កូនឈើប្រណីតជាង៥០០ដើម និងកូនត្រីចម្រុងជាង១០ម៉ឺនក្បាល ត្រូវបានដាំ និងលែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

កូនឈើគ្រញូងជាង៤០០កូន និងគគីរជាង១០០កូន រួមនឹងកូនត្រីចម្រុះជាង១០ម៉ឺនក្បាល ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ អញ្ជើញយកទៅដាំ និងលែង នៅស្រុកស្ទឹងហាវ និងនៅមណ្ឌលអភិរក្សព្រៃឈើ វត្តប្រាសាទបន្ទាយទ័ព ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ ពិធីដាំដើមឈើ និងលែងកូនត្រីនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ូវណ្ណា ហ្គោនទ្បែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា បច្ចុប្បន្ន ពិភពលោកមានការបាត់បង់ព្រៃឈើយ៉ាងច្រើន ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស ដែលតម្រូវឲ្យយើងទាំងអស់គ្នាចូលរួមថែរក្សា និងដាំដើមឈើឡើងវិញ ព្រោះព្រៃឈើបានផ្តល់អត្ថប្រយោជន៏ច្រើនណាស់ ដូចជា ផ្តល់ជាជម្រកសម្រាប់សត្វព្រៃ បក្សាបក្សីគ្រប់ប្រភេទ ទាក់ទាញទឹកភ្លៀង និងជារនាំងជួយទប់ស្កាត់នូវខ្យល់ព្យុះជាដើម។

ពិសេសជាងនេះទៅទៀត ក្រៅពីផ្តល់នូវអនុផលជាច្រើន ព្រៃឈើគឺជាភ្នាក់ងារតែមួយគត់ក្នុងការស្រូបយកឧស្ម័នកាបូនិក ពីបរិយាកាស រួចបញ្ចេញមកវិញនូវអុកស៊ីសែន ដើម្បីទ្រទ្រង់ដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិគ្រប់ប្រភេទឲ្យបន្តនិរន្តរភាពជារៀងរហូត។ ម្យ៉ាងទៀត ការដាំដើមឈើនៅស្រុកស្ទឹងហាវ និងមណ្ឌលអភិរក្សព្រៃឈើវត្តប្រាសាទបន្ទាយទ័ព ខេត្តព្រះសីហនុនេះ គឺវាស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែជំរុញ និងបំផុសឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើឡើងវិញ ដើម្បីរក្សានូវបរិស្ថានបៃតង និងនិរន្តរភាពនៃជីវៈចម្រុះគ្រប់ប្រភេទ។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការក្តៅក្នុងការបង្ក្រាប និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដើម្បីរក្សាថែរក្សាព្រៃឈើរបស់យើងឲ្យនៅគង់វង្ស។

បន្ទាប់ពីដាំកូនឈើរួច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងអ្នកចូលរួមទាំងអស់ បានអញ្ជើញលែងកូនត្រីជាង១០ម៉ឺនក្បាល ក្នុងនោះមានកូនត្រីប្រា ត្រីព្រលូង  និងត្រីអណ្តែង ចូលទៅក្នុងអាងស្តុកទឹក នៃមណ្ឌលអភិរក្សព្រៃឈើវត្តប្រាសាទបន្ទាយទ័ព ខេត្តព្រះសីហនុ ស្ថិតក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់យ៉ាងខ្លាំងដល់ផលស្តុកធនធានជលផល រួមទាំងស្ថានភាពប្រែប្រួលធនធានទឹក ដែលធ្វើឲ្យបរិមាណ ទឹកមិនអាចផ្តល់ឱកាសនៃការរីកលូតលាស់ធំធាត់ដល់ត្រី ទៅតាមលក្ខខណ្ឌធម្មជាតិរបស់វា ជាពិសេសនៅតាមបឹង ទន្លេ ស្ទឹង។ល។

ឯកឧត្តម បានបញ្ជាក់ថា ត្រី គឺជាប្រភពអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋយើង ដោយបានរួមចំណែកដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏សំបូរបែប ព្រមទាំងផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាគ្រប់រូប។ ប៉ុន្ដែបច្ចុប្បន្ននេះ ធនធានជលផលកំពុងទទួលរងសម្ពាធនេសាទ និងកត្តាមួយចំនួនបានបង្កើនសម្ពាធលើធនធានជលផល ដូចជាការប្រើឧបករណ៍នេសាទល្មើសច្បាប់ ការប្រែក្លាយតំបន់ព្រៃលិចទឹកទៅជាផ្ទៃដីកសិកម្ម ការទន្ទ្រានយកដីនៅក្នុងតំបន់ឈើព្រៃលិចទឹក ធ្វើជាអុស និងការនេសាទខុសច្បាប់ ការកើនឡើងនូវការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត និងការប្រែប្រួលនៃបរិស្ថានធនធានធម្មជាតិ។ល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួង មន្ទីរពាក់ព័ន្ឋ និងអាជ្ញាធរដែនដី ត្រូវខិតខំថែរក្សាព្រៃឈើ ក៏ដូចជាត្រី ឲ្យមានគង់វង្ស ដោយធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនូវបទល្មើសព្រៃឈើ និងបទល្មើសនេសាទគ្រប់ប្រភេទ។

ជាមួយគ្នានោះ លោកស្រី ស៊ូវណ្ណា ហ្គោនទ្បែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយក្នុងការចូលរួមដាំដើមឈើ និងលែងកូនត្រីនៅថ្ងៃនេះ និងបានសន្យាថា នឹងបន្តកិច្ចសហការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់នោះជាបន្តទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner