សហគ្រាសឯកជនពីរម៉ឺនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាមួយទំហំទុនវិនិយោគជាង៥,៨៣ពាន់លានដុល្លារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គភាពអាជីវកម្មពីរម៉ឺនបានចុះបញ្ជីអាជីវកម្មតាមថ្នាល បច្ចេកវិទ្យាព័ត៌មាន ដែលទំហំទុនវិនិយោគសរុបជាង៥,៨៣ពាន់ លានដុល្លារគិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ នេះបើតាម ការផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រភពដដែលបញ្ជាក់ថា ទំហំដើមទុនវិនិយោគសរុបសម្រាប់ ក្រុមហ៊ុនដែលទទួលបានការចុះបញ្ជីតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រេចបានក្នុងទឹកប្រាក់ សរុបជិត ៥,៨៣ លានដុល្លារ ខណៈក្រុមហ៊ុន ចុះបញ្ជីមានចំនួន ២០ ៨០៩ក្រុមហ៊ុន និងនាមករណ៍បម្រុងទុក មានចំនួន ១៣ ០៦៨ នាក់។
យោងតាមការចេញផ្សាយរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា៖« សកម្មភាពអាជីវកម្មទាំងប្រាំដែលមានដើមទុនចុះបញ្ជីធំជាងគេ រួមមាន ការសាងសង់អគារ ១៧ភាគរយ ស្មើ៩៧៧លានដុល្លារ ,សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ១២ភាគរយ ស្មើនឹង៧២២លានដុល្លារ, សកម្មភាព ពិគ្រោះយោបល់ ផ្នែកគ្រប់គ្រង ៥ភាគរយ ស្មើ២៩៧លានដុល្លារ ,កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោម សត្វ៥ភាគរយ ស្មើនឹង២៨២លានដុល្លារ ,ការលក់ដុំឯកទេស ផ្សេងៗ ៤ភាគរយ ស្មើនឹង២៦០លានដុល្លារ និងសកម្មភាព អាជីវកម្មផ្សេងៗទៀត ៥៦ភាគរយ ស្មើនឹង ៣,២៩ពាន់លាន ដុល្លារ»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន ប្រាប់ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រលើការបង្កើត ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ តាំង ពីដំបូងមកម្ល៉េះ ព្រោះថា ប្រព័ន្ធCamDX ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់វិនិយោគទាំងអស់នៅកម្ពុជា។

លោកបានបញ្ជាក់ថា៖« ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ដែល ក្រសួង សេដ្ឋកិច្ចបានបង្កើតឡើង គឺចំពេល ដែលវិបត្តិកូវីដ១៩ បានផ្ទុះឡើង ដូចនេះប្រព័ន្ធពិតសម្រួលបានច្រើន ណាស់ ដល់អ្នករកស៊ី។នេះជាការកែទម្រង់យ៉ាងស៊ីជម្រៅ ផ្នែកសេដ្ឋកិច្ច ដោយបានកាត់បន្ថយ ការិយាធិបតេយ្យបានច្រើនគួរឱ្យ កត់ សម្គាល់។នៅជំហានបន្ទាប់ទៀត យើងរំពឹង ប្រព័ន្ធនឹងបន្តការ អភិវឌ្ឍមុខងារសំខាន់បន្ថែមទៀត ដើម្បីសម្រួលបានកាន់តែ ច្រើនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា»។

លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃអចលនទ្រព្យកម្ពុជា បានឱ្យដឹងដែរថា រាជរដ្ឋាភិបាល បានតម្រូវចុះបញ្ជីតាមប្រព័ន្ធចុះ បញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលជាការធ្វើទំនើប កម្មតាមបែបឌីជីថល ធ្វើឱ្យម្ចាស់អាជីវកម្មនានា ចំណេញពេល វេលា ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ ថែមទាំងផ្តល់នូវ ព័ត៌មានជាក់លាក់មួយ សម្រាប់អ្នកចុះបញ្ជី។

លោកបានបញ្ជាក់ថា៖« ដូចនេះថ្នាលបច្ចេកវិទ្យាព័ត៌មាន នេះជា មូលដ្ឋានគ្រឹះសម្រាប់យើង ថ្វីត្បិតតែដំបូងមានជួបការលំបាកខ្លះ ប៉ុន្តែនាពេលអនាគត ថ្នាលនេះនឹងដើរតួនាទីកាន់តែសំខាន់ ដែលអាចជួយឱ្យយើងរក្សាទុកទិន្នន័យបានល្អប្រសើរជាងមុន»។
ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នេះ មានពីរដំណាក់កាល រួចមកហើយ ដោយ ដំណាក់កាលទី ១ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ អស់រយៈពេលពីរឆ្នាំកន្លងមក គឺរាប់ចាប់ពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ ។ ដំណាក់កាលទី ១ នេះ គឺជាការចុះបញ្ជី ជា ខ្សែច្រវាក់ជាមួយក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក្នុងករណីជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធុរជនក៏អាចស្នើ សុំចុះបញ្ជីនៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាផងដែរ ។

រីឯដំណាក់កាលទី ២ ដែលត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តោតលើការផ្តល់អាជ្ញាបណ្ណជំនាញពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង និយ័តករអាជីវកម្មអចលនទ្រព្យ និង បញ្ចាំ នៃអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានកែ ទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោល បំណងលើកស្ទួយភាពប្រកួតប្រជែង និង លើកកម្ពស់បរិយាកាស ធុរកិច្ច និងវិនិយោគ នៅកម្ពុជា ជាពិសេសនៅអំឡុងពេលវិបត្តិ កូវីដ១៩នេះ ។ ប្រព័ន្ធនេះ នឹងបន្តដំណើរការនៅដំណាក់កាលទី ៣ នៅពេលឆាប់ៗខាងមុខនេះ៕
ដោយ៖វណ្ណ សុជាតា

ads banner