ណេត ថៃយ័រ អ្នកកាសែតអាមេរិកដែលធ្លាប់សម្ភាសប៉ុល ពតដោយផ្ទាល់ បានទទួលមរណភាពក្នុងអាយុ៦២ឆ្នាំ
ភ្នំពេញ៖ លោក ណេត ថៃយ័រ(Nate Thayer) អ្នកសារព័ត៌មាន អាមេរិ កាំងដែលធ្លាប់មកផ្តិតយកព័ត៌មានពីជម្លោះ នៅតំបន់អាស៊ី អាគ្នេយ៍នាសម័យសង្គ្រាមត្រជាក់ ជាអ្នកកាសែតលោកខាងលិចចុង ក្រោយដែលបានសម្ភាសមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត បានទទួលមរណភាពនៅគេហដ្ឋានរបស់លោក នារដ្ឋ ម៉ាសាឈូសេត(Massachusetts) ក្នុងអាយុ៦២ ឆ្នាំ។
យោងតាមប្រភពពីលោក រ៉ូបឺត ថៃយ័រ៩Robert Thayer) ប្អូនប្រុស បង្កើតលោក Nate Thayer បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាក្រុមគ្រួសារលោកបានរកឃើញសាកសពលោក Nate Thayer នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដោយក្រុមគ្រួសារ លោកមិនបានដឹងច្បាស់ថា លោកស្លាប់ពីពេលណាឡើយ។
លោក ណេត ថៃយ័រ ខ្លួនឯងកាលពីឆ្នាំមុន ធ្លាប់សរសេរនៅ បណ្តាញ សង្គមផ្ទាល់ខ្លួនថា លោកកំពុងមានស្ថានភាពសុខភាពធ្លាក់ចុះ ហើយ មានជំងឺសើស្បែកបន្ទាប់ពីធ្វើការវះកាត់ជើងរួច ដែលគ្រូពេទ្យធ្លាប់ ព្រមានថាលោកនឹងមិនអាចដើរបានទៀតផង។
ជាមួយគ្នានេះ លោក Mark Dodd ជាមិត្តរួមអាជីពកាសែត ជាមួយនឹងលោក Nate Thayer បានបញ្ជាក់ប្រាប់ទីភ្នាក់ងារ ព័ត៌មានកម្ពុជា (CPA) ថា Nate Thayer មានស្ថានភាពសុខភាព ទ្រុឌទ្រោមប៉ុន្មានឆ្នាំមកហើយ មុននឹងមានដំណឹងមរណភាពនេះ។
សូមបញ្ជាក់ថា នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ លោក Nate Thayer បានប្រឡូកការងារជាអ្នកកាសែតសេរី (Freelance Journalist) ដែលរំលេចកេរ្ត៍ឈ្មោះជាអ្នកកាសែតមួយរូបដែលមានឆន្ទៈ ស៊ូទ្រាំការ លំបាក និងក្លាហានប្រឈមនឹងហានិភ័យ ដើម្បីអាចតាមដានរឿងរ៉ាវ នានាបានស៊ីជម្រៅសម្រាប់ទំព័រកាសែត និងទស្សនាវដ្តីល្បីៗ ជាច្រើន ស្ថាប័នតួយ៉ាងមានដូចជា Soldier of Fortune, Far Eastern Economic Review, Associated Press និង Washington Post រួមទាំងស្ថាប័នភ្នំពេញប៉ុស្តិ៍របស់កម្ពុជាផង។
នៅក្នុងឆ្នាំ១៩៩៧ លោកបានសម្ភាសលោក សាឡុត ហៅ ប៉ុល ពត ដែលជាមេដឹកនាំខ្មែរក្រហម ខណៈដែលគ្មានអ្នកកាសែតណាធ្លាប់ ជួបសម្ភាសឡើយជាងពីរទសវត្សរ៍ បន្ទាប់ពីលោកបានផ្ញើសារជា សម្ងាត់ទៅនិពន្ធនាយកកាសែត Far Eastern Economic Review លោក ណា៉ាន ចាន់ដា(Nayan Chanda)។
