វិស័យចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មនៅកម្ពុជាមានជាង ២៦ លានក្បាល កើនឡើងជាង១៣ភាគរយ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ខណៈវិស័យចិញ្ចឹម បសត្វជាលក្ខណៈពាណិជ្ជកម្មនៅកម្ពុជាមានកំណើនជាង១៣ភាគរយនៅក្នុងឆ្នាំ ២០២២។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ទស្សនទានក្នុងវិស័យកសិកម្ម កម្ពុជា» កាលពីថ្ងៃទី ៥ ខែមករា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មនៅកម្ពុជាមានការកើនឡើង ខណៈតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកកាន់តែច្រើន។
លោកបន្តថា កម្ពុជាបានផ្តើមចេញពីការចិញ្ចឹមសត្វដើម្បីផ្គត់ ផ្គង់ជាម្ហូបអាហារក្នុងគ្រួសារ មកជាការចិញ្ចឹមសត្វដើម្បីលក់ យកប្រាក់ចំណេញ ហើយបច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចិញ្ចឹម សត្វកាន់តែច្រើន និងមានទំហំកាន់តែធំ។ ហេតុនេះ លោកថា កម្ពុជាលែងប្រើចំណីសត្វដែលផលិតខ្លួនឯង មកជាការផលិត ចំណីសត្វជាលក្ខណៈឧស្សាហកម្ម និងការទិញចំណីសត្វស្រាប់ មកប្រើប្រាស់ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា វិស័យកសិកម្ម កា រចិញ្ចឹមសត្វនៅកម្ពុជាប្រែក្លាយជាការចិញ្ចឹមបែបពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ ដែលកើនប្រមាណ ១៣,៦ភាគរយក្នុងឆ្នាំ ២០២២។ លោកបានឱ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាមានចំនួន ប្រជាកសិករដែលចិញ្ចឹមសត្វ គិតត្រឹមឆ្នាំ២០២២នេះ មានសរុបប្រមាណជាង ១, ៦លានគ្រួសារ និងមានសត្វសរុប ២៦ លានក្បាលផងដែរ។
ឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ដែរថា គោលដៅអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា គឺត្រូវបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើក កម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការ ប្រកួតប្រជែងទីផ្សារ។ ក្នុងន័យនេះដែរ ដើម្បីជំរុញវិស័យចិញ្ចឹម សត្វនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ក្រសួងកសិកម្មបានដើរ តួនាទីសំខាន់ក្នុងសង្វាក់ផលិតកម្ម ទីផ្សារ ហើយលោកនឹងធ្វើការ យ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមផ្សព្វផ្សាយ បើកទីផ្សារសេរី សម្រាប់ប្រជាកសិករចិញ្ចឹមសត្វកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងវិស័យនេះដែរប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បាននិយាយថា ការបិទការនាំចូលសត្វរស់ពីក្រៅ ប្រទេសក្នុងរយៈពេលជាងមួយឆ្នាំមកនេះ បានជំរុញឱ្យការចិញ្ចឹម សត្វនៅកម្ពុជាមានការកើនឡើង ហើយអាចបំពេញតម្រូវការ ក្នុងស្រុកលើសតម្រូវការថែមទៀត។
