អាមេរិកនឹងបង្កើនចំនួនមីស៊ីលប្រឆាំងនាវានៅជប៉ុន

អាមេរិក៖សហរដ្ឋអាមេរិកនឹងបង្កើនមីស៊ីលប្រឆាំងនាវារបស់ ខ្លួននៅក្នុងប្រទេសជប៉ុន ដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដ៏ទូលំទូលាយដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិន ខណៈភាពតានតឹងភូមិសាស្រ្តនយោបាយបានក្នុងតំបន់បន្តកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពពីមន្ត្រីអាមេរិកបីរូបកាលពីថ្ងៃអង្គារ ទី ១១ មករា។

រ៉យទ័របានចុះផ្សាយដោយមិនប្រាប់អត្តសញ្ញាណប្រភពថា មីស៊ីល ប្រឆាំងនាវានឹងដឹកទៅដល់ជប៉ុនក្រោមការគ្រប់គ្រងរបស់កងវរសេនាធំកងម៉ារីន ដែលមានកងកម្លាំងចំនួន ២០០០ នាក់ ធ្វើការ ទទួល ខុសត្រូវលើការស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ ការឃ្លាំមើល និងការដឹកជញ្ជូន។ សកម្មភាពនេះ រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥ ។

ក្រុមមន្ត្រីទាំងនោះបានបន្ថែមថា អង្គភាពយោធាអាមេរិកដាច់ ដោយឡែកមួយទៀត ដែលមានទាហានប្រហែល ៣០០ នាក់ និងនាវាចំនួន ១៣ គ្រឿង នឹងត្រូវដាក់ពង្រាយនៅនិទាឃរដូវខាង មុខនេះ ដើម្បីជួយដឹកជញ្ជូនទាហាន និងសម្ភារៈយោធារបស់ សហរដ្ឋអាមេរិក និងជប៉ុន ដែលនឹងសម្រួលដល់ការបំបែកកង កម្លាំងឱ្យបានឆាប់រហ័ស។

បន្ថែមពីលើនេះ រ៉យទ័របានគូសបញ្ជាក់ថា ទោះបីជាចំនួនកងទ័ព អាមេរិក នៅជប៉ុននឹងមិនមានការផ្លាស់ប្ដូរក៏ដោយ ការដាក់ពង្រាយ ថ្មីអាចនឹងមានក្នុងសេចក្តីប្រកាសបន្តបន្ទាប់គ្នានៅឆ្នាំ២០២៣ ស្តីពីកងកម្លាំងយោធាអាមេរិកនៅតំបន់អាស៊ី ក្នុងគោលបំណង ធ្វើយ៉ាងណាឱ្យក្រុងប៉េកាំងគិតច្បាស់លាស់មុនចាប់ផ្ដើមជម្លោះណាមួយ ជាពិសេសក្នុងសេណារីយ៉ូដែលថាប្រទេសនេះ ឈ្លាន ពានតៃវ៉ាន់។

ជាមួយគ្នានេះផងដែរ កិច្ចព្រមព្រៀងស្ដីពីការសម្រួលវត្តមាន កងទ័ពអាមេរិកនៅជប៉ុន គ្រោងថានឹងប្រកាសនៅថ្ងៃពុធ បន្ទាប់ ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន រវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin រដ្ឋមន្ត្រីការបរទេសលោក អង់ថូនី ប្ល៊ីងខិន ជាមួយសមភាគីជប៉ុន។ លោក Austin ក៏គ្រោងនឹងជួបជាមួយ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada នៅថ្ងៃ ព្រហស្បតិ៍នៅមន្ទីរបញ្ចកោណផងដែរ មុនពេលប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា នៅថ្ងៃសុក្រ។

គួរកត់សម្គាល់ថា សកម្មភាពចុងក្រោយរបស់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពីជប៉ុនកាលពីខែមុន បានបង្ហាញការស្ដារវិស័យ ការពារជាតិដ៏ធំបំផុតរបស់ខ្លួនមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលរួមបញ្ចូលទាំងការបង្កើនការបង្កើនការ ចំណាយផ្នែកយោធា ដោយសម្អាងលើការគំរាមកំហែងរបស់ចិន។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារថា សម្ព័ន្ធភាពជប៉ុន-អាមេរិក គួរតែប្រាកដថាមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ភាគីទី៣ និងសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជប៉ុនដែលមានវត្តមានទ័ពអាមេរិកក្នុងប្រទេសជាង ៥៤ ០០០ នាក់ បានឃ្លាំមើលសកម្មភាពរបស់ចិនជុំវិញកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងទទូចទាមទារថាជាទឹកដីរបស់ខ្លួន។ ជប៉ុន និងតៃវ៉ាន់ មិនមានទំនាក់ទំនងការទូតជាផ្លូវការនោះទេ ប៉ុន្តែបានរក្សាទំនាក់ទំនងក្រៅផ្លូវការយ៉ាងជិតស្និទ្ធ ហើយបាន សម្ដែង ការព្រួយបារម្ភរួមគ្នាចំពោះការបង្កើនសកម្មភាពយោធា របស់ចិន៕ ដោយ៖ ហួន ឌីណា

ads banner