ក្នុងបទសម្ភាសជាមួយ ណេត ថៃយ័រ មេដឹកនាំក្រុមខ្មែរក្រហមប៉ុល ពត ដែលត្រូវគេចោទប្រកាន់ថាបានសម្លាប់ប្រជាជនជាងពីរលាននាក់ ក្រោមអំណាចរបស់លោកដែលលោក ប៉ុល ពតធ្លាប់បាននិយាយថា៖ តើខ្ញុំជាមនុស្សព្រៃផ្សៃមែនឬទេ? ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ កម្ពុជា លើកឡើងថា ស្នាដៃក្នុងវិជ្ជាជីវៈកាសែតរបស់លោក ណេត ថៃយ័រ ទាក់ទងប្រវត្តិសាស្រ្តសម័យទំនើបកម្ពុជាជាស្នាដៃកម្រ ដែល ចូលរួមចំណែកឱ្យសាធារណជនបានជ្រាបពីអង្គហេតុ និងការពិត ជុំវិញបញ្ហាខ្មែរក្រហម។
លោក ឆាំង យុ បានប្រាប់ថា ៖ «លោក Nate Thayer ជាមនុស្សក្លាហាន។ ហ៊ានទៅកន្លែងណាដែលគ្រោះថ្នាក់ ពិបាកទៅដល់ ដើម្បីយកព័ត៌មានណាដែលកម្រ ។នេះជាភាពលេចធ្លោមួយរបស់គាត់»។
លោក ឆាំង យុ សង្កត់ធ្ងន់ថា លោក Nate Thayer មានលក្ខណៈពិសេសដែលជាជនបរទេសអាចបញ្ជ្រាបខ្លួនទៅក្នុងស្ថានភាពសង្គមខ្មែរនាសម័យសង្គ្រាមស៊ីវិល ហើយអាចយកព័ត៌មានដែលអាចចេញផ្សាយប្រាប់ដល់បណ្តាប្រទេសលោកខាងលិចពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ជាពិសេសទាក់ទងក្រុមខ្មែរក្រហមដែលអន្តរជាតិកំពុងចាប់អារម្មណ៍កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅនោះ ខណៈបណ្តាប្រទេសលោកខាងលិចពិបាកនឹងមកស្ទាបស្ទង់ស្ថានការណ៍ពិតប្រាកដមួយនេះបាន។
សម្រាប់លោក មាជ សុវណ្ណារ៉ា ប្រធានបេសកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងជាអតីតអ្នកសារព័ត៌មានខ្មែរដែលធ្លាប់មានទំនាក់ទំនងនឹងលោក Nate Thayer បានរៀបរាប់ថា កាលពីពីរទសវត្សរ៍មុន Nate Thayer បានលេចធ្លោជាអ្នកថតរូបកាសែតដ៏ចំណាន និងជាអ្នកកាសែតសេរីដ៏ពូកែមួយរូបដែលបានលក់ស្នាដៃដល់កាសែតអន្តរជាតិធំៗតួយ៉ាង ស្ថាប័ន ABC ជាដើម ហើយលោកជាមនុស្សរួសរាយរាក់ទាក់ ចេះយកឧស្សាហ៍អ្នកដទៃផងដែរ។
លោក មាជ សុវណ្ណារ៉ា គូសបញ្ជាក់ពីការបាត់បង់សាក្សីប្រវត្តិសាស្រ្តមួយរូបរបស់កម្ពុជាដូច្នេះថា៖ «លោក Nate Thayer ជាសាក្សីប្រវត្តិសាស្រ្តសម័យទំនើបរបស់កម្ពុជាដ៏សំខាន់មួយរូប ដែលប្រឡូកវិស័យសារព័ត៌មាននៅកម្ពុជាជាង ១០ឆ្នាំ ក្នុងការផ្តិតយកកម្រងប្រវត្តិសាស្រ្ត បញ្ហានយោបាយ ដែលជាគន្លឺះនៃវិបត្តិសង្គ្រាមស៊ីវិលកម្ពុជា ទាំងអត្ថបទសរសេរ ទាំងកម្រងរូបថត»។
