កម្ពុជា-អូស្រ្តាលី ដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ
ភ្នំពេញ៖ កម្ពុជា-អូស្រ្តាលី បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារ សំខាន់ៗចំនួន២ រួមមាន៖ ទី១. កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប និង ទី២. កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងបានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ (Single Digital Platform) ដែលក្នុងនោះរួមមាន គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal), ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ដើមកំណើតទំនិញ (Self-Certification) និងប្រព័ន្ធផ្ទៀងផ្ទាត់ដើមកំណើតទំនិញជាអន្តរជាតិ (Rule of Origin International Verification System) ដើម្បីជាជំនួយដល់ធុរជនក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពុជាជាប្រទេសហត្ថលេខី។

ក្នុងពិធីដាក់សម្ពោធនេះ ធ្វើឡើងកាលពី រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ, តម្រូវការរបស់អ្នកប្រើប្រាស់, វិធានការអនាម័យនិងភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយផ្សេងទៀត, ការប្រើប្រាស់ផលិតផល, ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល។ បន្ថែមពីនេះ ដំណាំ និងកសិផលរបស់កមកម្ពុជា ជាច្រើនប្រភេទ ដែលព័ត៌មានទាំងនេះ គឺមានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។

ចំពោះ សៀវភៅព័ត៌មានស្តីពី កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឯកឧត្តមរដ្ឋមន្ត្រីបន្តថា វានឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី មានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប (Regional Comprehensive Economic Partnership – RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (Cambodia-People’s Republic of China FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (Cambodia-Republic of Korea FTA) ជាដើម។ លើសពីនេះ សៀវភៅព័ត៌មាននេះនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។
ដោយឡែក ថ្នាលឌីជីថលតែមួយវិញ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា គ្រោងអភិវឌ្ឍឡើងតាមលំអានរបស់គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលីផ្ទាល់ ហើយក៏នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា។ ម្យ៉ាងទៀតថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញដែលមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សៀវភៅទាំងពីរខាងលើត្រូវបានរៀបរៀងឡើងដោយមានការគាំទ្រពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ហើយថ្នាលឌីជីថលតែមួយ ត្រូវបានគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយទៀតរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថាកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា ក្រសួងពាណិជ្ជកម្មវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធី CAP RED សម្រាប់ការគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ព្រោះគម្រោងនេះនឹងជួយកម្ពុជាក្នុងការសម្រេចបានយ៉ាងពេញលេញនូវការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀង ATIGA, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង RCEP។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូត គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA), កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជា ហើយអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ។ ឯកអគ្គរាជទូត សង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយដែលនឹងអភិវឌ្ឍឡើងនាពេលខាងមុខ នឹងធ្វើឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕ ង៉ាន់ ទិត្យ