សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះអនុស្សរណៈ ជាមួយវិស័យ ឯកជន ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិត ១០០កន្លែង ក្នុងមួយឆ្នាំ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ( RUPP) និងធនាគារ អ៊ូរី បានចុះអនុស្សរណៈនៃការ យោគយល់គ្នា ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ស្មើនឹងប្រាំម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដល់និស្សិតថ្នាក់បរិញ្ញាបត្រ លើ មុខវិជ្ជាឯកទេសសំខាន់ៗរួមមានកម្មវិធីបង្កើតថ្មី និងមានស្រាប់ ដូចជា នគរូបនីយកម្ម និងការអភិវឌ្ឍក្រុងប្រកបដោយចីរភាព, ការអភិវឌ្ឍសេដ្ឋកិច្ច, ការអភិវឌ្ឍសហគមន៍, វិទ្យាសាស្ត្រកុំព្យូទ័រ, ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងគណិតវិទ្យា។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី ។

ក្នុងឱកាសនេះ លោក គីម ហុងជូ បានមានប្រសាសន៍ថា ធនាគារ អ៊ូរីមើលឃើញពីសារៈសំខាន់នៃការអប់រំដែលជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ការភិវឌ្ឍប្រទេសកម្ពុជា។ គោលដៅរបស់ធនាគារ គឺការរីក ចម្រើនប្រកបដោយចីរភាពជាមួយកម្ពុជា។ ដូច្នេះហើយ ការជួយ ជ្រោមជ្រែងទៅដល់វិស័យអប់រំនៅកម្ពុជា គឺជាផ្នែកមួយនៃ កម្មវិធី ទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។

ថ្លែងក្នុងពិធីនេះដែរលោកសាកលវិទ្យាធិការ ជេត ជាលី បាន បញ្ជាក់ថា “ចក្ខុវិស័យរបស់យើងឆ្ពោះទៅឆ្នាំ២០២៣០ គឺដើម្បី ក្លាយ ជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជា និងមានគោល ជំហរ ក្នុងតំបន់ក្នុងការបង្រៀន និងរៀន ការស្រាវជ្រាវ និងនវានុវត្ត និងការចូលរួមសកម្មភាពក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះសាលាបានដាក់ចេញ នូវគោលដៅចំនួន ប្រាំ រួមមាន៖១. លើកកម្ពស់ការបង្រៀន និងការរៀន.២. លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត .៣. ការអភិវឌ្ឍភាពជាពលរដ្ឋល្អ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ,៤.លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការថែរក្សា វប្បធម៌កម្ពុជា និងបេតិកភណ្ឌធម្មជាតិ និង ៥. ដើម្បីពង្រីក ការចូល រួមសកម្មភាពសង្គម” ។

លោកសាកលវិទ្យាធិការ បានបញ្ជាក់ថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺជាការចាប់ផ្តើមនៃការសហការដ៏យូរ អង្វែងរវាង ធនាគារ អ៊ូរី និងសាកលវិទ្យាល័យភូមិន្ទពេញ ដើម្បីសំរេចបាននូវគោលដៅរួម ដើម្បីការការអភិវឌ្ឍប្រកប ដោយចីរភាពរបស់កម្ពុជា ៕ ដោយ៖ វណ្ណលុក
