ឆ្នាំ២០២៣៖ស៊ីម៉ាក់មានផែនការរំដោះផ្ទៃដីចម្ការមីន និងចម្ការ គ្រាប់ជាង២៦០គីឡូម៉ែត្រក្រឡានៅឆ្នាំនេះ

ភ្នំពេញ៖ស៊ីម៉ាក់មានផែនការរំដោះផ្ទៃដីចម្ការមីននិងចម្ការ គ្រាប់ ជាង២៦០គីឡូម៉ែត្រក្រឡានៅឆ្នាំ២០២៣ខណៈសកម្មភាពបោសសម្អាតមីននិងសំណល់យុទ្ទភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់(CMAC)ឆ្នាំ២០២២កន្លងទៅសម្រេចបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានជាង១៩៤គីឡូម៉ែត្រក្រឡា។សមិទ្ធផល នេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់និងប្រយោលដល់ប្រជាពលរដ្ឋជាងបីម៉ឺនគ្រួសារ។នេះជាតួលេខដែលបានបង្ហាញ នៅក្នុង សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើក ទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករានាទីបញ្ជាការស៊ីម៉ាក់ភ្នំពេញក្រោមអធិបតី ភាពឯកឧត្តម ហេង រតនាអគ្គនាយកស៊ីម៉ាក់និងមានការចូលរួមពីថ្នាក់ដឹកនាំមកពីកងឯកភាពនិងអង្គភាព ជំនាញនានា។

របាយការណ៍ដែលបានបញ្ជាក់ក្នុងសិក្ខាសាលាឱ្យដឹងថាកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ឆ្នាំ២០២២កន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានជាង១៩៤គីឡូម៉ែត្រក្រឡាស្មើនឹង៩១,៤ភាគរយគិតជាតំបន់ចម្ការមីនមានចំនួយជាង៣៤០និងរំដោះភូមិគ្មានមីនបានចំនួន១៦៨ភូមិនិងរំដោះខេត្តគ្មានមីនចំនួន៩ខេត្ត/រាជធានី។ក្នុងនោះរុករកឃើញ និងកម្ទេចចោល គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបាន ចំនួន ៦១.៤៧៧ គ្រាប់។

ប្រភពស៊ីម៉ាក់បន្តថាលទ្ធផលបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់និងប្រយោលដល់ប្រជាពលរដ្ឋជាងបីម៉ឺនគ្រួសារសម្រាប់ដីលំនៅដ្ឋាន ដីកសិកម្មនិងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ទន្ទឹមនឹងនេះ ក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ ក្រុមគោលដៅ បានចំនួន២២.៧៦៥លើកមានមនុស្សចូលរួមសរុបចំនួន ១.៣៤២.៧៩៤នាក់។

បន្ទាប់ពីការពិភាក្សានិងការតម្រង់ទិសពីឯកឧត្តមប្រតិភូបានកំណត់ថាក្នុងឆ្នាំ២០២៣នេះអង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមាននិងចម្ការគ្រាប់ចំនួនជាង២៦៨គីឡូម៉ែត្រក្រឡានិងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ៣០០គីឡូម៉ែត្រក្រឡានិងត្រៀមឆ្លើយតបតាមសំណើរសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ។នេះជាទិសដៅផែនការដែលបាន លើក ឡើង ក្នុងសិក្ខាសាលា។

ទន្ទឹមគ្នានេះដែរអង្គភាពស៊ីម៉ាក់នឹងត្រៀមខ្លួនផងដែរដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូបទពិសោធន៍លើវិស័យសកម្មភាព មីនជាមួយនឹងប្រទេសដែលរងផលប៉ះពាល់ដោយសារ គ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕ដោយ៖គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner