ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មាន អញ្ចើញជួបប្រជុំពិភាក្សាការងារជាមួយ លោកបណ្ឌិត Amiya Bhaumik ប្រធានសាកលវិទ្យាល័យ Lincoln នៃប្រទេសម៉ាឡេស៊ី
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មាន បានអញ្ចើញជួបប្រជុំជាមួយ លោក បណ្ឌិត Amiya Bhaumik ប្រធានសាកលវិទ្យាល័យ Lincoln នៃប្រទេសម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ។

ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៏លើកឡើងអំពីចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី លើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ឯកឧត្តម បានជម្រាបជូនភ្ញៀវថាក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកវិស័យព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តតួនាទីស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងកសាងជាតិមាតុភូមិ។

ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ ដើម្បីសម្របសម្រួលទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស សម្រាប់ជូនមន្ត្រីរាជការក្នុងក្រសួង។ ទន្ទឹមនេះ គណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មាន ក៏មានទស្សនៈវិស័យក្នុងការផ្តល់អាហារូបករណ៍ជូនមន្ត្រីរាជការនៃក្រសួងដទៃទៀតផងដែរ។

ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងឡាយ សំដៅជំរុញ និងអភិវឌ្ឍន៍វិស័យព័ត៌មាន និងផ្សព្វផ្សាយនៅកម្ពុជា តាមរយៈការលើកកម្ពស់ធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

ឯកឧត្តម សុខ ប្រសិទ្ធិ បានវាយតម្លៃថាកិច្ចប្រជុំពិភាក្សាគ្នានាឱកាសនេះ នឹងក្លាយជាឱកាសដ៏ល្អបន្ថែមទៀតរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការតាមរយៈការទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សាលើជំនាញនានា។

លោក បណ្ឌិត Amiya Bhaumik មានប្រសាសន៍ថា លើកឡើងអំពីគម្រោងនានារបស់សាកលវិទ្យាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្នុងនោះក៏នឹងមានការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ជូនដល់ក្រសួងព័ត៌មាន នាពេលខាងមុខផងដែរ។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា តាមគម្រោងអាចបង្កើតសាកលវិទ្យាល័យ ឬសហការជាមួយសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីសិក្សាគឺអាចបន្តទៅសិក្សានៅក្រៅប្រទេសបន្ថែមទៀតដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ Lincoln។
ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ ភាគីទាំងពីរ បានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ និងវិស័យផ្សេងទៀត រួមជាមួយចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនាមជាសមាជិកអាស៊ាន ៕ ដោយ-រ៉ាវុធ