សម្ដេចតេជោ ហ៊ុន សែន៖ ស្មារតីនៃសន្តិភាព និងសាមគ្គីភាព នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបាន ៦,៦ភាគរយ នៅឆ្នាំ២០២៣នេះ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ នៅក្នុង ពិធីខួបអនុស្សាវរីយ៍លើក៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា បាន ថ្លែងទៅកាន់ប្រជាជនទូទាំងប្រទេសថា ការយកឈ្នះលើជំងឺ កូវីដ១៩ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វង់ ៥.៥ភាគរយ នៅឆ្នាំ២០២២ និងរំពឹងសម្រេចបាន ៦.៦ភាគរយ នៅឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្វីត្បិតតែជំងឺកូវីដ១៩ មិនទាន់បានផុតរលត់ទៅក៏ពិតមែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច កម្ពុជា បានចាប់ផ្តើមវិលទៅរកភាពប្រក្រតី និងល្អប្រសើរ ឡើងវិញ ដោយបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វង់ ៥,៥ភាគរយ នៅឆ្នាំ២០២២ ហើយនិងរំពឹងសម្រេចបាន ៦,៦ភាគរយ នៅឆ្នាំ២០២៣។
សម្ដេចតេជោបានបញ្ជាក់ថា៖« ឈរលើស្មារតីអភិវឌ្ឍជាតិ កម្ពុជាបាននិងកំពុងរីកចម្រើន ហើយប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រាក់សោធននិវត្តន៍សម្រាប់ អតីត យុទ្ធជន និងនិវត្តន៍ជន ប្រាក់ឈ្នួលកម្មករ និយោជិតក្នុងវិស័យ វាយនភណ្ឌ ត្រូវបានដំឡើងជាបន្តបន្ទាប់។ ការបន្តរួបរួមគ្នា ឈរលើមាគ៌ាដ៏ត្រឹមត្រូវ នឹងគ្មានអ្វីមកបំផ្លិចបំផ្លាញ នូវ សមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់កម្ពុជាបាននោះឡើយ។ យើងនឹងធ្វើគ្រប់យ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម»។
ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះដែរ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភា កម្ពុជា បានឱ្យដឹងដែរថា កំណើននៃការប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២២នេះ សបញ្ជាក់ឲ្យឃើញថា ការប្រកបមុខរបរ អាជីវកម្ម នានានៅទូទាំងប្រទេសកម្ពុជា ចាប់ផ្តើមវិលត្រលប់ ទៅរកសភាពធម្មតាវិញជាបណ្តើរៗហើយ ជាពិសេសកិច្ច ពាណិជ្ជកម្ម អន្តររបស់កម្ពុជា មានដំណើរទៅដោយរលូន ទាំងតម្រូវការ និងការផ្គត់ផ្គង់។
លោកបានបន្ថែមថា កម្លាំងនៃវិនិយោគទុនពីបរទេស ក៏អាចជាចលករមួយ ក្នុងការជំរុញកំណើននៃការប្រមូល ពន្ធគយផងដែរ ពីព្រោះថា បើគ្មានការវិនិយោគនោះទេ ដំណើរការសេដ្ឋកិច្ចទាំងមូលក៏មិនអាចទៅដោយរលូនបានដែរ។
លោកបានបញ្ជាក់ថា ៖« ដោយសញ្ញាណនៃឆ្នាំ២០២២ ហាក់មានសន្ទុះខ្លាំងគួរសម ដូចនេះក្នុងឆ្នាំ២០២៣អាច នឹងបន្តមានកំណើនបន្ថែមទៀត ដូចអ្វីដែលរដ្ឋាភិបាលបាន រំពឹងទុក នៅពេលដែលការអនុគ្រោះពន្ធទៅលើវិស័យ មួយចំនួន ត្រូវផុតកំណត់ ស្របពេលការបើកប្រទេសយ៉ាង ពេញ ឡើងវិញ »។
តាមការព្យាករណ៍ទុក របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងពីឡើងដល់ ១ ៩២៤ដុល្លារ ធៀបនឹង ១ ៧៨៥ដុល្លារ ក្នុងឆ្នាំ២០២២៕
ដោយ៖វណ្ណ សុជាតា