រដ្ឋកាលីហ្វ័រញ៉ាប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងទឹកជំនន់ បន្ថែមទៀត

ប្រជាជននៅកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រាប់សិបលាននាក់ប្រឈមមុខនឹងការធ្លាក់ភ្លៀងខ្លាំងមួយទៀត ជាមួយនឹងខ្យល់បក់ខ្លាំង និងទឹកជំនន់ បន្ទាប់ពីបញ្ហាអាកាសធាតុមិនឈប់ឈរ ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ ដែលបានសម្លាប់មនុស្ស ១២ នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានថាមពលអគ្គិសនីប្រើប្រាស់។

អ្នកស្រុកភាគច្រើន នៃរដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាជនសរុប ៣៩លាននាក់អាចនឹងរងការធ្លាក់ភ្លៀងធ្លាក់ខ្លាំង រហូតដល់ ៥ អ៊ីង (១៣ សង់ទីម៉ែត្រ) នៅជិតឆ្នេរសមុទ្រ ច្រើនជាងមួយហ្វីតនៃព្រិល នៅភាគខាងលិច និងខ្យល់បក់ឡើងដល់ ៦៤ម៉ាយក្នុងមួយម៉ោងនៅទូទាំងរដ្ឋ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមសេវាអាកាសធាតុជាតិ។

ការព្យាករណ៍ កាលពីថ្ងៃចន្ទ គឺជាជុំចុងក្រោយនៃអាកាសធាតុអាក្រក់ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១២ នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នេះជាអ្វីដែលអភិបាលរដ្ឋ លោក ហ្គាវីន ញូសុំា (Gavin Newsom) បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ។ ក្នុងចំណោមជនរងគ្រោះ មានក្មេងដែលទើបចេះដើរតេះតះម្នាក់ ដែលត្រូវដើមឈើក្រហមមួយដើមបាក់សង្កត់ ផ្ទះចល័ត នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ អាកាសធាតុក៏បានបំផ្លាញដើមឈើ និងខ្សែភ្លើងផងដែរ ដែលធ្វើឱ្យដាច់ចរន្តអគ្គិសនី ដោយប្រជាជនកាលីហ្វ័រញ៉ារាប់ម៉ឺននាក់គ្មានថាមពលប្រើប្រាស់។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រាអាសន្នដែលអនុញ្ញាតឱ្យទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ និងប្រមូលធនធានសង្គ្រោះបន្ទាន់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner