ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមអនុវត្តគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមអនុវត្តគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការ អប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) ព្រមទាំងធ្វើបទបង្ហាញពីសមាសភាពមន្ត្រីអនុវត្តគម្រោង និងសង្ខេបពីខ្លឹមសារគម្រោង ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវអនុសាសន៍សំខាន់ៗដល់មន្ត្រីអនុវត្តគម្រោង ត្រូវអនុវត្តការងារដោយប្រើប្រាស់ទាំងជំនាញរឹង និងជំនាញទន់ដែលរួមមាន សមត្ថភាព ស្មារតីក្រុម ការប្ដេជាចិត្ត និងត្រូវមានសុខភាពល្អ ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ត្រូវមានការរៀបចំទីតាំងធ្វើការសម្រាប់ផ្នែកនីមួយៗ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់មន្ត្រីអនុវត្តគម្រោង និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញការងារដើម្បីទទួលបានលទ្ធផលល្អ។

សូមជម្រាបថា ម្រោង STEP UP មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៣-២០២៨ ដែលផ្ដោតលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកកម្ពស់ការអប់រំ STEM ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ៕ ដោយ-រ៉ាវុធ


