កម្ពុជា-តួកគីពិភាក្សាគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់មួយពាន់លានដុល្លារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រទេសកម្ពុជានិងប្រទសតួកគី ផ្ដើមត្រួសត្រាយផ្លូវ ក្នុង មហិច្ឆតាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់មួយពាន់លានដុល្លារ។នេះបើតាមកិច្ចប្រជុំការងារបច្ចេកទេសរវាងកម្ពុជា និងតួកគី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ភាគីទាំងពីរបានប្តេជ្ញារចិត្តសម្រេចបាននូវគោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់មួយពាន់លានដុល្លារអាមេរិក តាមរយៈការពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្ម និងការតជើងហោះហើរត្រង់រវាងប្រទេស ទាំងពីរនាពេលខាងមុខ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធានសម្រាប់ភាគីកម្ពុជា និងដឹកនាំកិច្ចប្រជុំ បច្ចេកទេស ទ្វេភាគី ជាមួយលោកស្រី ម៉េតាប អាថាខាន អូសខាន (Mehtap ATAKAN ÖZKAN) អគ្គនាយករងនៃក្រសួង ពាណិជ្ជកម្មតួកគី និងជាសហប្រធានសម្រាប់ភាគីតួកគី បានពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែមករានៅរាជធានីភ្នំពេញ។

ប្រភពពីក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ភាគីទាំងពីរបាន ពិភាក្សានិងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្ដប់លើវិស័យ និងអនុវិស័យអាទិភាព រួមមាន៖« ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និង វិស័យពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងដើម្បីជំរុញនិង ទាញ អត្ថប្រយោជន៍អតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី»។

ប្រភពដដែលបន្តថា៖ «ភាគីទាំងពីរ បានពិនិត្យលទ្ធភាព បង្កើត កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការតជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីសម្រេចបាននូវ គោលដៅ ក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឱ្យ ឈានដល់១ ០០០លានដុល្លារអាមេរិក»។

ក្រៅពីកិច្ចប្រជុំរវាងរដ្ឋនិងរដ្ឋហើយសភាពាណិជ្ជកម្ពុជាក៏គ្រោងនឹងជួបប្រជុំជាលើកទី៣ ជាមួយក្រុមប្រឹក្សាធុរកិច្ច តួកគី-កម្ពុជា និង រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងតួកគី ដើម្បីពិភាក្សាលើ ការ ស្វែងរកឱកាសវិនិយោគ ធុរកិច្ចទៅវិញទៅមក។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្ម កម្ពុជា បានបញ្ជាក់បន្ថែមថា ៖« យើងនឹងបង្ហាញពីសក្តានុពល នៃការ វិនិយោគនៅកម្ពុជាដល់ភាគីតួកគី ជាពិសេសការបង្ហាញ ពីច្បាប់ វិនិយោគថ្មីរបស់កម្ពុជា និងបន្តកិច្ចពិភាក្សាសំខាន់មួយចំនួន ជុំវិញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសតួកគី ជាសមាជិកសហភាពអឺរ៉ុប ដែលសេដ្ឋកិច្ចលូតលាស់ខ្លាំងគួរសម ទាំងវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម ប៉ុន្តែបើក្រឡេកទៅ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហាក់នៅមាន កម្រិតទាបនៅឡើយ។
លោកបានបន្ថែមថា ដោយសារតែកម្ពុជា នៅមានការអនុគ្រោះ ពីសហភាពអឺរ៉ុប តាមរយៈEBA ក្នុងនាមតួកគីជាសមាជិក សហគមន៍នេះ បើសិនជាកម្ពុជាបានភ្ជាប់ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះកាន់តែច្រើន នឹងអាច ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន។

លោកបានបញ្ជាក់ថា៖« យើងរំពឹងថា នឹងទទួលបានផ្លែផ្កាច្រើន ពីជំនួបកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីនេះ ជាពិសេសកិច្ចសហការទ្វេភាគីលើវិស័យសំខាន់ៗដូចជា កសិកម្ម ពាណិជ្ជកម្មនិងឧស្សាហកម្មជាដើម»។

ទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគី សម្រេចបានប្រមាណ ១៣៦,១៥ លានដុល្លារ ជាមួយ នឹងកំណើនប្រមាណ ៦៣,៦ភាគរយ បើធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះ ទំនិញនាំចេញសក្តានុពល ពីកម្ពុជា ទៅតួកគី រួមមាន៖ សំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង ឆ័ត្រ សម្ភារៈធ្វើដំណើរ ជាដើម។ រីឯទំនិញនាំចូលសក្តានុពល ពីតួកគីមកកម្ពុជា រួមមាន៖ គ្រឿងម៉ាស៊ីន កប្បាស ផលិតផល ឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក ជាដើម៕
ដោយ៖វណ្ណ សុជាតា

ads banner