ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ បានអនុញ្ញាតឱ្យ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញ សមត្ថភាព នៃប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីក្តីរីករាយដែលបានជួបជាមួយឯកឧត្ត Pablo Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជាដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ដែលចាត់ទុកថានេះជាបេសកកម្មមួយនៅក្នុងដំណាក់កាលដែល ឯកឧត្តម Pablo Kang ជាឯកអគ្គរដ្ឋទូត បានឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ គឺការរៀបចំកិច្ចប្រជុំកំពូលលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឋានៈកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏ចាត់ទុកថា ជាការខិតខំពុះពារដើម្បីឱ្យរួចផុតពីវិបត្តិកូវីត19ក្នុងនោះអូស្រ្តាលីក៏បានជួយជ្រោមជ្រែងដើម្បីឱ្យវិបត្តិនេះបានធូរស្រាលក្នុងពិភពលោក និងព្រះរាជាណាចក្រកម្ពុជា។

ចំពោះការងារធនធានមនុស្ស យើងឃើញថារដ្ឋាភិបាលអូស្រ្តាលីបានជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលីជាបន្តបន្ទាប់ក្នុងចំនួនច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោកដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីតែងតែបានផ្តល់ការលើកទឹកចិត្តដល់និស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលីផងដែរ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ ឯកឧត្តម Pablo Kang ដែលបានសហការនិងឆ្លើយតបតាមសំណើរបស់ក្រសួងដោយបានបញ្ជូនអ្នកជំនាញមកជួយគាំទ្រលើសុវត្ថិភាពក្នុងវិស័យសំណង់នៅកម្ពុជានិងបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវដើម្បីមកសិក្សាស្រាវជ្រាវក្នុងវិស័យសំណង់នៅកម្ពុជាក្នុងដំណាក់កាលជួបវិបត្តិកូវីត19។

ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាអាចនិយាយបានថា មានសុវត្ថិភាព ផាសុកភាពក៏ដូចជាកំណើនសេដ្ឋកិច្ចប៉ាន់ស្មានក្នុងឆ្នាំ២០២២កន្លងមកនេះគឺមានប្រមាណ៥,៥%។ កិច្ចការដែលក្រសួងកំពុងតែសកម្មនោះគឺការចុះបញ្ជីដីធ្លីដែលបច្ចុប្បន្ននេះបាន៩៦,២%ហើយ។ រីឯវិស័យសំណង់វិញគឺក្រសួងបានបញ្ចប់ការសាងសង់មន្ទីរពិសោធន៍សំណង់ជាតិផងដែរ។

ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា និងជាស្ថាប័នថ្នាក់ជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា សង្ឃឹមថា បេសកកម្មរបស់ឯកឧត្តម Pablo Kang ពិតជាបានទទួលនូវផ្លែផ្កាសំរាប់ជាផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការពង្រឹងសាមគ្គីភាព ចំណងមិត្តភាពយូរអង្វែងរវាងប្រជាជនកម្ពុជានិងអូស្រ្តាលី និងរវាងរដ្ឋាភិបាលប្រទេសទាំងពីរដើម្បីជាផលប្រយោជន័ឱ្យគ្នាទៅវិញទៅមកនិងបន្តគាំទ្រគ្នាទៅវិញទៅមកដើម្បីសន្តិសុខ សុវត្ថិភាពនិងការអភិវឌ្ឍ។

ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញពីក្តីរីករាយដែលបានបំពេញការងារជាមួយសហការីក្នុងការជួយដល់ប្រទេសកម្ពុជាជាពិសេសក្នុងដំណាក់កាលជួបវិបត្តិកូវីត19។

ឯកឧត្តមបន្តថាប្រទេសអូស្រ្តាលីបានផ្តល់ជំនួយជាវ៉ាក់សាំងប្រឆាំងកូវីត19ប្រភេទ Pfizer និងទូត្រជាក់សំរាប់ស្តុកទុកវ៉ាក់សាំងចំនួន ១៣៣ទូ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីត19។ អូស្រ្តាលីបានផ្តល់ការគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជាអស់រយះពេលជាង២ទស្សវត្សរ៍មកហើយ និងបានធ្វើការជាមួយមន្ទីរពេទ្យខេត្តនិងមណ្ឌលសុខភាពនានាដើម្បីផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅទីជនបទ។

ឯកឧត្តមបានទទួលយកនិងពិនិត្យមើលលើសំណើររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងមណ្ឌលសុខភាពស្រុកក្រូចឆ្មារ ដោយពិភាក្សាជាមួយក្រុមការងារដែលធ្វើការនៅក្នុងកម្មវិធីស្ម័គ្រចិត្តដើម្បីបញ្ជូនពួកគាត់មកជួយលើផ្នែកសុខាភិបាលនៅមណ្ឌលសុខភាពស្រុកក្រូចឆ្មារ ដែលយើងក៏ធ្លាប់មានអ្នកស្ម័គ្រចិត្តជាជនជាតិអូស្រ្តាលីដែលបានមកកម្ពុជាកាលពីចុងឆ្នាំមុននិងមានអ្នកស្ម័គ្រចិត្តដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាលផងដែរដើម្បីមកជួយលើវិស័យសុខាភិបាលនៅកម្ពុជា។

ឯកឧត្តម បានបង្ហាញពីក្តីរីករាយដែលក្នុងអាណត្តិការទូតរបស់ឯកឧត្តមគឺឯកឧត្តមបានជួបជាមួយរដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់នៅកម្ពុជាក្នុងនោះមានក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផងដែរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជួយដល់កម្ពុជាលើគ្រប់ផ្នែក គ្រប់វិស័យ សំដៅពង្រឹងចំណងទាក់ទងមិត្តភាពសាមគ្គីភាពគ្នាទៅវិញទៅមក រវាងកម្ពុជានិងអូស្រ្តាលីអោយកាន់តែប្រសើរឡើងថែមទៀត ៕ ង៉ាន់ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner