នាយករដ្ឋមន្ត្រីអ៊ីតាលី បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះផែនការស្តារសហភាពអឺរ៉ុប
រូម ៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី ចចជៀ មេឡូនី និងប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានពិភាក្សាអំពីបញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងគោលនយោបាយការធ្វើចំណាកស្រុករបស់អឺរ៉ុប។
លោកស្រី មេឡូនី បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ីតាលី ចំពោះផែនការស្តារ និងភាពធន់ជាតិ (NPRR) របស់សហភាពអឺរ៉ុប (EU) ដែលផ្តល់ឱ្យប្រទេសអ៊ីតាលីនូវជំនួយឥតសំណងប្រមាណ ២០០ពាន់លានអឺរ៉ូ ឬប្រមាណ ២១៥ពាន់លានដុល្លារ និងប្រាក់កម្ចីដែលមានការប្រាក់ទាប ដរាបណាប្រទេសអ៊ីតាលីបន្តដំណើរការជាមួយកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែរឹងមាំ និងមាននិរន្តរភាពជាងនេះ។
ចំណែកលោកស្រី វ៉ុន ដឺ ឡេយែន វិញ កំពុងរៀបចំកិច្ចពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី៩ និង១០ ខែកុម្ភៈខាងមុខ ដែលគ្រោងនឹងពិភាក្សាជាពិសេស អំពីកំណើនសេដ្ឋកិច្ចអឺរ៉ុប និងការធ្វើចំណាកស្រុក។
វាកើតឡើងនៅពេលដែលប្លុកនេះប្រឈមមុខនឹងបញ្ហាជាច្រើន ចាប់ពីអតិផរណាខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺតដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន រហូតដល់ការបែងចែករវាងប្រទេសលើគោលនយោបាយ រួមមានទាំងវិស័យថាមពល និងការធ្វើចំណាកស្រុកជាដើម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

