ឯកឧត្តម ផៃ ប៊ុនឈឿន ជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង យកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រងសំណល់រឹងទីប្រជុំជន ការរៀបចំសកម្មភាពគ្រប់គ្រងគុណភាពទឹក
ស្ទឹងត្រែង ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។
កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការចូលរួមពីលោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈរ រតនៈ អគ្គាធិការ លោកអគ្គនាយករង លោកប្រធាននាយដ្ឋានតំណាង អគ្គនាយកដ្ឋាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ប្រធានការិយាល័យ មន្ត្រី មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន៦៥រូប។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង យកចិត្តទុកដាក់កាន់ប្រសើរថែមទៀត លើការគ្រប់គ្រងសំណល់រឹងទីប្រជុំជន ការរៀបចំសកម្មភាពគ្រប់គ្រងគុណភាពទឹក ឲ្យដំណើរការបានរលូន ការពង្រឹងកិច្ចសហការល្អ ក្នុងការការពារនិងអភិរក្សនៅតាមតំបន់ការពារធម្មជាតិ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីដោយសាមគ្គីភាពជាក្រុម ធ្វើការដោយស្នាមញញឹមជាមួយគ្នា និងខិតខំស្រាយបញ្ហាឱ្យទៅជាឱកាស ៕ ដោយ / គ្រី សម្បត្តិ