លោកបន្តថា បច្ចុប្បន្ននៅកម្ពុជាការចិញ្ចឹមសត្វជ្រូក និងមាន់នៅ មានបញ្ហាប្រឈមខ្លះ ដូចជា ចំណីសម្រេចដាក់លក់នៅលើទី ផ្សារមានតម្លៃប្រេងឥន្ធន:ថ្លៃ ការដឹកជញ្ជូននៅមានតម្លៃថ្លៃ និង សង្រ្គាមអ៊ុយក្រែន-រុស្សីផង ប៉ុន្តែតម្លៃជ្រូករស់ និងមាន់រស់ លក់មិនបានថ្លៃនោះទេ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ ក៏បានស្នើឱ្យស្ថាប័ន ពាក់ព័ន្ធ ពង្រឹងច្បាប់គ្រប់គ្រង់និងទប់ស្កាត់រាល់ផលិតផលសត្វដែល នាំចូលធ្វើយ៉ាងណាឱ្យមានស្តង់ដារ គុណភាព មានច្បាប់ទម្លាប់ ត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធិភាពដល់អ្នកចិញ្ចឹមសត្វនៅកម្ពុជា។
គួរបញ្ជាក់ដែរថា បើតាមលទ្ធផលអង្កេតកសិកម្មឆ្នាំ២០២០-២០២១ គ្រួសារចិញ្ចឹមសត្វសរុបមានចំនួន ១ ៦៧០ ០០០គ្រួសារ ស្មើនឹង៨២ ភាគរយនៃគ្រួសារកសិកម្មសរុបនៅកម្ពុជាចំនួន២០៣៨,០០០គ្រួសារ ក្នុងនោះ អ្នក ចិញ្ចឹមជ្រូក ១០៨ ០០០គ្រួសារ, អ្នកចិញ្ចឹមមាន់ ១៥១៦ ០០០គ្រួសារ, អ្នកចិញ្ចឹមទា ៣៦២ ០០០គ្រួសារ, អ្នកចិញ្ចឹមក្ងាន ១៨ ០០០គ្រួសារ, អ្នកចិញ្ចឹមក្រូច ៤ ០០០គ្រួសារ, អ្នកចិញ្ចឹមគោ ៧៥២ ០០០គ្រួសារ, អ្នក ចិញ្ចឹមក្របី ៨៣ ០០០គ្រួសារ, អ្នកចិញ្ចឹមពពែ ៣ ០០០គ្រួសារ និងអ្នកចិញ្ចឹមសេះ ២ ០០០គ្រួសារ។ ចំនួននេះ គឺគ្រួសារនីមួយៗអាចចិញ្ចឹមសត្វ ច្រើនប្រភេទ (គោ, ក្របី, ជ្រូក, មាន់។ល។)។
ដោយឡែក ក្នុងឆ្នាំ២០២២ ការចិញ្ចឹមសត្វជាលក្ខណៈ ពាណិជ្ជកម្ម មានចំនួនសរុប ២៦,៥៦លានក្បាល ក្នុងនោះ គោ-ក្របី ១៥ ៨៨០ក្បាល ជ្រូក ២,២១លានក្បាល បក្សី ២៤,២៤លានក្បាល ចៀម ១ ៩០០ក្បាល ពពែ ១ ០៥០ក្បាល និងសត្វផ្សេងៗ ៨៩ ០០០ក្បាល។ ទិន្នន័យនេះ បើធៀបនឹងឆ្នាំ២០២១ ការចិញ្ចឹម សត្វជាលក្ខណៈពាណិជ្ជកម្មមានកំណើន ១៣,៦ភាគរយ ក្នុងនោះ គោ-ក្របីកើន ៧,៣ភាគរយ ជ្រូកកើន ២៥ភាគរយ បក្សីកើន ១២,៦ភាគរយ ចៀមកើន ៥,៦ភាគរយ និងសត្វផ្សេងៗកើន ៣១,៩ភាគរយ។
ប្រភពក្រសួងកសិកម្មបញ្ជាក់ថា ដើម្បីដោះស្រាយអតិផរណានៃ ការចិញ្ចឹមសត្វដែលត្រូវចំណាយថ្លៃដើមខ្ពស់ ក្រសួងនឹងលើក ទឹកចិត្តប្រជាជនឱ្យកាត់បន្ថយការចិញ្ចឹមជាលក្ខណៈអាជីវកម្មដើម្បីប្រាក់ចំណេញ មកនៅត្រឹមកម្រិតសន្តិសុខស្បៀងគ្រួសារ និងបង្វែរ កម្លាំងពលកម្មក្នុងការងារចិញ្ចឹមសត្វ ទៅអនុវិស័យផ្សេងទៀត ដែលអាចផ្ដល់ប្រាក់ចំណេញខ្ពស់ជាង ហើយស្របគ្នានឹងឧបនិស្ស័យ របស់ប្រជាជន និងសក្តានុពលធនធានដែលពួកគាត់មាន៕
ដោយ៖ សែម ពិសី