ក្រសួងកសិកម្ម នឹងជំរុញផលិតកម្មលើផលិតផលគន្លឹះ ដើម្បីពង្រីកទីផ្សារនាំចេញឱ្យកាន់តែធំ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុក ថា វិស័យកសិកម្ម គឺជាវិស័យសំខាន់មួយមុនគេ ក្នុងចំណោម វិស័យចម្បងៗ ជាច្រើនទៀត ដែលអាចជួយស្តារសេដ្ឋកិច្ច កម្ពុជា។ ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម បានបង្ហាញនូវប្រព័ន្ធ ផលិតកម្មថ្មី ដោយផ្តោតលើការជំរុញខ្សែច្រវាក់ ផលិតកម្ម ផលិតផលកសិកម្មគន្លឹះ ដើម្បីពង្រីកការនាំចេញទៅកាន់ ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំង។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ទស្សនទានក្នុងវិស័យកសិកម្មកម្ពុជា» កាលពីព្រឹកថ្ងៃទី ៥ ខែមករា ថា គោលដៅអភិវឌ្ឍ វិស័យកសិកម្មគឺត្រូវបង្កើនការ នាំចេញកសិផល ប្រកបដោយគុណភាពនិងសុវត្ថិភាព តាម រយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ។
កាលពីមុនការកំណត់លើការពង្រឹងសន្តិសុខស្បៀងកម្ពុជានៅតែជាបច្ចុប្បន្នភាព ប៉ុន្តែលោកថា លើសពីនេះ បច្ចុប្បន្ន ក្រសួងក៏បានបែកចែកចេញជាពីរ គឺទី២.ខែ្សច្រវាក់ទី ផ្សារ ក្នុងស្រុក និងទី២. ខែ្សច្រវាក់ទីផ្សារនាំចេញទៅក្រៅប្រទេស។ ក្នុងន័យនេះ ឯកឧត្តមបញ្ជាក់ថា សម្រាប់ខែ្សច្រវាក់ទី ផ្សារក្នុង ស្រុក ក្រសួងនឹងផ្តោតលើទស្សនទានថ្មីលើការរក្សាស្ថេរភាពថ្លៃ មិនឱ្យកើនឡើង និងមិនឱ្យធ្លាក់ចុះ ដើម្បីកុំឱ្យប៉ះពាល់ដល់ សន្តិសុខស្បៀង ទាំងអ្នកទទួលទាន អ្នកផលិត និងអ្នកចែក ចាយ។

ដោយឡែកសម្រាប់ខ្សែច្រវាក់ទី២ គឺខែ្សច្រវាក់ទីផ្សារនាំចេញ ទៅក្រៅប្រទេសវិញ ឯកឧត្តម ឌិត ទីណា ថាយុទ្ធសាស្ត្រ របស់ក្រសួង គឺជំរុញការនាំចេញផលិតផលដែលមាន គុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ដែលយើងហៅថា ផលិតផលគន្លឹះ ឬផលិតផលប្រណិត។
ដោយផ្អែកលើទស្សនទាននេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ ទៀតថា ៖ «ក្រសួងនឹងផ្តោតលើផលិតកម្មមួយដែលជាផលិត ផលគន្លឹះ ដោយក្រសួងនឹងយកបទពិសោធន៍ជោគជ័យនៃ ផលិតផលម្រេចកំពត យកមកពិនិត្យ វាយតម្លៃ និងរៀបចំ ទៅនឹងស្ថានភាពនៃផលិតផលផ្សេងៗទៀត ដូចជា កៅស៊ូ អង្ករ ស្វាយចន្ទី»។

ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ៖ «ហេតុនេះ យើងមិន ចាំបាច់ ផលិតដោយយកចំនួនបរិមាណច្រើន ដើម្បីយក ទៅប្រកូតប្រជែងជាមួយគេនោះទេ ។យើងស្រមៃឃើញថា យើងត្រូវផលិតក្នុងបរិមាណល្មម តែមានគុណភាព និង លក់ឱ្យបានថ្លៃជាងគេ ។យកផលចំណេញជាគោល ។ចឹងទីផ្សារក្នុងស្រុកយើងរក្សាថ្លៃ និងទីផ្សារស្រុកគឺយើង លើកតម្លៃ»។

