ស្លឹកគ្រៃដាំទឹកបរិភោគជួយព្យាបាល រលាកទងសួត អាការដេកមិនលក់ ជួយរំលាយអាហារ និងបញ្ចុះកម្តៅ
ភ្នំពេញ៖ ស្លឹកគ្រៃ (Citronella oil)ក្រៅពីប្រើបំបាត់ក្លិន ក្លិនឆ្អាបហើយ តាមការស្រាវជ្រាវបានបង្ហាញថា៖ស្លឹកគ្រៃនៅជារុក្ខជាតិដែលជនជាតិខ្មែរបានចេះយកមកប្រើប្រាស់ធ្វើជាឱសថព្យាបាលរោគជំងឺច្រើនមុខដូចជា ព្យាបាលរលាកទងសួត អាការដេកមិនលក់ ជួយរំលាយអាហារ និង បញ្ចុះកម្តៅទៀតផង ។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ តាមធម្មតាស្លឹកគ្រៃ មានកម្ពស់ ០,៨០-១,៥ម ស្លឹកដុះចេញពីក្តៀង មានក្លិនក្រអូបឈ្ងុយ សំប៉ែតវែងស្រួចចុង មានរោមខ្លីហើយរឹង នៅផ្ទៃក្រោម ផ្ទៃលើរលីង គែមស្លឹកមានរោមខ្លីៗ ហើយរឹងអាចមុត ស្លឹកមានទ្រនុងកណ្តាលក្រាស់ហើយរឹង។ ផ្កាឈ្មោលមានទង ផ្លែស្ងួតរាងទ្រវែង មិនបែក មានគ្រាប់តែមួយជាប់នឹងសម្បកស្តើង។ ដើមមានក្លិនក្រអូបប្រហើរ បន្តពូជដោយបំបែកកូនដើមចេញពីគល់ ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ ។

សម្រាប់ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ក្លិនឆ្អាប។ ឱសថ ស្លឹកគ្រៃដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ជួយរំលាយអាហារ បញ្ចុះកម្តៅ។
គួរបញ្ជាក់ថា៖ បើតាមការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញដែរថា ស្លឹកគ្រៃក៏មានសារជាតិដែលអាចបំបាត់ការឈឺចុកចាប់ តាមផ្លូវរំលាយអាហារ,កាត់បន្ថយសម្ពាធឈាម,ជួយឱ្យអារម្មណ៍ស្រស់ស្រាយ,និង បំបាត់ការវិលមុខ ឬចង្អោរ ជាដើម ៕ ដោយ ៖ ម៉ាដេប៉ូ
