រដ្ឋមន្ត្រី ក្រសួងអប់រំបានវាយតម្លៃខ្ពស់ដល់ការអនុវត្តជាគំរូបំណិនរកចំណូលរបស់សាលារៀន និងបានផ្តាំផ្ញើឱ្យសាលារៀនផ្តោតការខំប្រឹងប្រែងទាំងលើការបង្រៀន និងរៀនតាមបែបចម្រុះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ

កំពង់ធំ៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានធ្វើទស្សនកិច្ចសិក្សា ពិនិត្យមើលការអនុវត្ត ការគ្រប់គ្រងសាលារៀន ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ការរៀនសូត្ររបស់សិស្សានុសិស្ស និងការចូលរួមរបស់សហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក ខេត្តកំពង់ធំ ដែលជាវិទ្យាល័យប្រកបដោយឧត្តមានុវត្តមួយលើការអនុវត្តគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា (២០១៨-២០២២) និងគម្រោងកែលម្អការអប់រំចំណេះទូទៅ (២០២៣-២០២៦)កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់តំណាងអាជ្ញាធរមូលដ្ឋានគ្រប់ស្រទាប់ តំណាងសហគមន៍ ព្រះសង្ឃដែលជាប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងតំណាងសិស្សានុសិស្សទាំងអស់ ប្រមាណជាង ១០០នាក់។

ក្នុងឱកាសនោះ មន្ត្រីដឹកនាំគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា គម្រោងកែលម្អការអប់រំចំណេះទូទៅ និងគណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញពីសកម្មភាពគន្លឹះ លទ្ធផលសិក្សាល្អប្រសើររបស់សាលារៀន និងការចូលរួមរបស់សហគមន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ ដល់ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានគ្រប់ស្រទាប់ សហគមន៍ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលសហការគ្នាល្អក្នុងការធ្វើឱ្យដំណើរសាលារៀន ក្រោមបរិបទកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានលទ្ធផលគួរជាទីមោទនា។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ការអនុវត្តជាគំរូបំណិនរកចំណូលរបស់សាលារៀន និងបានផ្តាំផ្ញើឱ្យសាលារៀនផ្តោតការខំប្រឹងប្រែងទាំងលើការបង្រៀន និងរៀនតាមបែបចម្រុះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner