សភាពាណិជ្ជកម្ម គាំទ្រការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី

អត្ថបទដោយ៖
CPA

ភ្នំពេញ:ដោយមានការស្នើសុំពីធុរជនអូស្ត្រាលី និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការ ពិនិត្យលទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី សភាពាណិជ្ជកម្មកម្ពុជាកាលពីនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឯកភាពគាំទ្រជា គោលការណ៍ទៅលើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សានេះនឹងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តន៍សកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមមានដូចជា រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្ម ពាណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច និងសកម្មភាពផ្សេងៗទៀត។

សភាពាណិជ្ជកម្មបន្តថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី នឹងបំពេញភារកិច្ចសំខាន់ៗដូចជា ផ្តល់យោបល់អំពីការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ ការតភ្ជាប់ឧស្សាហកម្មនិងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី និងបង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន
អូស្ត្រាលី និងក្រុមហ៊ុនអន្តរជាតិ ដើម្បីជំរុញ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍មកកាន់កម្ពុជា។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្លែងថា ក្រសួងកាលពីកន្លងទៅបានស្នើសុំសភាពាណិជ្ជកម្ម ដើម្បីស្នើសុំធាតុចូល អំពីលទ្ធភាពបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី នេះ បន្ទាប់ពី ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិបានជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ទាក់ទងនឹងករណីស្នើសុំបង្កើត Cambodia-Australia Business Advisory Group (CABAG) ដើម្បីចងក្រងធុរជនអូស្ត្រាលី ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគ ពីអូស្ត្រាលីមកកាន់កម្ពុជា។

លោកបន្តថា CABAG នឹងដើរតួជាក្រុមការងារស្ម័គ្រចិត្តដើម្បីផ្សព្វផ្សាយ និងនាំក្រុមហ៊ុនរបស់អូស្ត្រាលី ព្រមទាំងសហគ្រិនដែលបានបង្កើតអាជីវកម្មរួច ឬមានបំណងចង់បង្កើតអាជីវកម្មជាមួយកម្ពុជា ដើម្បីដឹកនាំការបង្កើត Cambodia-Australia Business Council (CABC) នៅក្នុងរដ្ឋនីមួយៗក្នុងប្រទេសអូស្ត្រាលី ដូចជារដ្ឋ New South Wales, Victoria, South Australia និង Queensland។

ឯកឧត្តមថ្លែងថា៖ «CABAG អាចនឹងរៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្ម ពាណិជ្ជកម្ម ព្រមទាំងសកម្មភាពផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មផ្សេងទៀតផងដែរ»៕ ដោយ:យុទ្ធ វិរ:

ads banner