ដើម្បីសម្រេចនៅគោលដៅនេះ ក្រសួងកសិកម្ម នឹងធ្វើការ ជិតស្និទ្ធជាមួយនឹងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញលទ្ធភាព ផ្សព្វផ្សាយផលិតផលគន្លឹះ ដើម្បីបើកច្រកទីផ្សារនាំចេញ ទៅកាន់ទីផ្សារនានា ពិសេសទីផ្សារសេរីផងដែរ។ ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួកសិកម្មបានអំពាវនាវ ឱ្យ មានការចូលរួម និងប្រមូលផ្តុំគ្នាពីស្ថាប័នពាក់ព័ន្ធជា រចនា សម្ព័ន្ធមួយ ទាំងពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកផលិត អ្នក ចែកចាយ អ្នកកែឆ្នៃ និងរហូតអ្នកប្រើប្រាស់ថែមទៀត។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល១០ខែ ពោលគឺចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិបានជាង ៣ពាន់លានដុល្លារ (៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាម៉េរិក)។ ក្នុងនោះ រួមមាន ចំណិត ដំឡូងមីក្រៀម មានចំនួន ១ ៦៧០ ០៩០តោន, ម្សៅដំឡូងមី មានចំនួន ៥២ ០៩៣តោន, កាកសំណល់ដំឡូងមី មានចំនួន ៩ ១៧៩តោន, គ្រាប់ស្វាយចន្ទីឆៅ មានចំនួន ៤៦៩ ៥១៥ តោន, គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន ៥៩៩ តោន, គ្រាប់ពោត មានចំនួន ១៥៤ ៩៤៨ តោន, គ្រាប់សណ្ដែកបាយ មានចំនួន ៣៥ ០២៥ តោន ,គ្រាប់សណ្តែកសៀង មានចំនួន ១១៥ ៩៣៥តោន, ផ្លែចេកស្រស់ មានចំនួន ៣២៥ ៨៥៩ តោន, ផ្លែស្វាយស្រស់ មានចំនួន ១៣៨ ៣៧៧ តោន, ដំណាប់ស្វាយ មានចំនួន ១៥ ៨១៦ តោន, ដូងប្រេង មានចំនួន ៥៤ ៨៧៨ តោន, ម្រេច មានចំនួន ៧ ៧០៤ តោន, ថ្នាំជក់ មានជាង ៥ ៦៩៧ តោន និងបន្លែចម្រុះ មានជាង ៨០តោន។

កាលពីពេលថ្មីៗកន្លងទៅសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ ផលិត ផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ២០២៣ ផងដែរ។
ជាមួយគ្នានេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញ ការរំពឹងថា វិស័យសំខាន់ៗចំនួនបី រួមមាន វិស័យឧស្សាហកម្ម, វិស័យសេវាកម្ម និងវិស័យកសិកម្ម នឹងជួយគាំទ្រហើយរុញ ច្រានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣។
រដ្ឋាភិបាលបានរំពឹងទុកដែរថា វិស័យកសិកម្មកម្ពុជា នឹងនៅ បន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១ភាគរយ ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារការរំពឹង ទុកលើ ការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបាន រំពឹងថា នឹងងើបឡើងវិញជាដើម។

ជុំវិញការជំរុញផលិតកម្មលើផលិតផលគន្លឹះ ដើម្បីពង្រីក ទីផ្សារនាំចេញផលិតកសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមួយចំនួន បានជំរុញឱ្យរាជ រដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម ត្រូវតែផ្តោតលើការ បណ្តុះបណ្តាលប្រជាពលរដ្ឋ និងពង្រឹងគុណភាព លើ ផ្នែកសេវាកម្មបន្ថែមទៀត ព្រោះទំហំនៃការ ផលិតលើ ផលិតកសិកម្ម ឬសិប្បកម្មរបស់កម្ពុជានៅមានទំហំ តូចនៅឡើយ៕
ដោយ៖សែម ពិសី

ads banner