រដ្ឋធានីឥណ្ឌា ដាក់បម្រាមលើការបើកបរយានជំនិះ ចំពេលមានការបំពុលបរិយាកាសធ្ងន់ធ្ងរ
ញូវដែលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្រិតនៃការបំពុលខ្យល់នៅក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានប្រែក្លាយទៅជាស្ថានភាពធ្ងន់ធ្ងរ ដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់ ដាក់ការទប់ស្កាត់លើយានយន្តមួយចំនួនរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។
ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលបរិយាកាសថ្នាក់កណ្តាល (CPCB) បានឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់ទាំងមូល (AQI) ប្រែទៅជាធ្ងន់ធ្ងរនៅចំនួន ៤៤៤។ ទន្ទឹមគ្នា រដ្ឋាភិបាលក្នុងតំបន់ ដោយមើលឃើញពីគុណភាពខ្យល់កាន់តែអាក្រក់នៅទីក្រុងដេលី បានសម្រេចដាក់បម្រាមបណ្តោះអាសន្នលើការបើកបររថយន្តប្រើសាំង BS-III និងម៉ាស៊ូត BS-IV នៅក្នុងរដ្ឋធានីជាតិចាប់ពីថ្ងៃអង្គារសប្តាហ៍នេះទៅ។
ផ្អែកលើភាពធ្ងន់ធ្ងរនៃសន្ទស្សន៍គុណភាពខ្យល់ទាំងមូល (AQI) របស់ទីក្រុងដេលី អ្នកជំនាញផ្នែកសុខភាពបានណែនាំអ្នកស្រុក ឱ្យបញ្ឈប់សកម្មភាពនៅខាងក្រៅនៅពេលព្រឹកព្រលឹម និងក្រោយពេលថ្ងៃលិច ក្រៅពីជៀសវាងការធ្វើលំហាត់ប្រាណយូរ ឬខ្លាំងពេក។
បើយោងតាមក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលបរិយាកាសថ្នាក់កណ្តាល (CPCB) និង សន្ទស្សន៍គុណភាពខ្យល់ទាំងមូល (AQI) ចន្លោះចំនួន ០ ដល់ ៥០ ត្រូវបានចាត់ទុកថា “ល្អ”, ចន្លោះពី ៥១ ដល់ ១០០ “ល្អខ្លាំង” ហើយចន្លោះ ១០១ ដល់ ២០០ “មធ្យម”, ចន្លោះពី ២០១ ដល់ ៣០០ “ខ្សោយ”, ចន្លោះពី ៣០១ ដល់ ៤០០ “ខ្សោយខ្លាំង” និងចន្លោះ ៤០១ ដល់ ៥០០ “ធ្ងន់ធ្ងរ” ហើយលើសពី ៥០០ គឺធ្ងន់ធ្ងរខ្លាំង បូករួមនឹងការប្រកាសអាសន្ន។ ការបំពុលខ្យល់បន្តកាន់តែអាក្រក់នៅក្នុងទីក្រុងញូវដែលី ហើយវាកាន់តែធ្ងន់ធ្ងរឡើងក្នុងអំឡុងរដូវរងា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

