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ហើយយើងត្រូវតែ បញ្ជាក់ឱ្យបានច្បាស់លាស់ទៅកាន់ប្រទេសចិនអំពីបញ្ហានេះ»។
លោកបានលើកឡើងបន្ថែមថា «ប្រទេសចិនពឹងផ្អែកលើ ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកខ្លាំងជាងរុស្ស៊ី ដូច្នេះការលើក ឡើងនូវផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបណ្ដាលមកពីការវាយប្រហារកោះតៃវ៉ាន់នាពេលនេះនឹងក្លាយជាវិធីសាស្ត្ររារាំងប្រទេសចិនដ៏ខ្លាំងក្លាមួយ»។ លោកបានបន្ថែមថា លោកជឿជាក់ ថាប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កំពុង តាមដាន និងសង្កេតមើលយ៉ាងយកចិត្តទុកដាក់ទៅលើ សង្រ្គាម នៅអ៊ុយក្រែនដែលកំពុងផ្ទុះឡើង។
គួរបញ្ជាក់ផងដែរថា លោក Rasmussen ដែលជាអតីត នាយក រដ្ឋមន្ត្រីដាណឺម៉ាក និងដែលជាអ្នកការទូតជាន់ខ្ពស់ បំផុត នៅលើពិភពលោកមួយរូបនេះ បានចាកចេញពីសម្ព័ន្ធ ភាព ការពារជាតិឆ្លងមហាសមុទ្រអាត្លង់ទិកក្នុងឆ្នាំ២០១៤ និងបានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបដាក់ទណ្ឌកម្មលើប្រទេសចិន ប្រសិនបើចិនហ៊ានចេញសកម្មភាពណាមួយដោយ ប្រើកម្លាំងយោធាវាយប្រហារកោះតៃវ៉ាន់។
យ៉ាងណាក៏ដោយ ចិនធ្លាប់បានលើកឡើងពីការរក្សាសិទ្ធិរបស់ ខ្លួនក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីនាំយកតៃវ៉ាន់ មក ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន ប្រសិនបើស្ថិតនៅក្នុងករណី ចាំបាច់នាពេលខាងមុខ។ ដោយឡែក តៃវ៉ាន់ក៏តែងតែបាន ឆ្លើយ តបទៅវិញថា មានតែប្រជាជនរបស់ខ្លួនទេដែលអាច សម្រេចអនាគតរបស់ពួកគេបាន ហើយការទាមទាររបស់ ទីក្រុងប៉េកាំងត្រូវចាត់ទុកជាមោឃៈ ព្រោះសាធារណរដ្ឋ ប្រជាមានិតចិនមួយនេះមិនដែលធ្លាប់បានគ្រប់គ្រងកោះនេះម្ដងណាឡើយ។
លោក Rasmussen ក៏បានមានប្រសាសន៍ផងដែរថា «បណ្តាប្រទេសនៅអឺរ៉ុបអាចចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនជាមួយកងកម្លាំងយោធារបស់តៃវ៉ាន់ ដែលបច្ចុប្បន្ននេះ កំពុងប្រើ ប្រាស់ អាវុធភាគច្រើនផលិតនៅក្នុងស្រុក និងផលិតដោយ សហរដ្ឋអាមេរិក»។ បណ្ដាប្រទេសដែលជឿជាក់លើលទ្ធិប្រជាធិបតេយ្យនៅលើកោះតៃវ៉ាន់ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើ គោលការណ៍ ច្បាប់ ត្រូវតែធ្វើការធានាឱ្យអ៊ុយក្រែន ទទួល បានជ័យជម្នះ។ ការធ្វើបែបនេះគឺដើម្បីប្រជាជន អ៊ុយក្រែន និងប្រជាជនតៃវ៉ាន់អាចធ្វើការសម្រេចអនាគតរបស់ពួកគេដោយខ្លួនឯង ដូច្នេះលោកសេរីត្រូវតែផ្តល់ការគាំទ្រដល់ពួកគេ»៕
ដោយ៖ធា សុណា
ប្រភពអត្ថបទ៖