ចំណែក លោក Mark Dodd អ្នកកាសែតជើងចាស់អូស្ត្រាលីដែលធ្លាប់បម្រើការសម្រាប់ស្ថាប័នរ៉យទ័រ( Reuters) នៅកម្ពុជានាចន្លោះឆ្នាំ ១៩៩១-១៩៩៥ បានរៀបរាប់ថា ទោះបីកាលអំឡុងនៅកម្ពុជា លោក និង Nate Thayer ជាគូប្រជែងក្នុងអាជីពកាសែត។ ប៉ុន្តែពួកគាត់ទាំងពីរជាមិត្តល្អនឹងគ្នា ហើយអ្នកកាសែតដែលស្គាល់ Nate Thayer ចាត់ទុកលោកជាមនុស្សពូកែ និងក្លាហានមួយរួប។
លោកថា ចំណុចពិសេសក្នុងអាជីពរបស់ Nate គឺជាកិច្ចការសម្ភាសមេដឹកនាំខ្មែរក្រហមប៉ុល ពត នៅឆ្នាំ១៩៩៧ ដែលជាអ្នកកាសែតបរទេសចុងក្រោយបាននិយាយដោយផ្ទាល់ជាមួយមេដឹកនាំរបបប្រល័យពូជសាសន៍នេះ។
លោក Mark Dodd សង្កត់ធ្ងន់ថា ៖ «Nate Thayer សម នឹងទទួលបានការសាទរខ្លាំងណាស់ ចំពោះកិច្ចការគាត់ មិនត្រឹម បទសម្ភាសជាមួយប៉ុល ពត នោះទេ តែក៏មាន កិច្ច សម្ភាសផ្តាច់ មុខផ្សេងៗទៀត ជាមួយមេទ័ពខ្មែរក្រហមដ៏ល្បីឈ្មោះ តាម៉ុកទៀត ផង។ ជោគជ័យទាំងនោះមិនមែនជាការចៃដន្យឡើយ តែជាលទ្ធផល ពីការអត់ធ្មត់ តស៊ូខ្លាំងបំផុត»។
សម្រាប់លោក កែវ ឌួង សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តខ្មែរ ក៏បាន លើកឡើងដែរថា មរណភាពរបស់លោក Nate Thayer បាន រំឮកទៅដល់កម្រងស្នាដៃនានាដែលលោកបានសាងឡើង ជា ពិសេសរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរនាសម័យទំនើបនៅតាមបណ្តោយព្រំដែនដែលគេពិបាកប្រមូលបានពោលគឺក្រុមខ្មែរក្រហមនៅតំបន់តស៊ូចុងក្រោយ។
លោកកែវ ឌួង ថា ៖ «លោក Nate Thayer ជាអ្នកចូលរួម ចងក្រង ប្រវត្តិសាស្ត្រ ជាអ្នកកាសែតក្លាហានបានចូល ទៅ សម្ភាសយកព័ត៌មាន ពីក្រុមខ្មែរក្រហមនៅតាមព្រំដែនកម្ពុជា-ថៃ។ ស្នាដៃធំបំផុតរបស់ លោក គឺការសម្ភាសប៉ុល ពត ដែលមិន ងាយមានអ្នកណាសម្ភាស បានទេ»។
លោក កែវ ឌូង បានបន្ថែមថា ស្នាដៃលោក Nate Thayer ជាតឹកតាងប្រវត្តិសាស្រ្តខ្មែរដ៏សំខាន់ ផ្តល់សំឡេង និងទស្សនៈ យល់ឃើញរបស់ប៉ុល ពត ក្រោយអស់អំណាច និងពីក្រោយ ការសម្លាប់រង្គាលប្រជាជន មុនប៉ុល ពត លាចាកលោកទៅ និង ព្រឹត្តិការណ៍ដែលតាម៉ុក កាត់ទោស ប៉ុល ពត ជុំវិញករណីសម្លាប់ សុន សេន ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិរបបកម្ពុជា ប្រជា ធិបតេយ្យ រហូតទៅដល់មរណភាពរបស់ប៉ុល ពត នៅអន្លង់វែង៕
ដោយ៖សំបាន ច័ន្ទដារ៉ា