ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យអប់រំអាយជិ នៃប្រទេសជប៉ុនបន្តកិច្ចសហការលើការអប់រំសុខភាពសិក្សានៅសាលាបឋមសិក្សា ការលូតលាស់របស់កុមារនៅបឋមសិក្សាមួយចំនួននៅខេត្តសៀមរាប
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបគណៈប្រតិភូនៃសាកលវិទ្យាល័យអប់រំអាយជិ នៃប្រទេសជប៉ុន ដឹកនាំដោយលោកសាស្ត្រាចារ្យ អ៊ីវ៉ាយ៉ា ស៊ុតុមុ (Iwayama Tsutomu) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអប់រំអាយជិ។

ប្រតិភូសាកលវិទ្យាល័យអប់រំអាយជិ បានរាយការណ៍អំពីកិច្ចសហការលើការអភិវឌ្ឍធនធានគ្រូបង្រៀន កិច្ចសហការលើការអប់រំសុខភាពសិក្សានៅសាលាបឋមសិក្សា ការលូតលាស់របស់កុមារនៅបឋមសិក្សាមួយចំនួននៅខេត្តសៀមរាប តម្រូវការក្នុងវាស់កម្ពស់ ថ្លឹងទម្ងន់កុមារ ដើម្បីវាយតម្លៃពីការលូតលាស់របស់កុមារនៅសាលាបឋមសិក្សាទូទាំងប្រទេស។

សូមជម្រាបថា សាកលវិទ្យាល័យអប់រំអាយជិ ចាប់ផ្តើមបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ជាតិចំនួន២០រូប ដែលអញ្ជើញមកពីវិទ្យាស្ថានជាតិអប់រំ និងនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អំពីរបៀបវាយតម្លៃការលូតលាស់របស់កុមារនៅបឋមសិក្សា។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យអប់រំអាយជិ ដែលបានធ្វើការស្រាវជ្រាវពីការលូតលាស់របស់កុមារកម្ពុជា ដែលលទ្ធផលនៃការស្រាវជ្រាវនេះជាភស្តុតាងសម្រាប់រកថវិកាក្នុងការធ្វើអន្តរាគមន៍អំពីការលូតលាស់របស់កុមារនៅកម្ពុជា។ លោកជំទាវបានលើកឡើងថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ពិតជាបានជួយដល់ការលូតលាស់របស់កុមារ។ ក្រសួងអប់រំ យុវជន និងកីឡា មានទិសដៅពង្រីកកម្មវិធីផ្ដល់អាហារតាមសាលារៀន មិនត្រឹមតែសម្រាប់បឋមសិក្សាទេ ប៉ុន្តែរហូតដល់មត្តេយ្យសិក្សាផងដែរ៕ដោយ-រ៉ាវុធ

