សម្តេចតេជោ ហ៊ុន សែន៖ លោក គង់ គាំ ទទួលស្គាល់ការពិត ផ្ទះនិងដី នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចពុំដែលបានសម្រេចប្រគល់ផ្ទះ និងដី ដែលលោក គង់ គាំ ស្នាក់នៅបច្ចុប្បន្ន ឱ្យធ្វើជាកម្មសិទ្ធិឯកជននោះឡើយ ។ ការចេញមកបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក គង់ គាំ បានធ្វើលិខិតបំភ្លឺពីប្រវត្តិនៃការចូលរស់នៅក្នុងផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ស្ថិតនៅតាមបណ្តោយវិថីព្រះសុធារស សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំចាំថា ពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក។”
សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួន ផ្ញើទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺ ជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។ ដូចនេះ តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ។
សូមជម្រាបថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក គង់ គាំ បានផ្ញើលិខិតបំភ្លឺមួយច្បាប់ជូនមកបណ្តាញព័ត៌មានដោយស្នើសុំការបំភ្លឺពាក់ព័ន្ធ រឿងផ្ទះមួយកន្លែងរបស់លោក ស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅក្នុងលិខិតបំភ្លឺរបស់លោក គង់ គាំ បានសរសេររៀបរាប់ពីដំណើររឿងមុនចូលស្នាក់នៅក្នុងផ្ទះ និងទទួលបានការយោគយល់ ពីរដ្ឋមន្រ្តីការបរទេសផងដែរ។ ក្រៅពីការរៀបរាប់លោក គង់ គាំ ក៏បានទទួលស្គាល់ថា រដ្ឋមន្រ្តីក្រសួងការបរទសកាលពីសម័យនោះគឺសម្តេចតេជោ ហ៊ុន សែន បានយោគយល់អនុញ្ញាតឲ្យលោក គង់ គាំ ស្នាក់នៅ។
លោក គង់ គាំ បានបញ្ជាក់ថា «ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»៕ ដោយ វណ្ណលុក


