រដ្ឋមន្រ្តីការបរទេសកម្ពុជាទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីចប់អាណត្តិជម្រាបលា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរចំពោះ ការរួមចំណែករបស់ ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋ ទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជាដល់ចប់អាណត្តិ ថាបានបំពេញការងារ ជួយការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។
ការកត់សម្គាល់នេះក្នុងឱកាស ដែលឯកឧត្តម ឯកអគ្គរដ្ឋ ទូតចូល ជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ១០ ខែមករានេះ។

ប្រភពក្រសួងការបរទេសបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេល បច្ចុប្បន្ន រវាង ប្រជាជាតិទាំងពីរ។ឯកឧត្តម បានបញ្ជាក់ជាថ្មីអំពី តួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅ ក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមាន ប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរដ្ឋ ទូត Haseng បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនងទ្វេភាគី ដែល កំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការ។
ចំពោះវិស័យសេដ្ឋកិច្ច ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីរីករាយចំពោះ ការកើនឡើង នៃ ទំហំពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកក្តីសង្ឃឹមរួម ចំពោះ ការចាប់ដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បាន ពិភាក្សាអំពីលទ្ធភាពសម្រាប់ការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុងគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា រួមទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ឯកឧត្ដមឯកអគ្គរដ្ឋទូត បាន អបអរសាទរកម្ពុជាចំពោះតួនាទីដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈ ជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និងការ រៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេល នៃ កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើជាប្រធាន អាស៊ានរបស់ កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ ពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជាចំពោះតួនាទី របស់ ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ី ដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ៕ ដោយ៖ សួង ពិសិដ្ឋ